
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Manila Times នាពេលថ្មីៗនេះបានឱ្យដឹងថា កងកម្លាំងប្រដាប់អាវុធហ្វីលីពីន និងកងយោធពលខេមរភូមិន្ទ បានធ្វើការពិភាក្សាគ្នាអំពីការពង្រឹងការចែករំលែកព័ត៌មាន និងកិច្ចសហប្រតិបត្តិការការពារជាតិឱ្យកាន់តែជិតស្និទ្ធ បើទោះបីជាប្រទេសទាំងពីរស្ថិតក្នុងកិច្ចខិតខំប្រឹងប្រែងពង្រីកទំនាក់ទំនងយោធា និងទប់ស្កាត់ការគំរាមកំហែងសន្តិសុខក្នុងតំបន់ក៏ដោយ។
គេសង្កេតឃើញថា បង្កើនកិច្ចសហប្រតិបត្តិការការពារជាតិរវាងកម្ពុជា និងហ្វីលីពីន ត្រូវបានធ្វើឡើង ២ លើកកន្លងទៅ ដោយក្នុងនោះកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ អនុប្រធានអគ្គសេនាធិការកងកម្លាំងប្រដាប់អាវុធហ្វីលីពីន លោកឧត្តមសេនីយ៍ទោ Rommel P. Roldan បានជួបពិភាក្សាការងារជាមួយលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណិត អគ្គនាយកដ្ឋានស្រាវជ្រាវ និងស៊ើបការណ៍ នៃក្រសួងការពារជាតិកម្ពុជា។
ភាគីទាំងពីរបានផ្តោតកិច្ចពិភាក្សាលើការពង្រឹងទំនាក់ទំនងការពារជាតិទ្វេភាគី តាមរយៈការផ្លាស់ប្តូរព័ត៌មាន ការសន្ទនាជាប្រចាំ និងការសម្របសម្រួលកាន់តែជិតស្និទ្ធក្នុងការជំរុញផលប្រយោជន៍សន្តិសុខរួម។ កិច្ចប្រជុំមួយនេះ បានធ្វើឡើងបន្ទាប់ពីមានកិច្ចប្រជុំកម្រិតខ្ពស់ជាបន្តបន្ទាប់ សំដៅពង្រីកកិច្ចសហប្រតិបត្តិការយោធារវាងទីក្រុងម៉ានីល និងទីក្រុងភ្នំពេញ។

ជាមួយគ្នានោះ កាលពីថ្ងៃទី២០ ខែតុលា កន្លងទៅ អគ្គសេនាធិការ AFP លោកឧត្តមសេនីយ៍ទោ Antonio G. Nafarrete ក៏បានជួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរាជធានីភ្នំពេញផងដែរ ដោយបានពិភាក្សាគ្នាលើការពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ តាមរយៈទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងកងទ័ពជើងទឹក និងកងទ័ពជើងអាកាសនៃប្រទេសទាំងពីរ។
លើសពីនេះ ភាគីទាំងពីរក៏បានពិភាក្សាគ្នាអំពីការបណ្តុះបណ្តាលយោធា ការកសាងសមត្ថភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក។ ស្ថាប័នការពារជាតិទាំងពីរមានទំនាក់ទំនងភាពជាដៃគូដ៏យូរអង្វែង ចាប់តាំងពីការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិក្នុងខែធ្នូ ឆ្នាំ២០១៧ មកម្ល៉េះ ដែលផ្តល់នូវក្របខ័ណ្ឌសម្រាប់ការផ្លាស់ប្តូរបុគ្គលិកយោធា ការបណ្តុះបណ្តាល និងជំនាញផ្សេងៗទៀត។
ក្រៅពីកិច្ចការការពារជាតិបែបប្រពៃណី ប្រទេសទាំងពីរក៏បានខិតខំប្រឹងប្រែងរួមគ្នាទប់ស្កាត់បទល្មើសឆ្លងដែន និងការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត ផងដែរ ដើម្បីធានាបាននូវសន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងតំបន់ទាំងមូល។

សូមជម្រាបដែរថា កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ភាគីការពារជាតិកម្ពុជាតាមរយៈឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏បានដឹកនាំគណៈប្រតិភូក្រសួងការពារជាតិ ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី២០ នៅមជ្ឈមណ្ឌលសន្និបាតម៉ាក់តាន ដោយមានការចូលរួមពីរដ្ឋមន្ត្រីការពារជាតិ និងប្រធានប្រតិភូតំណាង នៃបណ្តាប្រទេសសមាជិកអាស៊ានទាំង១១ប្រទេសផងដែរ៕

