ប្រធានក្លិបបាល់ទាត់វិសាខា លោកជំទាវ កែ សួនសុភី នៅ​ថ្ងៃទី១០ វិច្ឆិកានេះ បានបង្ហាញ​ភាព​មិនពេញ​ចិត្តលើ​ការ​កាត់​សេចក្ដី​របស់អាជ្ញាកណ្តាលក្នុងការប្រកួតរវាង Angkor Tiger និង វិសាខា ដោយ​បាន​លើកឡើង​ថា ៖«ការចាញ់ដោយសមត្ថភាព យើង ទទួលយកបានដោយស្មារតីកីឡា ប៉ុន្តែការចាញ់ដោយសារភាពមិនប្រក្រតីនៃការកាត់សេចក្តី គឺពិត ជាពិបាកទទួលយកណាស់! ការសម្រេចចិត្តខ្វះភាពច្បាស់លាស់របស់ អាជ្ញាកណ្តាលក្នុង ការប្រកួត រវាង អង្គរថៃហ្គ័រ និង វិសាខា (3-1) បានជះឥទ្ធិពលយ៉ាងខ្លាំងដល់លទ្ធផលការប្រកួត»។

លោកជំទាវ កែ សួនសុភី បន្ត​ថា៖ «បើស្ថានភាពបែបនេះនៅតែបន្ត កម្រិតបាល់ទាត់ជាតិ មិនត្រឹម​តែមិនរីកចម្រើននោះទេ ថែមទាំងធ្វើឱ្យបាត់បង់ទំនុកចិត្តពីអ្នកគាំទ្រ និងធ្វើឱ្យអ្នកវិនិយោគ លែង មាន​ទឹកចិត្តបន្តការបោះទុនគាំទ្រវិស័យនេះទៀតផង។ សូមមេត្តាពិនិត្យ និងកែលម្អគុណភាព អាជ្ញា កណ្តាលដើម្បីភាពយុត្តិធម៌ និងការអភិវឌ្ឍពិតប្រាកដនៃបាល់ទាត់ជាតិ!»។

លោកជំទាវប្រធានក្លិបបាល់ទាត់វិសាខា បាន​បន្ថែម​ថា៖ «ការលះបង់អស់រយៈពេលជាង១០ឆ្នាំមកនេះ គឺមិនដែលទទួលបានប្រាក់ចំណេញ សូម្បីតែមួយ ដុល្លារឡើយ ហើយស្ថានភាពនៃក្លឹបបាល់ទាត់ដទៃទៀតក៏មិនខុសគ្នាដែរ។»

គួរ​បញ្ជាក់ថា ការ​លើកឡើង​របស់​ប្រធានក្លិបបាល់ទាត់វិសាខា លោកជំទាវ កែ សួនសុភី បន្ទាប់​ពី​មាន​មតិរិះគន​ជាច្រើន​ជុំ​ការដឹក​នាំ​របស់​លោក​អាជ្ញាកណ្ដាល ក្នុង​ការប្រកួត​ប្រកួត​រវាង​ក្លិបបាល់ទាត់​អង្គរថាយហ្គឺរ ជាមួយ​វិសាខា ដោយ​បញ្ចប់​ទៅ​ក្នុង​លទ្ធផល ៣-១ កាល​ពី​ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្រាប់​សប្ដាហ៍ទី៧ នៃពាន​រង្វាន់​លីគកំពូលកម្ពុជា រដូវ​កាល​ឆ្នាំ២០២៦/២៧៕

Share.