ប្រព័ន្ធសន្តិសុខ និងការគ្រប់គ្រងការទប់ស្កាត់បទល្មើសបច្ចេកវិទ្យានៅប្រទេសថៃ កំពុងតែត្រូវបានគេរិះគន់ និងសង្ស័យជាថ្មីទៀតហើយ ក្រោយពេលដែលប៉ូលិសថៃបានរកឃើញប្រអប់ស៊ីមកាតប្រើដើម្បីទាក់ទងបោកប្រាស់ចំនួន ២គ្រឿង ត្រូវបានគេលាក់ទុកនៅលើពិដាន ក្នុងផ្ទះសំណាក់មួយកន្លែងនៅតំបន់ទេសចរណ៍ដ៏មានប្រជាប្រិយភាព ដែលគេស្គាល់ថា ផ្លូវកៅសាន ក្នុងទីក្រុងបាងកក។

ទង្វើទុច្ចរិតនេះ គឺត្រូវគេប្រើប្រាស់ជាឧបករណ៍បញ្ជូនសញ្ញាទូរស័ព្ទខុសច្បាប់ សម្រាប់ក្រុមឧក្រិដ្ឋជនកេងប្រវ័ញ្ចបោកប្រាក់ពីជនរងគ្រោះ ឬហៅថា ក្រុមខលសិនសេនធ័រ។ អ្វីដែលគួរឱ្យហួសចិត្ត និងជាចំណុចខ្សោយដ៏ធំរបស់អ្នកគ្រប់គ្រង និងប៉ូលិសថៃនោះគឺ ឧបករណ៍លួចបន្លំទាំងនេះត្រូវបានគេលាក់ទុកក្នុងទីតាំងកណ្តាលក្រុង ប៉ុន្តែអាជ្ញាធរមានសមត្ថកិច្ចថៃហាក់ដូចជា យឺតយ៉ាវ និងមិនអាចទប់ស្កាត់បានទាន់ពេលវេលា រហូតទាល់តែមានបណ្តឹងពីជនរងគ្រោះ ទើបចាត់វិធានការតាមដានសញ្ញា។


បើទោះបីជាប៉ូលិសបានចុះឆែកឆេរ រឹបអូសឧបករណ៍ជាច្រើន រាប់បញ្ចូលទាំងរ៉ោតទ័រអ៊ីនធឺណិត និងកាមេរ៉ាសុវត្ថិភាព រួចបន្តតាមចាប់ខ្លួនជនសង្ស័យជនជាតិចិនម្នាក់ទៀត នៅតំបន់ រ៉ាម៉ា ៩ ក៏ដោយ ប៉ុន្តែបញ្ហានេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា ទឹកដីថៃកំពុងក្លាយជាទីជម្រកសុវត្ថិភាព និងជាមូលដ្ឋានទុនរបស់ពួកឧក្រិដ្ឋជនបរទេស ក្នុងការប្រើប្រាស់បច្ចេកវិទ្យាបោកប្រាស់ប្រជាពលរដ្ឋយ៉ាងរលូន ដោយខ្វះការត្រួតពិនិត្យឱ្យបានតឹងរឹងពីសំណាក់អាជ្ញាធរពាក់ព័ន្ធ៕

