ភ្នំពេញ៖ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាសូហ្វតិន្នីស នៃព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ ឆ្នាំ២០២៦ នៅទីលានកីឡាសូហ្វតិន្នីស ក្នុងពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ ឯកឧត្តម សរ សិទ្ធិ ប្រធានសហព័ន្ធ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំការប្រកួត ក្រុមការងារបច្ចេកទេស អាជ្ញាកណ្ដាល និងក្រុមការងារពាក់ព័ន្ធទាំងអស់របស់សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតនេះឱ្យប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ ស្របតាមលក្ខណៈបច្ចេកទេស។
ឯកឧត្តមប្រធានបានគូសបញ្ជាក់បន្ថែមថា វិស័យកីឡាមិនត្រឹមតែជាមធ្យោបាយសម្រាប់វាស់ស្ទង់សមត្ថភាព សុខភាព និងកាយសម្បទាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស្ពានដ៏សំខាន់ក្នុងការផ្សារភ្ជាប់ទំនាក់ទំនង បង្កើនភាពស្និទ្ធស្នាល សាមគ្គីភាព និងការយោគយល់គ្នាទៅវិញទៅមកក្នុងសង្គមផងដែរ។

ឆ្លងកាត់ការប្រកួតកន្លងមក ឯកឧត្តមប្រធានបានសង្កេតឃើញថា កីឡាករ និងកីឡាការិនីទាំងអស់បានបង្ហាញនូវទេពកោសល្យ សមត្ថភាព និងបច្ចេកទេសយ៉ាងល្អ ព្រមទាំងស្មារតីតស៊ូប្រកួតប្រជែងយ៉ាងស្វិតស្វាញ គួរឱ្យកោតសរសើរ។
ឯកឧត្តម សរ សិទ្ធិ បានចាត់ទុកព្រឹត្តិការណ៍ប្រកួតនេះថា ជារបត់ដ៏សំខាន់មួយក្នុងការស្វែងរក និងបណ្ដុះបណ្ដាលធនធានកីឡាករ និងកីឡាការិនីជំនាន់ក្រោយដែលមានសក្ដានុពល ដើម្បីបន្តវេន និងពង្រឹងក្រុមជម្រើសជាតិកម្ពុជាឱ្យកាន់តែមានសមត្ថភាព។

ជាមួយគ្នានេះ អ្វីដែលជាមោទនភាពនោះ គឺយុវជន និងយុវនារីទាំងអស់បានចូលរួមប្រកួតប្រជែងដោយប្រកាន់ខ្ជាប់នូវស្មារតីយុត្តិធម៌ (Fair Play) គោរពវិន័យ ផ្ដល់តម្លៃដល់ដៃគូប្រកួត និងទទួលយកការសម្រេចរបស់អាជ្ញាកណ្ដាលប្រកបដោយភាពថ្លៃថ្នូរ។
សូមជម្រាបជូនថា ការប្រកួតកីឡាសូហ្វតិន្នីស ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ ឆ្នាំ២០២៦ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានរយៈពេល ៤ថ្ងៃ និងដំណើរការលើ ៦ ប្រភេទវិញ្ញាសា។ ការប្រកួតនេះមានការចូលរួមពីក្រសួង ស្ថាប័ន សមាគម ក្លិប និងរាជធានី-ខេត្ត សរុបចំនួន ៥ ក្រុម រួមមាន៖
១. ក្រសួងមហាផ្ទៃ
២. ក្រសួងការពារជាតិ
៣. ខេត្តកណ្ដាល
៤. ខេត្តកំពង់ឆ្នាំង
៥. ខេត្តកំពង់ស្ពឺ៕








