នៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ គណៈរដ្ឋមន្ត្រីថៃបានសម្រេចអនុម័តជាផ្លូវការនូវការកំណត់យកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៦ ខាងមុខនេះ ជាថ្ងៃឈប់សម្រាកករណីពិសេស ដើម្បីរៀបចំរាជពិធីថ្វាយព្រះភ្លើងព្រះបរមសព សម្តេចព្រះមហាក្សត្រីយានី សិរិកិតិ៍ ដែលជាព្រះរាជមាតារបស់ព្រះមហាក្សត្រ មហាវ៉ាជីរ៉ាឡុងកន រាមាទី១០។ ក្នុងនោះពិធីថ្វាយព្រះភ្លើងព្រះបរមសពនេះ ត្រូវបានប្រកាសថា នឹងប្រព្រឹត្តទៅរយៈពេល ៥ថ្ងៃពេញ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៦ ខាងមុខ។

ការកំណត់ថ្ងៃឈប់សម្រាកករណីពិសេសនេះ ធ្វើឡើងក្នុងគោលបំណងផ្តល់ឱកាសជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ បានចូលរួមកាន់ទុក្ខ និងថ្វាយព្រះកុសលចុងក្រោយថ្វាយព្រះបរមសព ក៏ដូចជាធានាឱ្យកិច្ចដំណើរការរៀបចំរាជពិធីថ្នាក់ជាតិប្រព្រឹត្តទៅដោយរលូន និងសមស្របតាមព្រះរាជប្រពៃណីរបស់ខ្សែរាជវង្សថៃ។

ទោះជាយ៉ាងណា ការរៀបចំរាជពិធី និងការប្រកាសថ្ងៃឈប់សម្រាកផ្លូវការនាពេលនេះ បានលាតត្រដាងពីការបង្កើតឥទ្ធពិលរាជានិយមនៅក្នុងប្រទេសថៃ និងការចំណាយថវិការដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់។ ជាក់ស្ដែង គណៈរដ្ឋមន្ត្រីថៃសព្វថ្ងៃ ចង់បង្ហាញថា អំណាចស្ថាប័នព្រះមហាក្សត្រនៅតែមានតួនាទីសំខាន់ និងចាក់ឬសរឹងមាំក្នុងប្រទេស ចំពោះបញ្ហានយោបាយផ្ទៃក្នុង រួមសំណើកែទម្រង់រចនាសម្ព័ន្ធសង្គមដែលមិនទាន់បានដោះស្រាយ ក៏ត្រូវរង់ចាំឱ្យស្ថាប័នកំពូលមួយនោះចូលមកលូកដៃក្នុងជួររដ្ឋាភិបាលផងដែរ។

ក្រៅពីរូបភាពនៃអំណាចស្ថាប័នកំពូលដែលជាស្ថាប័នព្រះមហាក្សត្រហើយនោះ គណៈរដ្ឋមន្ត្រីថៃចង់បង្ហាញឱ្យមហាជនថៃបានដឹងថា សេដ្ឋកិច្ចថៃ មានមួយផ្នែកធំដែលត្រូវពឹងផ្អែកទៅលើស្ថាប័នមួយនេះ បើទោះបីជាការផ្អាកសេវាផ្លូវការ និងការរឹតបន្តឹងសន្តិសុខឆ្លងដែននៅថ្ងៃឈប់សម្រាកសម្រាប់ព្រះរាជពិធីបុណ្យច្រើន ដែលហុចផលប៉ះពាល់ដោយផ្ទាល់ដល់ដំណើរការឯកសារច្បាប់នានាក្ដី ឬរំខានដល់ខ្សែច្រវាក់ផលិតកម្មនានាក្ដី ក៏រដ្ឋាភិបាលថៃត្រូវបង្ខំចិត្តសម្រេចយកតាមស្ថាប័នកំពូលដែលបានអនុម័តទាំងស្រុង៕

