ភ្នំពេញ៖ កុមារា២នាក់ ម្នាក់អាយុ៨ឆ្នាំ និងម្នាក់អាយុ១១ឆ្នាំ ដែលពាក់ព័ន្ធនឹងករណីលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ និងត្រូវបានរាយការណ៍ថាពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុញៀន ត្រូវបានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ អន្តរាគមន៍ទទួលយកទៅគ្រប់គ្រងករណី និងផ្តល់សេវាការពារ ព្រមទាំងថែទាំបណ្តោះអាសន្ននៅក្នុងមណ្ឌលកុមារកំព្រាភ្នំពេញ។

តាមព័ត៌មានពីមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ លោក រឿន រិទ្ធីពង្ស ប្រធានមន្ទីរ បានចាត់មន្ត្រីជំនាញឱ្យសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីស្វែងរកដំណោះស្រាយ និងផ្តល់សេវាសមស្របដល់កុមារា២រូប គឺកុមារា ឌី ហ្សា អាយុ១១ឆ្នាំ និងកុមារា ប៊ុត ទី អាយុ៨ឆ្នាំ បន្ទាប់ពីកុមារទាំងពីរត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួន ពាក់ព័ន្ធករណីលួចទ្រព្យសម្បត្តិ ហើយមានការចែករំលែកព័ត៌មានតាមបណ្តាញសង្គមហ្វេសប៊ុក។

ប្រភពដដែលបញ្ជាក់ថា កន្លងមក មន្ទីរសង្គមកិច្ចរាជធានីភ្នំពេញធ្លាប់បានសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីអន្តរាគមន៍គ្រប់គ្រងករណី និងផ្តល់ការថែទាំការពារដល់កុមារទាំងពីរ ដោយដាក់ឱ្យស្នាក់នៅក្នុងមណ្ឌលកុមារកំព្រាភ្នំពេញថ្មីមួយរយៈ។ ក្រោយមក កុមារទាំងពីរត្រូវបានធ្វើសមាហរណកម្មត្រឡប់ទៅរស់នៅជាមួយគ្រួសារវិញ តាមនីតិវិធីបច្ចេកទោស និងមានការតាមដានពីមន្ត្រីជំនាញ រហូតដល់ការគ្រប់គ្រងករណីត្រូវបានបិទ។

ទោះជាយ៉ាងណា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ កុមារទាំងពីរត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនពាក់ព័ន្ធនឹងការលួចទ្រព្យសម្បត្តិ ហើយប្រគល់ជូនអាជ្ញាធរមានសមត្ថកិច្ចនៃរដ្ឋបាលសង្កាត់ចោមចៅទី១ រួចបានបញ្ជូនកុមារទាំងពីរទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ដើម្បីគ្រប់គ្រងករណី ប៉ាន់ប្រមាណតម្រូវការ និងផ្តល់សេវាការពារស្របតាមស្មារតីនៃច្បាប់ស្តីពីយុត្តិធម៌អនីតិជន។ បច្ចុប្បន្ន មន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ បានសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ និងអាជ្ញាធរមូលដ្ឋាន ដើម្បីផ្តល់សេវារក្សាការពារ និងថែទាំកុមារទាំងពីរជាបណ្តោះអាសន្ននៅក្នុងមណ្ឌលកុមារកំព្រាភ្នំពេញ។

ជាមួយគ្នានេះ ក្រសួងសង្គមកិច្ចបានបដិសេធចំពោះមតិមួយចំនួនរបស់សាធារណជនដែលលើកឡើងថា មន្ត្រីសង្គមកិច្ចបានប្រព្រឹត្តសកម្មភាពមិនសមរម្យចំពោះកុមារទាំងពីរ ដោយក្រសួងបានអះអាងថា មន្ត្រីជំនាញដែលធ្វើការជាមួយជនរងគ្រោះ ជាពិសេសកុមាររងគ្រោះ មានសមត្ថភាព និងជំនាញវិជ្ជាជីវៈ ព្រមទាំងគោរពក្រមសីលធម៌ និងគោលការណ៍សុវត្ថិភាពកុមារ តាមរយៈការបណ្តុះបណ្តាល និងការពង្រឹងសមត្ថភាពពីស្ថាប័នជំនាញ។

អត្ថបទ៖ចតុម្មុខ

Share.