ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា បដិសេធយ៉ាងដាច់អហង្ការចំពោះអំណះអំណាងរបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ Sabeeda Thaised កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ដូចដែលបានចុះផ្សាយនៅក្នុងកាសែត Khaosod ដោយបានអះអាងថា៖

ទី១. ប្រាសាទខ្នារ និងប្រាសាទតាក្របី ស្ថិតនៅក្នុងទឹកដីថៃ ទី២. ភាគីថៃបានចុះប្រាសាទទាំងនេះនៅក្នុងបញ្ជីបេតិកភណ្ឌជាតិ ព្រមទាំងបានចាត់វិធានការរដ្ឋបាលនានាដើម្បីគ្រប់គ្រងថែរក្សា និងអភិរក្សតាមរយៈច្បាប់ជាតិផ្ទៃក្នុងរបស់ខ្លួន និងទី៣. ដោយផ្អែកលើមូលដ្ឋាននេះ ភាគីថៃបដិសេធមិនព្រមប្រគល់វត្ថុសិល្បៈដែលបានយកចេញជាឯកតោភាគីពីតំបន់ប្រាសាទខាងលើដោយយកលេសថាការប្រមូលវត្ថុសិល្បៈចេញពីតំបន់ប្រាសាទនេះគឺដើម្បីសិក្សា ថែរក្សា និងអភិរក្ស។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមបដិសេធយ៉ាងដាច់អហង្ការនូវការអះអាងដោយគ្មានមូលដ្ឋាន និងពុំស្របតាមច្បាប់អន្តរជាតិខាងលើនេះ ហើយសូមធ្វើការបញ្ជាក់ និងសង្កត់ធ្ងន់លើចំណុចមួយចំនួនដូចខាងក្រោម៖

ទី១. ប្រាសាទខ្នារ ប្រាសាទតាក្របី រួមទាំងប្រាសាទមួយចំនួនទៀតដែលស្ថិតនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ហើយដែលកំពុងគ្រប់គ្រងដោយខុសច្បាប់ដោយយោធាថៃ គឺជាប្រាសាទដែលត្រូវបានកសាងឡើងដោយបុព្វបុរសខ្មែរ និងមានទីតាំងស្ថិតនៅក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា អនុលោមតាមផែនទីមាត្រដ្ឋាន ១:២០០ ០០០ ដែលជាលទ្ធផលនៃការងារខណ្ឌសីមារបស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម ដែលបង្កើតឡើងស្របតាមស្មារតីនៃអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ហើយដែលភាគីថៃតែងទទួលស្គាល់ និងអនុវត្តជាបន្ដបន្ទាប់ដូចមានភស្ដុតាងបញ្ជាក់នៅក្នុង TOR ឆ្នាំ២០០៣ និងឯកសារកំណត់ហេតុបច្ចេកទេសនានា ដែលបានឯកភាពគ្នានាពេលកន្លងមក។ សុពលភាពនៃផែនទីនេះត្រូវបានបញ្ជាក់ និងទទួលស្គាល់ដោយតុលាការយុត្តិធម៌អន្តរជាតិ កាលពីឆ្នាំ១៩៦២ និងឆ្នាំ២០១៣ ដែលភាគីថៃទទួលបរាជ័យក្នុងការជំទាស់ប្រសិទ្ធភាពនៃផែនទីនេះ។ បន្ទាប់ពីសង្គ្រាមឈ្លានពានរបស់ភាគីថៃមកលើកម្ពុជានៅតាមបណ្ដោយព្រំដែន កាលពីឆ្នាំ២០២៥កន្លងមក ភាគីថៃបានប្រកាសមិនទទួលស្គាល់សុពលភាពនៃផែនទីនេះ។

ទី២. ប្រសិនបើពិនិត្យមើលលើផែនទីខុសច្បាប់គូសជាឯកតោភាគីពីសំណាក់យោធាថៃ ដែលគ្មានតម្លៃគតិយុត្តក្រោមច្បាប់អន្តរជាតិ ផ្ទុយនឹងស្មារតីនៃសាលដីកាទាំងពីររបស់តុលាការ ICJ ហើយដែលភាគីកម្ពុជាតែងជំទាស់ប្រឆាំងនឹងផែនទីនេះ យើងសង្កេតឃើញថា បើទោះបីជាផែនទីសេរ៊ី L7017 ជាផែនទីខុសច្បាប់ក៏ដោយ ក៏ផែនទីនេះបានគូសប្រាសាទទាំងនេះដាក់ក្នុងដីកម្ពុជា។ នេះជាភស្ដុតាងដែលថៃខ្លួនឯងមិនអាចប្រកែកបាន។

