គិតពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៦នេះ បណ្ឌិត្យសភានគរបាលកម្ពុជាបានរៀបចំវគ្គសិក្សា និងបណ្តុះបណ្តាល សរុបចំនួន៦២វគ្គ ដោយមានអ្នកសិក្សាចូលរួមសរុបចំនួន ៧.២៩៨នាក់ ក្នុងនោះមានស្ត្រី១.៣០១នាក់។ បើតាមរបាយការណ៍ បណ្ឌិត្យសភានគរបាលកម្ពុជា ផ្តល់មកកាន់ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ វគ្គបណ្ដុះបណ្ដាលទាំងនេះ មានគោលដៅលើកកម្ពស់ចំណេះដឹង សមត្ថភាព និងជំនាញវិជ្ជាជីវៈដល់មន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារ និងអ្នកសិក្សាគ្រប់កម្រិត។

ក្នុងរយៈពេលដូចគ្នានេះ បណ្ឌិត្យសភានគរបាលកម្ពុជា ក៏បានជំរុញការធ្វើទំនើបកម្ម និងបរិវត្តកម្មឌីជីថលយ៉ាងសកម្ម ដោយបានអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងបណ្ឌិត្យសភា ប្រព័ន្ធប្រឡងអនឡាញ កម្មវិធីតាមដានសុខភាពអ្នកសិក្សា និងឧបករណ៍បច្ចេកវិទ្យាសម្រាប់គាំទ្រដល់ការគ្រប់គ្រង និងការបណ្តុះបណ្តាលហ្វឹកហាត់ ជាពិសេស បានអភិវឌ្ឍសមត្ថភាពឌីជីថល រួមទាំងជំនាញបញ្ញាសិប្បនិម្មិត (AI) ជូនដល់ថ្នាក់ដឹកនាំ គ្រូនគរបាលជាតិ និងមន្ត្រីសរុបចំនួន៥៥៣នាក់។

៩ខែនោះដែរ បណ្ឌិត្យសភានគរបាលកម្ពុជា ថែមទាំងបានលើកកម្ពស់ការស្រាវជ្រាវ និងគុណភាពសិក្សា ដោយបានបញ្ចប់ការសរសេរសៀវភៅគោលចំនួន៥៦មុខវិជ្ជា បន្តកែលម្អសៀវភៅគោលចំនួន១០មុខវិជ្ជា និងជំរុញការស្រាវជ្រាវលើផ្នែកសន្តិសុខ បទល្មើស ការអភិវឌ្ឍវិជ្ជាជីវៈនគរបាល និងវិទ្យាសាស្ត្រកោសល្យវិច័យ ព្រមទាំងបានពង្រឹងកិច្ចសហការជាមួយស្ថាប័នជាតិចំនួន១៦ និងដៃគូអន្តរជាតិចំនួន១៦ ដើម្បីផ្លាស់ប្តូរបទពិសោធ និងអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈ។
របាយការណ៍បានបន្ថែមទៀតថា បណ្ឌិត្យសភា ក៏បានបន្តខិតខំជួសជុល កែលម្អអគារសិក្សា បណ្ណាល័យ ទីលានហ្វឹកហាត់ និងបរិក្ខារបច្ចេកទេសផ្សេងៗ ដើម្បីគាំទ្រដល់បរិស្ថានសិក្សាប្រកបដោយគុណភាព និងសុវត្ថិភាព។ សមិទ្ធផលសម្រេចបាននេះ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីការខិតខំប្រឹងប្រែងរួមគ្នារបស់ថ្នាក់ដឹកនាំ គ្រូនគរបាលជាតិ មន្ត្រី និងអ្នកសិក្សាទាំងអស់ ក្នុងការបន្តអភិវឌ្ឍស្ថាប័នឱ្យមានសមត្ថភាពទំនើប និងមានប្រសិទ្ធភាព។

ផ្អែកលើលទ្ធផលទាំងនេះ បណ្ឌិត្យសភានគរបាលកម្ពុជា ក្រោមការដឹកនាំរបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ក៏បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តអនុវត្តផែនការយុទ្ធសាស្ត្រ ពង្រឹងគុណភាពអប់រំបណ្តុះបណ្ដាល និងជំរុញការធ្វើទំនើបកម្មស្ថាប័ន ដើម្បីចូលរួមកសាងកងកម្លាំងនគរបាលជាតិដែលមានសមត្ថភាព វិជ្ជាជីវៈ សីលធម៌ និងបច្ចេកវិទ្យាទំនើប ក្នុងការបម្រើជាតិ និងប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង៕

