ភ្នំពេញ៖ក្នុងឱកាសអបអរសាទរ ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣ ក្រោមប្រធានបទ «ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស» សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការ វិនិយោគដែលមានប្រសិទ្ធភាពខ្ពស់បំផុតក្នុងការពង្រឹងទុនមនុស្ស ដែលជាកាតាលីករមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន។
ទិវាជាតិអាហារូបត្ថម្ភ ដែលត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី៦ ខែវិច្ឆិកា គឺមានគោលបំណងផ្សព្វផ្សាយឲ្យបានទូលំទូលាយ និងលើកកម្ពស់ការយល់ដឹងសាធារណៈ អំពីសារៈសំខាន់នៃវិស័យសុខាភិបាល និងអាហារូបត្ថម្ភ ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍមូលដ្ឋានមនុស្ស និងបង្កើនផលិតភាពការងារ។
សម្តេចធិបតីបានបញ្ជាក់ថា ឆ្លងកាត់រយៈកាលជាងពីរទស្សវត្សរ៍ចុងក្រោយនេះ ក្រោមគោលនយោបាយដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល សភាពការណ៍អាហារូបត្ថម្ភ និងការអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា មានការរីកចម្រើនជាបន្តបន្ទាប់គួរឱ្យត់សម្គាល់។ ទោះជាយ៉ាងណាក៏ដោយ បញ្ហាប្រឈមមួយចំនួននៅតែមានដូចជា បញ្ហាក្រិសក្រិន ស្គមស្គាំង កង្វះមីក្រូសារជាតិ និងការលើសទម្ងន់ជាដើម។
បើតាមសម្តេចប្រមុខរាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ និងឆ្ពោះទៅសម្រេចចក្ខុវិស័យឆ្នាំ២០៥០ រាជរដ្ឋាភិបាលបានដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយចាត់ទុកការអភិវឌ្ឍមូលដ្ឋានមនុស្សជាអាទិភាពខ្ពស់បំផុត។ ក្នុងនោះ ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ បាននិងកំពុងជំរុញការអនុវត្តវិធានការគន្លឹះសំខាន់ៗរួមមាន៖
- ការពង្រឹងគុណភាពសេវាសុខាភិបាល៖ ផ្តោតលើការផ្តល់សេវាថែទាំសុខភាពកាន់តែទូលំទូលាយ លើកកម្ពស់សុខភាពមាតា និងកុមារ ការបំបៅកូនដោយទឹកដោះម្តាយ និងការបន្ថែមអាហារបំប៉នដល់កុមារ។
- សន្តិសុខស្បៀង និងកសិកម្ម៖ ជំរុញផលិតភាពកសិកម្មប្រកបដោយចីរភាព ដើម្បីធានាបាននូវស្បៀងគ្រប់គ្រាន់ និងមានជីវជាតិសម្រាប់ប្រជាពលរដ្ឋគ្រប់រូប។
- ការអប់រំ និងសុខុមាលភាពសាលារៀន៖ រៀបចំកម្មវិធីអាហារូបត្ថម្ភនៅតាមសាលារៀន និងលើកកម្ពស់ការយល់ដឹងពីចំណីអាហារដែលមានសុខភាពល្អដល់សិស្សានុសិស្ស។
- កិច្ចការពារសង្គម៖ ពង្រីករបបសន្តិសុខសង្គមសម្រាប់គ្រួសារងាយរងគ្រោះ ស្រ្តីមានមានផ្ទៃពោះ និងកុមារតូច។
ជាមួយគ្នានេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានអំពាវនាវដល់ ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងបងប្អូនជនរួមជាតិទាំងអស់ សូមបន្តយកចិត្តទុកដាក់ និងចូលរួមសហការឱ្យបានសកម្មថែមទៀត ក្នុងការអនុវត្តការងារអាហារូបត្ថម្ភ ដើម្បីធានាបាននូវអនាគតដ៏ភ្លឺស្វាង និងសុខុមាលភាពដ៏ល្អប្រសើរសម្រាប់កូនចៅជំនាន់ក្រោយ៕





