សារ៉ាបុរី៖ បញ្ហាគ្រឿងញៀននៅក្នុងប្រទេសថៃ នៅតែបន្តរីករាលដាលយ៉ាងធ្ងន់ធ្ងរ និងគួរឱ្យព្រួយបារម្ភ ខណៈដែលក្រុមជួញដូរខុសច្បាប់កាន់តែមានភាពក្លាហាន និងប្រើប្រាស់វិធីសាស្ត្រកាន់តែស្មុគស្មាញក្នុងការលួចដឹកជញ្ជូន។ ជាក់ស្តែង កម្លាំងសមត្ថកិច្ចថៃ ទើបតែបានឃាត់ខ្លួនបុរសសង្ស័យ ២នាក់ មកពីខេត្តជ័យភូមិ ព្រមទាំងរឹបអូសបានថ្នាំញៀនប្រភេទមេតំហ្វេតាមីន រហូតដល់ ២លានគ្រាប់លាក់ទុកនៅក្នុងបាវចំនួន ១០ នៅផ្នែកខាងក្រោយនៃរថយន្ត Honda Jazz ពណ៌សមួយគ្រឿង។

យោងតាមការចេញផ្សាយដោយសារព័ត៌មាន Khaosod English នាថ្ងៃទី៤ ខែវិច្ឆិកា នេះបានឱ្យដឹងថា ហេតុការណ៍បង្ក្រាបនេះ បានកើតឡើងកាលពីវេលាម៉ោង ៦:៣០ព្រឹក ថ្ងៃទី២ ខែវិច្ឆិកា នៅលើកំណាត់ផ្លូវ Ban Na–Kaeng Khoi ក្នុងស្រុក Kaeng Khoi ខេត្តសារ៉ាបុរី ។

យ៉ាងណាមិញ នៅពេលដែលកម្លាំងសមត្ថកិច្ចបើករថយន្ដចូលទៅបិទផ្លូវ ដើម្បីឃាត់ស្ទាក់ ជនសង្ស័យដែលជាអ្នកបើកបរបានបើករថយន្តថយក្រោយបុករថយន្តសមត្ថកិច្ចយ៉ាងពេញទំហឹង ដើម្បីរត់គេចខ្លួនដោយមិនខ្វល់ពីសុវត្ថិភាពអ្នកដទៃឡើយ។ ទោះជាយ៉ាងណាក៏ដោយ សមត្ថកិច្ចបានគ្រប់គ្រងស្ថានការណ៍បានយ៉ាងឆាប់រហ័ស និងឈានទៅចាប់ខ្លួនជនសង្ស័យទាំងពីរនាក់នៅកន្លែងកើតហេតុតែម្តង។

យោងតាមការសាកសួរដំបូង ជនសង្ស័យបានសារភាពថា ពួកគេពិតជាបានស៊ីឈ្នួលដឹកជញ្ជូនថ្នាំញៀនទាំងនេះទៅឱ្យអតិថិជនម្នាក់ ជាថ្នូរនឹងប្រាក់កម្រៃ ១០០,០០០បាត (ប្រមាណជិត ៣,០០០ដុល្លារ) ដើម្បីយកទៅប្រកបរបរ និងប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។ ក្នុងនោះ ជនសង្ស័យអាយុ ២៩ឆ្នាំ ត្រូវបានរកឃើញថា ធ្លាប់មានប្រវត្តិជាប់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនចំនួន ២លើករួចមកហើយ កាលពីឆ្នាំ២០១៩ និងឆ្នាំ២០២១ ប៉ុន្តែប្រព័ន្ធអប់រំកែប្រែ និងទោសទណ្ឌកន្លងមក បែរជាគ្មានប្រសិទ្ធភាពក្នុងការរារាំង ឬធ្វើឱ្យរូបគេរាងចាលទាល់តែសោះ ដោយនៅតែអាចត្រឡប់មកប្រព្រឹត្តបទល្មើសដដែលជាដដែល ចំណែកជនសង្ស័យអាយុ ៣៣ឆ្នាំម្នាក់ទៀត ដែលពុំទាន់មានប្រវត្តិប្រព្រឹត្តបទល្មើសនៅឡើយទេ។

ជាលទ្ធផល ជនសង្ស័យទាំង២នាក់ ត្រូវប្រឈមមុខនឹងការចោទប្រកាន់យ៉ាងធ្ងន់ធ្ងរពីបទ «រួមគំនិតគ្នាប្រព្រឹត្ត រក្សាទុក និងចែកចាយគ្រឿងញៀនប្រភេទទី១ (មេតំហ្វេតាមីន)» ដែលជាអំពើបំផ្លាញសុវត្ថិភាពសង្គម បំផ្លាញអនាគតពលរដ្ឋ និងគំរាមកំហែងដល់សន្តិសុខជាតិយ៉ាងធ្ងន់ធ្ងរ។ ថ្វីបើអាជ្ញាធរថៃអះអាងថា ខ្លួននឹងបន្តការស៊ើបអង្កេតដើម្បីតាមស្រាវជ្រាវរកមេខ្លោងធំយ៉ាងណាក៏ដោយ ក៏មហាជននៅតែចោទជាសំណួរលើប្រសិទ្ធភាពនៃការទប់ស្កាត់គ្រឿងញៀនឆ្លងដែន និងការអនុវត្តច្បាប់នៅក្នុងប្រទេសមួយនេះដដែល៕

ប្រភព៖ Khaosod English

Share.