អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការសិក្សាពេញមួយជីវិត (គ.ជ.ស.ជ.) បានរៀបចំ «វេទិកាថ្នាក់ជាតិស្តីពីការសិក្សាពេញមួយជីវិត ឆ្នាំ២០២៦» នៅចុងខែតុលា ឆ្នាំ ២០២៦ ក្រោមប្រធានបទ «មជ្ឈមណ្ឌលសិក្សាពេញមួយជីវិត៖ កម្លាំងចលករនៃនវានុវត្តន៍ការសិក្សា និងការអភិវឌ្ឍសហគមន៍ប្រកបដោយចីរភាព និងបរិយាបន្ន ឆ្ពោះទៅការកសាងទីក្រុងសិក្សានៅកម្ពុជា» ក្នុងគោលបំណងពង្រឹងកិច្ចសហការ និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការជំរុញការអនុវត្តគោលនយោបាយជាតិឱ្យមានប្រសិទ្ធភាព។

វេទិកាថ្នាក់ជាតិនេះនឹងផ្តោតសំខាន់លើការពិភាក្សាអំពីតួនាទី និងសក្តានុពលរបស់មជ្ឈមណ្ឌលសិក្សាពេញមួយជីវិត (មសជ) ក្នុងការឆ្លើយតបទៅនឹងតម្រូវការសិក្សារបស់ប្រជាពលរដ្ឋ ការអភិវឌ្ឍជំនាញសម្រាប់ជីវិត និងការងារ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ការកសាងសហគមន៍បៃតង និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ។ ទន្ទឹមនឹងនេះ អង្គវេទិកានឹងសិក្សាលើអភិក្រមទីក្រុងសិក្សា និងក្របខណ្ឌ UNESCO Global Network of Learning Cities (UNESCO GNLC) ដើម្បីស្វែងរកវិធីសាស្ត្រក្នុងការភ្ជាប់ការអភិវឌ្ឍ ម.ស.ជ. និងនវានុវត្តន៍ការសិក្សានៅមូលដ្ឋាន ទៅនឹងការរៀបចំទីក្រុងសិក្សាដែលស្របតាមបរិបទជាក់ស្តែងរបស់កម្ពុជា។ ការប្រមូលផ្តុំភាគីពាក់ព័ន្ធពីគ្រប់វិស័យនាពេលនេះ នឹងជួយបង្កើតការយល់ឃើញរួម កិច្ចសហការពហុវិស័យ និងការប្តេជ្ញាចិត្តរួមគ្នាក្នុងការកំណត់អាទិភាព និងយន្តការបន្តសម្រាប់ពង្រឹងការសិក្សាពេញមួយជីវិតនៅកម្រិតមូលដ្ឋាន។

ការរៀបចំវេទិកានេះមានគោលបំណងសំខាន់ៗចំនួនបួន រួមមាន ការលើកកម្ពស់ការយល់ដឹង និងការយល់ឃើញរួមកាន់តែច្បាស់អំពីតួនាទីរបស់ មសជ ក្នុងការជំរុញនវានុវត្តន៍ការសិក្សា និងការអភិវឌ្ឍមូលដ្ឋានប្រកបដោយចីរភាព និងបរិយាបន្ន។ ជាមួយគ្នានេះ វេទិកានឹងក្លាយជាវេទិកាចែករំលែកចំណេះដឹង បទពិសោធន៍ និងការអនុវត្តល្អៗទាំងក្នុង និងក្រៅប្រទេស ពាក់ព័ន្ធនឹងការអភិវឌ្ឍ មសជ សហគមន៍បៃតង និងសង្គមឌីជីថល។ លើសពីនេះ ជំនួបនេះមានទិសដៅពង្រឹង និងពង្រីកតួនាទីរបស់ មសជ ជាកាតាលីករនៅមូលដ្ឋាន ព្រមទាំងពិភាក្សាស្វែងរកអភិក្រម និងយន្តការសមស្រប សម្រាប់ការអភិវឌ្ឍទីក្រុងសិក្សាប្រកបដោយចីរភាព ដោយភ្ជាប់ការសិក្សាពេញមួយជីវិតទៅនឹងការអប់រំបរិស្ថាន ភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងសេដ្ឋកិច្ចឌីជីថល។

តាមរយៈការសម្រេចបាននូវគោលបំណងខាងលើ វេទិការំពឹងថានឹងទទួលបានលទ្ធផលជាផ្លែផ្កា ដោយភាគីពាក់ព័ន្ធទាំងអស់នឹងមានការយល់ដឹង និងការប្តេជ្ញាចិត្តរួមកាន់តែច្បាស់លាស់ក្នុងការគាំទ្រតួនាទីរបស់ មសជ។ ចំណេះដឹង និងបទពិសោធន៍ល្អៗដែលបានចែករំលែក នឹងត្រូវយកមកកំណត់ជាវិធីសាស្ត្រដែលមានសក្តានុពលសម្រាប់អនុវត្តក្នុងការអភិវឌ្ឍ មសជ និងទីក្រុងសិក្សានៅកម្ពុជា។ ជាចុងក្រោយ អភិក្រម និងយន្តការដែលបានពិភាក្សារួមគ្នា នឹងក្លាយជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់សម្រាប់ការរៀបចំទិសដៅការងារបន្ត ក្នុងការភ្ជាប់ការសិក្សាពេញមួយជីវិតទៅនឹងការកសាងសហគមន៍បៃតង ការអប់រំបរិស្ថាន និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចឌីជីថលនៅកម្ពុជាប្រកបដោយចីរភាព៕

Share.