សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួនជាជាងរំពឹងលើឯកសាររបស់បរទេសទាំងស្រុង។

ការថ្លែងបែបនេះរបស់សម្ដេច បានធ្វើឡើងនាឱកាសដែល សម្ដេច អញ្ជើញជាអធិបតីបើកពិព័រណ៍ខួប ១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិកម្ពុជា នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦។​

នាឱកាសនោះ សម្ដេចបវរធិបតី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ថែរក្សានូវកម្រងឯកសារកម្ររបស់កម្ពុជាបានយ៉ាងខ្ជាប់ខ្ជួនរបស់បណ្ណសារដ្ឋានជាតិកម្ពុជា ទោះបីជាឯកសារខ្លះស្ទើរតែពុយផុយអស់ទៅហើយក៏ដោយ។

បន្ថែមពីនេះ ជាការកត់សម្គាល់របស់សម្ដេច អ្វីដែលកូនខ្មែរកំពុងសិក្សាពីប្រវត្តិសាស្ត្ររបស់ខ្លួន ភាគច្រើនជាឯកសារដែលជនបរទេសបានចងក្រង ដូច្នេះសម្ដេចលើកទឹកចិត្តឱ្យកូនខ្មែរខិតខំស្រាវជ្រាវចងក្រងប្រវត្តិសាស្ត្រខ្លួនដោយខ្លួនឯង ជាជាងពឹងតែលើឯកសារដែលជនបរទេសសរសេរ អាចនឹងមានចន្លោះប្រហោងណាមួយមិនត្រឹមត្រូវ។

សម្ដេចមហាបវរធិបតី សង្កត់ធ្ងន់ថា ឯកសារប្រវត្តិសាស្ត្រគឺជារឿងសំខាន់ដែលត្រូវយកចិត្តទុកដាក់ខ្ពស់ ដើម្បីរក្សាអត្តសញ្ញាណរបស់យើងឱ្យបានច្បាស់លាស់ ដូច្នេះយើងត្រូវតែខិតខំចងក្រងឯកសារប្រវត្តិសាស្ត្ររបស់យើងដោយយើងខ្លួនឯង។
ជាមួយគ្នានេះ សម្ដេច ក៏បានជំរុញឱ្យយុវជន សិស្ស និស្សិត ព្យាយាមអានសៀភៅឱ្យបានច្រើន ស្វែងរកប្រភពឯកសារឬព័ត៌មានដែលអាចទុកចិត្ត កុំរំពឹងតែនៅលើឌីជីថលហួសហេតុពេក៕

Share.