បាងកក៖ កងទ័ពអាកាសថៃ បានសម្រេចចិត្តបញ្ជូនយន្តហោះចម្បាំងចំនួនពីរគ្រឿង ចុះល្បាតជាបន្ទាន់លើដែនអាកាសស្រុកម៉ែសូត ខេត្តតាក និងតំបន់ព្រំដែនជាប់មីយ៉ាន់ម៉ា កាលពីរសៀលថ្ងៃអាទិត្យ ទី១ ខែវិច្ឆិកា ក្រោមហេតុផលការពារសន្តិសុខអាកាស។ មុនពេលបើកប្រតិបត្តិការនេះ ភាគីកងកម្លាំងការពារព្រំដែនថៃ បានចេញសេចក្តីប្រកាសជាមុន ដើម្បីផ្ដល់ដំណឹងដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានកុំឱ្យមានការភ្ញាក់ផ្អើល ចំពោះសំឡេងបន្លឺម៉ាស៊ីនយន្តហោះចម្បាំងដែលនឹងហោះហើរខ្លាំងជាងធម្មតា។

ប្រតិបត្តិការបង្ហាញកម្លាំងតាមផ្លូវអាកាសនេះ ធ្វើឡើងស្របពេលដែលស្ថានការណ៍ប្រយុទ្ធគ្នារវាងកងទ័ពមីយ៉ាន់ម៉ា និងក្រុមប្រដាប់អាវុធនៅតាមបន្ទាត់ព្រំដែន កាន់តែមានភាពតានតឹងខ្លាំង រហូតដល់ថ្នាក់គ្រាប់ផ្លោងពីខាងមីយ៉ាន់ម៉ាធ្លាក់ចូលមកផ្ទះសម្បែង និងធ្វើឱ្យពលរដ្ឋថៃរងរបួសជាបន្តបន្ទាប់។ បើទោះបីជាកន្លងមក យោធាមីយ៉ាន់ម៉ាធ្លាប់បានចេញមុខព្រមានរដ្ឋាភិបាលថៃ កាលពីខែសីហា ពាក់ព័ន្ធនឹងបញ្ហាការផ្គត់ផ្គង់ទំនិញទៅកាន់តំបន់គ្រប់គ្រងរបស់ក្រុមប្រដាប់អាវុធជនជាតិភាគតិចក៏ដោយ ក៏ភាគីថៃនៅតែបន្តរក្សាភាពស្ងប់ស្ងាត់។

ទោះជាយ៉ាងណា ការបញ្ជូនយន្តហោះមកល្បាតត្រឹមជុំវិញព្រំដែននាពេលនេះ មិនទាន់អាចលុបបំបាត់មន្ទិលសង្ស័យ និងការរិះគន់ពីសំណាក់សាធារណជនបានឡើយ ដោយសារតែមហាជនមើលឃើញថា វាគ្រាន់តែជាទង្វើ «អួតអាងតែមាត់ តែគ្មានភាពក្លាហានក្នុងការចាត់វិធានការតបតជាក់ស្តែង»។ គិតមកទល់ពេលនេះ ថៃបានត្រឹមតែបោះសម្ដីគំរាម និងប្រកាសថានឹងចាត់វិធានការឆ្លើយតបយ៉ាងតឹងរ៉ឹងទៅកាន់ប្រទេសមីយ៉ាន់ម៉ា តាំងពីថ្ងៃទី២៦ ខែតុលាមកម្ល៉េស ប៉ុន្តែរហូតមកទល់ពេលនេះ គេពុំទាន់ឃើញមានចំណាត់ការយោធា ឬការឆ្លើយតបដែលមានទម្ងន់ណាមួយក្រៅពីការហោះហើរល្បាតបង្ហាញមុខ ដើម្បីទប់ស្កាត់ការរិះគន់ពីប្រជាពលរដ្ឋក្នុងស្រុកប៉ុណ្ណោះ៕

ប្រភព៖ Khaosod English

Share.