
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃកម្ពុជា និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន នៃក្រសួងការពារប្រទេសវៀតណាម បានសម្រេចចុះហត្ថលេខាលើកំណត់ហេតុកិច្ចប្រជុំពិភាក្សាការងារឆ្នាំ២០២៦ ដើម្បីពង្រឹងសាមគ្គីភាព មិត្តភាព និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើវិស័យអន្តោប្រវេសន៍រវាងប្រទេសទាំងពីរ។
ពិធីចុះហត្ថលេខានេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គទ្វេភាគី លើកិច្ចការងារអន្តោប្រវេសន៍ កាលពីរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ កម្ពុជា ដោយមានការចូលរួមពី លោកឧត្តមសេនីយ៍ឯក សារិន សារីណូ ប្រធាននាយកដ្ឋានច្រកទ្វារទី២ ព្រមទាំងគណៈប្រតិភូអន្តោប្រវេសន៍ជាច្រើនរូប និងភាគីវៀតណាម ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ វូ ជុងគៀន (Vu Trung Kien) មេបញ្ជាការ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំទ្វេភាគីនេះ ភាគីទាំងពីរបានផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅ និងសម្រេចបាននូវការយល់ឃើញរួមគ្នាយ៉ាងសំខាន់ក្នុងការរៀបចំសណ្តាប់ធ្នាប់ គ្រប់គ្រងលំហូរមនុស្សចេញ-ចូល និងបង្កើនប្រសិទ្ធភាពការងារអន្តោប្រវេសន៍តាមច្រកទ្វារព្រំដែន។ ជាមួយគ្នានេះ កិច្ចព្រមព្រៀងនៃកំណត់ហេតុឆ្នាំ២០២៦ នេះ ក៏បានផ្តោតសំខាន់លើការរៀបចំមាសភាពការងារ ផ្អែកលើស្មារតីពង្រឹងសាមគ្គីភាព មិត្តភាព ការបង្កើនទំនុកចិត្ត និងការយោគយល់គ្នាទៅវិញទៅមក សំដៅធានាបាននូវសន្តិសុខ ស្ថិរភាព និងភាពស្របច្បាប់នៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ។

