ម្ហូបប្រចាំជាតិឡាវ «ឡាប»បានខិតជិតមួយជំហានទៀតក្នុងការក្លាយជាផ្នែកមួយនៃបញ្ជីតំណាងមរតកបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ បន្ទាប់ពីស្ថាប័នពិភពលោកមួយនេះបានផ្ដោតការអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេច ក្រោមឈ្មោះថា «ឡាប៖ និមិត្តរូបអាហារនៃអត្តសញ្ញាណវប្បធម៌ឡាវ»។

ការប្រកាសជាផ្លូវការត្រូវបានរំពឹងថានឹងធ្វើឡើងនៅក្នុងសម័យប្រជុំលើកទី២១ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលរបស់ UNESCO ដែលនឹងប្រព្រឹត្តទៅនៅទីក្រុង Xiamen ប្រទេសចិន ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី៥ ខែធ្នូ ខាងមុខនេះ។

«ឡាប» គឺជាមុខម្ហូបដ៏សំខាន់ និងជាតំណាងឱ្យសំណាងល្អ ទ្រព្យសម្បត្តិ និងសិរីសួស្តី តាមជំនឿប្រជាជនឡាវដែលតែងតែរៀបចំសម្រាប់អាហារប្រចាំថ្ងៃ និងក្នុងពិធីបុណ្យសំខាន់ៗ ដូចជាពិធីរៀបអាពាហ៍ពិពាហ៍ ថ្ងៃកំណើត និងបុណ្យចូលឆ្នាំថ្មីប្រពៃណីឡាវ ជាដើម។ ម្ហូបនេះផ្សំឡើងពីសាច់ជ្រូក ឬត្រីចញ្ច្រាំឱ្យល្អិត (ឆៅ ឬឆ្អិន) ច្របល់ជាមួយទឹកក្រូចឆ្មារ ទឹកត្រី អង្ករលីង (Khao Khua) ខ្ទឹមក្រហម ជីអង្កាម និងម្ទេស ដោយញ៉ាំអមជាមួយបាយដំណើប និងបន្លែស្រស់។

សូមជម្រាបថា យុទ្ធនាការស្នើសុំចុះបញ្ជីនេះ ត្រូវបានដឹកនាំដោយសមាគមស្ត្រីអាជីវករឡាវ ដោយបានដាក់ពាក្យស្នើសុំតាមរយៈក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ កាលពីដើមឆ្នាំ២០២៥។ នៅពេលប្រកាសជាផ្លូវការនាខែធ្នូខាងមុខនេះ «ឡាប» នឹងក្លាយជាបេតិកភណ្ឌវប្បធម៌អរូបីទី៤ របស់ប្រទេសឡាវ ដែលត្រូវបានទទួលស្គាល់ដោយ UNESCO បន្ទាប់ពីតន្ត្រីគែនក្នងឆ្នាំ២០១៧, ក្បាច់ត្បាញរូបនាគក្នុងឆ្នាំ២០២៣ និងរបាំប្រពៃណី ឡាំវង់ឡាវក្នុងឆ្នាំ២០២៤៕

Share.