ទី៣. សកម្មភាពនានាពាក់ព័ន្ធនឹងការចាត់វិធានការរដ្ឋបាល ដូចជាការចុះបញ្ជីប្រាសាទទាំងនេះនៅក្នុងបញ្ជីបេតិកភណ្ឌថៃ ព្រមទាំងលេសនានាលើការគ្រប់គ្រងអភិរក្ស និងថែរក្សាប្រាសាទទាំងនេះដោយគ្មានការឯកភាពពីភាគីកម្ពុជា គឺសុទ្ធតែជាសកម្មភាពដែលមានចេតនាបង្កើតអង្គហេតុសម្រេចលើដីជាក់ស្ដែង (Fait accompli) ហើយបើយោងតាមច្បាប់អន្តរជាតិ សកម្មភាពទាំងនេះមិនអាចបង្កើតបានជាការគ្រប់គ្រងស្របច្បាប់នោះទេ ហើយក៏មិនអាចនាំទៅដល់ការបង្កើតបាននូវសិទ្ធិមិនអាចបំពានបាននោះដែរ ហើយរឹតតែមិនអាចកែប្រែបូរណភាពនិងអធិបតេយ្យភាពស្របច្បាប់របស់កម្ពុជានោះទេ ដោយអនុលោមតាមគោលការណ៍ខ្សែបន្ទាត់ព្រំដែនមិនកែប្រែ (uti possidetis juris) ផែនទីព្រំដែនជាប្រវត្តិសាស្ត្រ សន្ធិសញ្ញានានា និងការព្រមព្រៀងនាពេលកន្លងមក។

ទី៤. សកម្មភាពប្រមូលវត្ថុសិល្បៈ ដែលស្ថិតនៅក្នុងទីតាំងនៃតំបន់ប្រាសាទ ដែលកំពុងកាន់កាប់ដោយខុសច្បាប់ពីសំណាក់យោធាថៃ និងដោយគ្មានការឯកភាពពីភាគីកម្ពុជា គឺជាការរំលោភបទដ្ឋានគតិយុត្តអន្តរជាតិជាធរមាន ជាអាទិ៍កាតព្វកិច្ចរបស់រដ្ឋភាគីស្ដីពីការហាមឃាត់នៃការប្រមូលវត្ថុសិល្បៈទោះស្ថិតនៅក្នុងទម្រង់ណាក៏ដោយ ចេញពីដែនដីនៃរដ្ឋអធិបតេយ្យមួយ ឬចេញពីតំបន់គ្រប់គ្រងខុសច្បាប់អនុលោមតាមអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ និងអនុសញ្ញាឆ្នាំ១៩៧២ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តនានារបស់អង្គការយូណេស្កូ ពាក់ព័ន្ធនឹងការអភិរក្សវត្ថុសិល្បៈ និងតំបន់ប្រាសាទ។

បន្ថែមពីនេះ សកម្មភាពខុសច្បាប់ទាំងនេះ ក៏ត្រូវបានចាត់ទុកថាជាសកម្មភាពដែលមានចេតនាកែប្រែបរិស្ថានព្រំដែន បំបាត់វត្ថុតាងបច្ចេកទេស និងធ្វើឱ្យខូចទ្រង់ទ្រាយដើមនៃតំបន់ព្រំដែន ដែលសកម្មភាពនេះគឺខុសទាំងស្រុងទៅនឹងប្រការ៥ នៃ MOU ឆ្នាំ២០០០ ហើយមានតែយន្តការគណៈកម្មការ JBC មួយប៉ុណ្ណោះ ដែលមានអាណត្តិនៅក្នុងការធ្វើសកម្មភាពនានាដើម្បីបម្រើដល់ការវាស់វែងនិងខណ្ឌសីមាលើដីជាក់ស្ដែង។

Share.