ភ្នំពេញ៖ ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៦ បទល្មើសធនធានធម្មជាតិសរុបចំនួន ១ ៩០៦ករណី ត្រូវបានមន្ទីរបរិស្ថានខេត្ត សហការជាមួយអាជ្ញាធរ និងកងកម្លាំងពាក់ព័ន្ធ ទប់ស្កាត់ និងបង្ក្រាប ខណៈជនសង្ស័យចំនួន៧៩នាក់ ត្រូវបានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី។

តាមរបាយការណ៍បានឱ្យដឹងថា ការបង្ក្រាបបទល្មើសទាំងនេះធ្វើឡើងដោយមានកិច្ចសហការគាំទ្រពីគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត អង្គភាពពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ បទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រតំបន់ការពារធម្មជាតិ មានការថយចុះចំនួន២៩ករណី។

ក្នុងចំណោមបទល្មើសដែលបង្ក្រាបបានទាំង ១ ៩០៦ករណី រួមមាន បទល្មើសព្រៃឈើចំនួន៦៣៦ករណី បទល្មើសសត្វព្រៃចំនួន៥៣៥ករណី បទល្មើសកាប់គាស់ និងទន្ទ្រានដីព្រៃខុសច្បាប់ចំនួន៤៥០ករណី បទល្មើសនេសាទចំនួន២៣៩ករណី និងបទល្មើសធនធានរ៉ែចំនួន៤៦ករណី។ទន្ទឹមនឹងនេះ ក្រុមការងារបានកសាងសំណុំរឿងចំនួន១១៨សំណុំរឿង បញ្ជូនទៅតុលាការ និងបានឃាត់ខ្លួនជនសង្ស័យចំនួន៧៩នាក់ បញ្ជូនទៅចាត់ការតាមនីតិវិធី ស្របតាមក្រមបរិស្ថាន និងធនធានធម្មជាតិ។

ពាក់ព័ន្ធនឹងលទ្ធផលនេះ ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា យុទ្ធនាការរឹតបន្តឹងការអនុវត្តច្បាប់ និងការការពារសម្បត្តិធម្មជាតិនៅកម្ពុជា កំពុងបង្ហាញលទ្ធផលវិជ្ជមាន តាមរយៈការបង្កើនការចុះល្បាតជាប្រចាំរបស់មន្ត្រីឧទ្យានុរក្ស និងកងកម្លាំងចម្រុះនៅតាមតំបន់ការពារធម្មជាតិ ព្រមទាំងការពង្រឹងចំណេះដឹង និងការយល់ដឹងអំពីផលប៉ះពាល់នៃការបំផ្លាញព្រៃឈើ និងសត្វព្រៃ។

ឯកឧត្តមបានបញ្ជាក់ថា លទ្ធផលនៃការទប់ស្កាត់ និងបង្ក្រាបបទល្មើសទាំងនេះ មិនអាចកាត់ផ្តាច់ពីកិច្ចសហការរវាងមន្ត្រីឧទ្យានុរក្ស តំណាងក្រសួង ស្ថាប័ន រដ្ឋបាលមូលដ្ឋានគ្រប់ថ្នាក់ អង្គការដៃគូ សមាគម អង្គការសង្គមស៊ីវិល កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិបានឡើយ។ ទោះបីជាបទល្មើសមានការថយចុះក៏ដោយ មន្ទីរបរិស្ថានខេត្ត និងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅតែបន្តប្តេជ្ញាចិត្តជំរុញការចុះល្បាត និងពង្រឹងការអនុវត្តច្បាប់ឱ្យកាន់តែតឹងរ៉ឹង ដើម្បីទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ។

ជាមួយគ្នានេះ ក្រោមការបន្តអនុវត្តយុទ្ធសាស្ត្រ ២.១ របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ក្រុមការងារចម្រុះនឹងបន្តពង្រឹងការអនុវត្តច្បាប់ប្រឆាំងបទល្មើសធនធានធម្មជាតិ ដើម្បីធានាតុល្យភាពប្រព័ន្ធអេកូឡូស៊ី និងការអភិរក្សជីវៈចម្រុះប្រកបដោយចីរភាព សម្រាប់មនុស្សជំនាន់ក្រោយ៕

Share.