ប៉ូលិសថៃបានសម្រេចបង្កកគណនីធនាគាររបស់អ្នកនាង ប៉ាណាត់ដា វង្សភុឌ្ឍី (Panadda Wongphudee) អតីតអ្នកនាំពាក្យកងទ័ពថៃ និងជាម្ចាស់មកុដបវរកញ្ញាថៃឆ្នាំ ២០០០ ព្រមទាំងស្វាមី ដោយសារតែមានការសង្ស័យជុំវិញដំណើរការគ្រប់គ្រងមូលនិធិសប្បុរសធម៌ ដែលមានទឹកប្រាក់រាប់លានបាត។

រឿងរ៉ាវនេះបានកើតឡើងបន្ទាប់ពីអង្គភាពស៊ើបអង្កេតកណ្តាល (CIB) ផ្ដើមបើកការត្រួតពិនិត្យយ៉ាងហ្មត់ចត់ទៅលើមូលនិធិ «The Goodness Foundation» ដែលគ្រប់គ្រងដោយអតីតអ្នកនាំពាក្យកងទ័ពថៃរូបនេះ ក្រោយមានការសង្ស័យ និងការងឿងឆ្ងល់ពីសាធារណជនពាក់ព័ន្ធនឹងតម្លាភាពនៃការចាយវាយថវិកាជំនួយ ដែលប្រមូលបានជិត ១ពាន់លានបាត សម្រាប់ជួយសង្គ្រោះគ្រោះមហន្តរាយ និងកិច្ចការមនុស្សធម៌ផ្សេងៗ។

តាមរយៈការស៊ើបអង្កេតបឋម ប៉ូលិសកំពុងពិនិត្យមើលថា តើថវិកាបរិច្ចាគ ទាំងនោះត្រូវបានប្រើប្រាស់ចំគោលដៅ ឬមានការចាត់ចែងខុសប្រក្រតីឬទេ ព្រោះមានព័ត៌មានលេចឮថា មានការផ្ទេរប្រាក់ច្រើនសន្ធឹកសន្ធាប់ទៅឱ្យភាគីទីបី ដើម្បីសាងសង់វីឡាមានអាងហែលទឹកនៅខេត្តភូកេត និងដីធ្លីរាប់សិបកន្លែងនៅច្រើនខេត្ត ដែលធ្វើឱ្យមហាជនដាក់ការសង្ស័យ និងទាមទារឱ្យមានការលាតត្រដាងការពិត។

ទោះជាយ៉ាងណា ក្នុងនាមជាអ្នកគ្រប់គ្រងមូលនិធិ តំណាង និងភាគីពាក់ព័ន្ធ កំពុងស្ថិតក្រោមដំណាក់កាលប្រមូលភស្តុតាង និងបំភ្លឺកិច្ចការងារហិរញ្ញវត្ថុរបស់ខ្លួនជូនដល់អាជ្ញាធរ ខណៈដែលចំណាត់ការបង្កកគណនីនេះ គឺជាវិធានការផ្លូវច្បាប់ធម្មតាក្នុងការរក្សាទុកនូវភាពច្បាស់លាស់ និងផ្ដល់យុត្តិធម៌សម្រាប់គ្រប់ភាគីទាំងអស់ មុនពេលការស៊ើបអង្កេតឈានដល់ទីបញ្ចប់៕

ប្រភព៖ The Thaiger

Share.