ភ្នំពេញ៖ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនស្ត្រីជនបរទេសចំនួន ៥នាក់ ក្នុងប្រតិបត្តិការបង្ក្រាបករណីជ្រើសរើសដោយមិនស្របច្បាប់សម្រាប់កេងប្រវ័ញ្ច និងអន្តរការរវាងអ្នកសុំកូននិងស្ត្រីពពោះ នៅក្នុងខុនដូមួយកន្លែង ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ នៅបន្ទប់ខុនដូចំនួន ២បន្ទប់ នៃអគារខុនដូបុរីសែនសុខ អគារ C តាមបណ្តោយផ្លូវបេតុង ក្នុងភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ការបង្ក្រាបនេះធ្វើឡើងក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការដឹកនាំផ្ទាល់ពីសំណាក់ស្នងការរងពាក់ព័ន្ធ និងកិច្ចសហការជាមួយគណៈបញ្ជាការរដ្ឋបាលខណ្ឌសែនសុខ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពីលោកស្រី ផាន់ សុគន្ធា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

តាមព័ត៌មានពីសមត្ថកិច្ច ជនបរទេសទាំង ៥នាក់ដែលត្រូវបានឃាត់ខ្លួន សុទ្ធតែជាស្ត្រី ក្នុងនោះមានស្ត្រីជនជាតិចិនម្នាក់ ដែលត្រូវបានសង្ស័យថាជាអ្នកចាត់ចែង និងរៀបចំការមើលថែស្ត្រីពពោះ និងស្ត្រីជនជាតិវៀតណាមចំនួន ៤នាក់ផ្សេងទៀត ដោយក្នុងនោះក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចក៏បានដកហូតវត្ថុតាងមួយចំនួនផងដែរ។ បច្ចុប្បន្ន កម្លាំងការិយាល័យជំនាញកំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។

អត្ថបទ៖ សេង សាវី

Share.