ភ្នំពេញ៖ វិទ្យាល័យព្រះអង្គឌួង ដែលជាសាលារៀនជំនាន់ថ្មី បានចាប់ផ្តើមអនុវត្តវិធានការគ្រប់គ្រងការប្រើប្រាស់ទូរសព្ទដៃរបស់សិស្សានុសិស្សក្នុងម៉ោងសិក្សា តាំងពីឆ្នាំសិក្សា២០២៥-២០២៦ មកម្ល៉េះ ដោយបានរៀបចំប្រអប់សម្រាប់ដាក់ទូរសព្ទនៅតាមបន្ទប់រៀននីមួយៗ ដើម្បីពង្រឹងវិន័យ និងជំរុញឱ្យសិស្សផ្តោតអារម្មណ៍លើការរៀនសូត្រ។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ការអនុវត្តវិធានការនេះ មានគោលបំណងកាត់បន្ថយការប្រើប្រាស់ទូរសព្ទដែលមិនពាក់ព័ន្ធនឹងការសិក្សា ព្រមទាំងជួយឱ្យសិស្សានុសិស្សអាចផ្តោតអារម្មណ៍លើមេរៀនបានកាន់តែប្រសើរ។ ទោះជាយ៉ាងណា សិស្សនៅតែអាចប្រើប្រាស់ទូរសព្ទបាននៅពេលបញ្ចប់ម៉ោងសិក្សា ឬក្នុងករណីដែលមានការអនុញ្ញាត និងការណែនាំពីលោកគ្រូ អ្នកគ្រូ សម្រាប់ការសិក្សាស្រាវជ្រាវ។

ការអនុវត្តវិធានការនេះ ធ្វើឡើងស្របពេលដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បានដាក់ចេញទិសដៅសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ដោយស្នើឱ្យសាលារៀនរដ្ឋទូទាំងប្រទេស គ្រប់គ្រងការប្រើប្រាស់ទូរសព្ទរបស់សិស្សក្នុងម៉ោងសិក្សា ពោលគឺមិនអនុញ្ញាតឱ្យប្រើប្រាស់ដោយគ្មានការអនុញ្ញាតពីគ្រូ លើកលែងតែករណីដែលគ្រូអនុញ្ញាតឱ្យប្រើប្រាស់សម្រាប់ការសិក្សាស្រាវជ្រាវ។

ក្នុងឱកាសនោះ សម្តេចធិបតីបានលើកឡើងថា ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលហួសកម្រិត និងមិនចំគោលដៅ អាចជះឥទ្ធិពលអវិជ្ជមានដល់ការសិក្សារបស់សិស្ស ដូចជាការថយចុះនៃការចងចាំ ការខ្វះការផ្តោតអារម្មណ៍ និងការឃ្លាតឆ្ងាយពីទំនាក់ទំនងសង្គម។ ជាពិសេស ក្នុងពេលដែលបញ្ញាសិប្បនិម្មិត (AI) កំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យអប់រំ កាន់តែទាមទារឱ្យមានការគ្រប់គ្រង និងការណែនាំឱ្យបានត្រឹមត្រូវ។

សម្តេចធិបតីក៏បានលើកឡើងពីហានិភ័យនៃការប្រើប្រាស់ឧបករណ៍ឌីជីថលដោយគ្មានការត្រួតពិនិត្យពីគ្រូបង្រៀន ដោយសិស្សអាចចំណាយពេលក្នុងម៉ោងរៀនទៅលើការកម្សាន្ត ឬការប្រើប្រាស់បណ្តាញសង្គម ដូចជា TikTok ជំនួសឱ្យការយកចិត្តទុកដាក់លើមេរៀន ដែលអាចធ្វើឱ្យការសិក្សាមិនទទួលបានលទ្ធផលតាមការរំពឹងទុក។
ជាមួយគ្នានេះ សម្តេចធិបតីបានរំឭកពីបទពិសោធន៍នៃការសិក្សាតាមប្រព័ន្ធអនឡាញក្នុងអំឡុងពេលជំងឺកូវីដ១៩ ដោយបញ្ជាក់ថា ការពឹងផ្អែកតែលើវីដេអូ និងប្រព័ន្ធអ៊ីនធឺណិត ដោយគ្មានការបង្រៀន ណែនាំ និងតាមដានផ្ទាល់ពីគ្រូ អាចធ្វើឱ្យសិស្សខ្វះការយកចិត្តទុកដាក់ និងមិនទទួលបានចំណេះដឹងគ្រប់គ្រាន់។

សម្តេចធិបតីក៏បានណែនាំដល់រដ្ឋបាលខេត្ត មន្ទីរអប់រំ យុវជន និងកីឡា នាយកសាលា លោកគ្រូ អ្នកគ្រូ ព្រមទាំងឪពុកម្តាយ និងអាណាព្យាបាលសិស្ស ឱ្យចូលរួមសហការគ្នាក្នុងការគ្រប់គ្រង និងតម្រង់ទិសការប្រើប្រាស់បច្ចេកវិទ្យារបស់កុមារ និងយុវជន ដើម្បីធានាថា ឧបករណ៍ឌីជីថលត្រូវបានប្រើប្រាស់ជាមធ្យោបាយជួយដល់ការសិក្សា និងការអភិវឌ្ឍចំណេះដឹង ជាជាងក្លាយជាកត្តារំខានដល់ការរៀនសូត្រ៕

