ក្រសួងព័ត៌មាន បានរៀបចំ «យុទ្ធនាការឆន្ទៈល្អលើកទី២» ដោយរំពឹងថានឹងរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនការយល់ដឹង ពង្រឹងការអនុវត្តច្បាប់ និងបង្កើនកិច្ចសហការរវាងរដ្ឋ និងឯកជន ក្នុងការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈដែលមានជាតិស្ករ ឱ្យកាន់តែមានការទទួលខុសត្រូវ និងគិតគូរដល់សុខុមាលភាពសាធារណៈ។

យុទ្ធនាការថ្នាក់ជាតិនេះ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ៨:០០ នាទីព្រឹក នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង (ក.គ.ផ.ស.)។ ពិធីនេះមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នរដ្ឋ ក្រុមហ៊ុនផលិត និងចែកចាយ ប្រតិបត្តិករក្នុងវិស័យគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករ សមាគមផ្សព្វផ្សាយពាណិជ្ជកម្ម សិល្បករ សិល្បការិនី អ្នកផលិតមាតិកា ព្រមទាំងអ្នកសារព័ត៌មានជាតិ សរុបប្រមាណ ៥០០នាក់។
តាមរយៈការរៀបចំយុទ្ធនាការនេះ ក្រសួងព័ត៌មានបានបង្ហាញពីការរំពឹងទុកជាសមិទ្ធផលចម្បងចំនួន ៥ រួមមាន៖ ការបង្កើនការយល់ដឹងរបស់ភាគីពាក់ព័ន្ធអំពីវិធានការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្ម, ការពង្រឹងការប្តេជ្ញាចិត្តក្នុងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិជាធរមាន, ការជំរុញការផ្សព្វផ្សាយព័ត៌មានប្រកបដោយការទទួលខុសត្រូវ, ការពង្រឹងកិច្ចសហការរវាងក្រសួង-ស្ថាប័នរដ្ឋ វិស័យឯកជន និងប្រព័ន្ធផ្សព្វផ្សាយ, និងការរួមចំណែកបង្កើតបរិយាកាសសង្គមដែលផ្តល់សារៈសំខាន់ដល់ការការពារ និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ។
ដើម្បីសម្រេចបាននូវការរំពឹងទុកទាំងនេះ យុទ្ធនាការឆន្ទៈល្អលើកទី២ នឹងផ្តោតលើការបញ្ជ្រាបការយល់ដឹងអំពីវិធានការចាំបាច់នានា ការត្រួតពិនិត្យខ្លឹមសារផ្សព្វផ្សាយ និងការជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់ចូលរួមដោយស្ម័គ្រចិត្ត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងស្របតាមក្រមសីលធម៌អាជីវកម្ម។
ជាមួយគ្នានេះ ក្រសួងព័ត៌មានក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ រាប់ចាប់ពីក្រុមហ៊ុនផលិត អ្នកប្រកបអាជីវកម្ម អ្នកផ្សព្វផ្សាយ រហូតដល់ប្រជាពលរដ្ឋ បន្តចូលរួមគាំទ្រ និងអនុវត្តវិធានការទាំងនេះឱ្យមានប្រសិទ្ធភាព ដើម្បីធានាថាការផ្សព្វផ្សាយពាណិជ្ជកម្ម និងព័ត៌មានពាក់ព័ន្ធនឹងផលិតផលទាំងនេះ ប្រព្រឹត្តទៅដោយគិតគូរដល់ផលប្រយោជន៍ និងសុខភាពសាធារណៈជាចម្បង៕






