បាងកក៖ ប៉ូលិសជំនាញបង្រ្កាបបទល្មើសថៃ បានឃាត់ខ្លួនលោក ហ្គត់ អាទីប អាន័នថាវ៉ាន់ ដែលត្រូវជាស្វាមីរបស់អ្នកនាង ប៊ូម បាណាត់ដា ភ្លាមៗនៅពេលដែលរូបលោកបានបង្ហាញខ្លួននៅមុខអគារទីស្នាក់ការការិយាល័យស៊ើបអង្កេតកណ្តាល (CIB) ក្រោមដីកាចាប់ខ្លួនពីបទពាក់ព័ន្ធនឹងសំណុំរឿងលាងលុយកខ្វក់។

យោងតាមរបាយការណ៍របស់សារព័ត៌មាន Thairath បានឱ្យដឹងថា ព្រឹត្តិការណ៍នេះបានកើតឡើងបន្ទាប់ពីមានការទំនាក់ទំនងពីមនុស្សជំនិតរបស់លោក ហ្គត់ អាទីប មកកាន់ប៉ូលិស ដោយបញ្ជាក់ថា រូបលោកនឹងចូលមកប្រគល់ខ្លួនតាមផ្លូវច្បាប់។ លោក ហ្គត់ អាទីប បានធ្វើដំណើរមកដល់ច្រកទ្វារចូលខាងមុខអគារ CIB ដោយមានក្រុមមេធាវីមកជាមួយ មុនពេលត្រូវប៉ូលិសអានដីកាបង្គាប់ និងនាំខ្លួនចូលទៅកាន់មជ្ឈមណ្ឌលទទួលពាក្យបណ្តឹង ដើម្បីសាកសួរចម្លើយភ្លាមៗ។

អំឡុងពេលនៃការបង្ហាញខ្លួននោះ ក្រុមអ្នកសារព័ត៌មានបានព្យាយាមសាកសួរជុំវិញសំណួរថា តើលោកបានគេចខ្លួនទៅទីណាខ្លះកន្លងមក និងមានអារម្មណ៍យ៉ាងណាដែរពេលដែលឃើញភរិយា គឺអ្នកនាង ប៊ូម បាណាត់ដា ត្រូវរ៉ាប់រងដោះស្រាយបញ្ហានេះតែម្នាក់ឯង ប៉ុន្តែលោក ហ្គត់ អាទីប រក្សាភាពស្ងៀមស្ងាត់ និងមិនបានឆ្លើយតបនឹងសំណួរណាមួយឡើយ មុនពេលត្រូវប៉ូលិសនាំខ្លួនចូលទៅខាងក្នុង។

គួរបញ្ជាក់ផងដែរថា មុនពេលសម្រេចចិត្តចូលខ្លួនមកសារភាពនេះ ប៉ូលិសបានបើកប្រតិបត្តិការចុះឆែកឆេរផ្ទះវីឡា និងទីតាំងមូលនិធិផ្សេងៗរបស់លោក ហ្គត់ អាទីប ជាច្រើនកន្លែង ទាំងនៅក្នុងខេត្តបទុមធានី និងតំបន់បាងខែន ប៉ុន្តែពុំបានរកឃើញលោកនោះឡើយ ទើបតែព្រឹកថ្ងៃទី៦ ខែវិច្ចិកា នេះ រូបលោកបានចូលខ្លួនដោះស្រាយតាមផ្លូវច្បាប់៕

