រឿងអាស្រូវដែលនាំឱ្យបាត់បង់កិត្តិយសរបស់តារាស្រី ខ្ញុង ត្រូវបានមហាជនមួយចំនួនគេវាយតម្លៃថា ជាការបង្កើតហេតុការណ៍ ឬព្រឹត្តិការណ៍ទាក់ទាញចំណាប់អារម្មណ៍ ក្នុងគោលដៅបំពេញយុទ្ធាសាស្ត្រទីផ្សារបែបសម័យបច្ចេកវិទ្យាទំនើប។ តែសម្រាប់តារាកំប្លែង អ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង គឺបានសង្កត់ធ្ងន់ថា ជីវិតអ្នកនាងគឺប្រទះព្យុះភ្លៀងមួយមេធំពិតមែន ដែលធ្វើឱ្យអ្នកនាងគ្រោះថ្នាក់ក្នុងដំណាក់កាលចុងក្រោយ ទើបហ៊ានប្រថុយជីវិត ប្រកាសក្ស័យធុន និងប្រឈមមុខដើរចូលគុកចោលប្ដីនិងកូន។
តើក្រោយពេលជួបហេតុការណ៍ក្នុងជីវិតបែបនេះហើយ អ្នកនាង ខ្ញុង រៀនបានបទពិសោធន៍អ្វីខ្លះពីរឿងលំបាកមួយនេះ?
ឆ្លើយប្រាប់សារព័ត៌មានត្រយងទាំងចេញពីចិត្តពិត អ្នកនាង ខ្ញុង បានរៀបរាប់ថា « ខ្ញុំពិតជាអរគុណចំពោះសំណួរមួយនេះណាស់ ហើយក៏ខ្ញុំក៏ចង់ឆ្លើយប្រាប់ថា ក្រោយពីជួបរឿងរ៉ាវនេះហើយ ខ្ញុំពិតជាអរគុណចំពោះស្វាមីខ្ញុំ ដែលគាត់ពុំដែលមានចិត្តបោះបង់ខ្ញុំ និងនៅក្បែរខ្ញុំលើកទឹកចិត្តដល់រូបខ្ញុំបន្ថែមទៀត។ ហើយខ្ញុំក៏អរគុណអ្នកសិល្បៈមួយចំនួន ដែលបានធ្វើឱ្យខ្ញុំស្គាល់ពីវប្បធម៌ក្ដិចត្រួយ»។
អ្នកនាងខ្ញុង បន្ដប្រាប់ទៀតថា « មានអ្នកសិល្បៈមួយចំនួនបែរជាមិនលើកទឹកចិត្ត បែរជាជាន់ពន្លិចខ្ញុំថែមទៀត ព្រោះតាមធម្មតាចង្កៀងផ្ទះអ្នកណា គឺភ្លឺផ្ទះអ្នកហ្នុងហើយ។ អ្នកសិល្បៈមួយចំនួនគឺគាត់មិនអាចដឹងរឿងក្នុងផ្ទះ ឬគ្រួសារខ្ញុំអស់ទេ។ ខ្ញុំមិនបានប្រកាន់ខឹង ឬស្អប់គាត់ទេ តែខ្ញុំអរគុណដែលគាត់ធ្វើឱ្យខ្ញុំពីវប្បធម៌ក្ដិចត្រួយនេះ ហើយមួយទៀត ធ្វើឱ្យខ្ញុំរៀនបានថា អ្នកណាជាមួយល្អពិតប្រាកដសម្រាប់ខ្ញុំ»។
អ្នកនាង ខ្ញុង បានសង្កត់ធ្ងន់ទៀតថា អ្នកនាងអរគុណចំពោះមហាជនអ្នកគាំទ្ររបស់អ្នកនាង ដែលមានសន្ដានចិត្តល្អ ស្រណោះប្រណីអាណិតចំពោះអ្នកនាង ដែលបានបាញ់លុយឱ្យអ្នកនាង ក៏ប៉ុន្ដែរហូតមកទល់ពេលនេះ អ្នកនាងនៅមិនទាន់បានប្រើប្រាស់លុយនោះនៅឡើយទេ។
សូមជម្រាបបន្ថែមថា រហូតមកទល់ថ្ងៃនេះ គេបានឃើញអាជីពច្រៀងការរបស់អ្នកនាង ខ្ញុង និងស្វាមី កៃដ បានកក្រើកបានមួយរោងបណ្ដើរៗហើយ។ ទោះជាយ៉ាងណា គេមើលថា អ្នកគាំទ្រអ្នកនាង នៅតែបន្ដអញ្ជើញអ្នកនាងឱ្យទៅច្រៀងការដោយមិនប្រកាន់រឿងអាស្រូវ៕