កម្លាំងសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ចំនួន ២ករណី ក្នុងថ្ងៃតែមួយ ដោយឃាត់ខ្លួនជនសង្ស័យប្រុសស្រីសរុបចំនួន ១០នាក់ ក្នុងនោះមានជនជាតិថៃ ២នាក់ និងជនជាតិចិន ៤នាក់ នៅចំណុចភូមិបាលិលេយ្យ២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

ប្រតិបត្តិការបង្រ្កាបគ្រឿងញៀននេះ បានធ្វើឡើងនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្ដមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដោយមានការដឹកនាំផ្ទាល់ពី លោកឧត្ដមសេនីយ៍ត្រី ធិន សុិនដេត ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងការិយាល័យជំនាញ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត។

ជនសង្ស័យទាំង ១០នាក់ ដែលត្រូវឃាត់ខ្លួន រួមមាន៖ ជនជាតិថៃ ២នាក់ (ស្រី ១នាក់), ជនជាតិចិន ៤នាក់ និងជនជាតិខ្មែរ ៤នាក់ (ស្រី ១នាក់)។ ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចក៏បានដកហូតវត្ថុតាងគ្រឿងញៀនខុសច្បាប់មួយចំនួន ព្រមទាំងរថយន្តចំនួន ៣គ្រឿងផងដែរ។

បច្ចុប្បន្ន ជនសង្ស័យទាំង ១០នាក់ ព្រមទាំងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យជំនាញកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការ និងផ្តន្ទាទោសតាមនីតិវិធីផ្លូវច្បាប់៕

Share.