ហ្សាកាតា៖ អាជ្ញាធរឥណ្ឌូណេស៊ីបានប្រកាសដាក់ពង្រាយកងកម្លាំងសន្តិសុខរាប់ពាន់នាក់នៅតាមចំណុចសំខាន់ៗក្នុងទីក្រុង ដើម្បីត្រៀមលក្ខណៈទប់ទល់នឹងការជួបជុំធ្វើបាតុកម្មទ្រង់ទ្រាយធំដែលរៀបចំឡើងដោយក្រុមនិស្សិតមកពីសាលាជាច្រើនក្នុងប្រទេស។

យោងតាមភ្នាក់ងារសារព័ត៌មាន Reuters បានឱ្យដឹងថា ការសម្រេចចិត្តពង្រឹងកងកម្លាំងសន្តិសុខ និងប៉ូលិសប្រឆាំងការបង្រ្កាបបាតុកម្មយ៉ាងក្រាស់ក្រែលនៅជុំវិញវិមានសភា និងកណ្ដាលរដ្ឋធានីហ្សាការតានេះ ធ្វើឡើងបន្ទាប់ពីមានសញ្ញានៃការប្រមូលផ្តុំតវ៉ាប្រឆាំងនឹងគោលនយោបាយ និងបញ្ហាសង្គម-សេដ្ឋកិច្ចមួយចំនួន។


ក្រុមតំណាងនិស្សិតបានសម្តែងការមិនពេញចិត្តចំពោះចំណាត់ការ និងវិធានការមួយចំនួនរបស់រដ្ឋាភិបាល ដោយបានអំពាវនាវឱ្យមានការកែទម្រង់ភ្លាមៗ ព្រមទាំងទាមទារឱ្យអាជ្ញាធរដោះស្រាយបញ្ហាជីវភាពប្រជាជន ការប្រឆាំងអំពើពុករលួយ និងការកម្រិតសេរីភាពក្នុងការបញ្ចេញមតិ។

ទន្ទឹមនឹងនេះ ភាគីអាជ្ញាធរសន្តិសុខឥណ្ឌូណេស៊ីបានបញ្ជាក់ថា ការដាក់ពង្រាយកងកម្លាំងយ៉ាងច្រើនសន្ធឹកសន្ធាប់នេះ គឺដើម្បីធានាបាននូវសណ្តាប់ធ្នាប់សាធារណៈ ការពារទ្រព្យសម្បត្តិរដ្ឋ និងបង្ការកុំឱ្យមានការផ្ទុះហិង្សា ឬការកើនឡើងកម្ដៅនៃស្ថានការណ៍ ប៉ុន្តែមិនមែនជាការរារាំងដល់សេរីភាពនៃការបញ្ចេញមតិរបស់ប្រជាពលរដ្ឋនោះឡើយ៕

