សៀមរាប៖ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «មូលដ្ឋានគ្រឹះនៃរូបិយបណ្ណគ្រីបតូ» ដែលរៀបចំឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងនគរបាលជាតិកម្ពុជា និងនគរបាលសហព័ន្ធអូស្ត្រាលី (AFP) ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដោយមានសិក្ខាកាមចូលរួមសរុបចំនួន២៥នាក់ ក្នុងនោះមន្ត្រីនគរបាលជាតិកម្ពុជាចំនួន២០នាក់ មកពីតាមបណ្តាស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងមន្ត្រីនគរបាលឡាវចំនួន៥នាក់។ ពិធីនេះ ប្រព្រឹត្តិទៅនៅសណ្ឋាគារ Courtyard by Marriott ខេត្តសៀមរាប នាព្រឹកថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦។

ពិធីនេះត្រូវបានរៀបចំឡើងដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្នុងគោលបំណងពង្រឹងចំណេះដឹង និងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ លើការយល់ដឹងអំពីបច្ចេកវិទ្យា Blockchain ប្រតិបត្តិការរូបិយបណ្ណគ្រីបតូ និងបច្ចេកទេសស្រាវជ្រាវពាក់ព័ន្ធនឹងបទល្មើសហិរញ្ញវត្ថុក្នុងបរិបទឌីជីថល។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ហួត សុធី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណចំពោះតំណាងនគរបាលសហព័ន្ធអូស្ត្រាលី ព្រមទាំងក្រុមគ្រូឧទ្ទេសនាម ដែលបានចូលរួមចែករំលែកចំណេះដឹង បទពិសោធន៍ និងបច្ចេកវិទ្យាថ្មីៗ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសមត្ថភាពកងកម្លាំងនគរបាលជាតិកម្ពុជា។

លោកស្នងការបានលើកឡើងថា ក្នុងបរិបទដែលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឌីជីថលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស បានបង្កើតឱកាសថ្មីៗសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ប៉ុន្តែក៏បានបង្កើតនូវទម្រង់ថ្មីៗនៃបទល្មើសផងដែរ។ ជាក់ស្តែង រូបិយបណ្ណគ្រីបតូ ដែលជាទម្រង់ទ្រព្យសម្បត្តិឌីជីថលមួយ ត្រូវបានជនល្មើសឆ្លងដែនមួយចំនួនយកទៅប្រើប្រាស់ជាមធ្យោបាយក្នុងសកម្មភាពបទល្មើស ដូចជា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការសម្អាតប្រាក់ និងបទល្មើសហិរញ្ញវត្ថុឆ្លងដែនផ្សេងៗទៀត។
លោកស្នងការបានបន្តថា ការវិវត្តនៃបទល្មើសទាំងនេះ ទាមទារឱ្យមន្ត្រីនគរបាលជាតិមានចំណេះដឹង សមត្ថភាព និងជំនាញឯកទេសច្បាស់លាស់ ដើម្បីអាចយល់ដឹងអំពីប្រព័ន្ធបច្ចេកវិទ្យា Blockchain យន្តការប្រតិបត្តិការរូបិយបណ្ណគ្រីបតូ ព្រមទាំងមានសមត្ថភាពក្នុងការស្រាវជ្រាវ ស្វែងរកតម្រុយ និងប្រមូលភស្តុតាងពាក់ព័ន្ធនឹងបទល្មើសឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ហួត សុធី បានផ្តល់អនុសាសន៍ណែនាំដល់សិក្ខាកាមទាំងអស់ ឱ្យយកចិត្តទុកដាក់ស្តាប់ការបង្ហាត់បង្រៀន និងការចែករំលែកបទពិសោធន៍ពីគ្រូឧទ្ទេសនាម ព្រមទាំងចូលរួមសួរដេញដោលលើចម្ងល់ និងករណីសិក្សាផ្សេងៗ ដើម្បីទទួលបានចំណេះដឹង និងជំនាញដែលអាចយកទៅអនុវត្តក្នុងការងារជាក់ស្តែង។
ជាពិសេស លោកស្នងការបានណែនាំឱ្យសិក្ខាកាមទាំងអស់ នាំយកចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ ទៅអនុវត្តក្នុងការបំពេញតួនាទី និងភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងចែករំលែកបន្តដល់មន្ត្រីនៅតាមអង្គភាពរៀងៗខ្លួន ដើម្បីរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពការងារបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស។
ជាទីបញ្ចប់ លោកឧត្តមសេនីយ៍ទោ ហួត សុធី បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះមានសារៈសំខាន់ក្នុងការកសាង និងពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ ឱ្យស្របតាមការវិវត្តនៃបច្ចេកវិទ្យាទំនើប និងទម្រង់បទល្មើសថ្មីៗ ព្រមទាំងរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែនប្រកបដោយប្រសិទ្ធភាព៕







