ត្បូងឃ្មុំ៖ ប្រជាពលរដ្ឋរស់នៅក្នុងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានសម្តែងការព្រួយបារម្ភចំពោះសកម្មភាពលេងល្បែងជល់មាន់តាមប្រព័ន្ធអនឡាញ ដោយមានការភ្នាល់ដាក់ប្រាក់តាមវេបសាយ M99, SL និង P99 ដែលពួកគាត់អះអាងថា កំពុងមានសកម្មភាពនៅក្នុងមូលដ្ឋាន ហើយស្នើឱ្យសមត្ថកិច្ចពាក់ព័ន្ធចុះពិនិត្យ និងមានវិធានការសមស្រប ដើម្បីចូលរួមទប់ស្កាត់ផលប៉ះពាល់ដែលអាចកើតមានចំពោះសង្គម និងសន្តិសុខក្នុងមូលដ្ឋាន។


តាមការរាយការណ៍របស់ប្រជាពលរដ្ឋ ទីតាំងដែលពួកគាត់ស្នើឱ្យសមត្ថកិច្ចយកចិត្តទុកដាក់ គឺនៅចំណុចដើមពោធិ៍ ស្ថិតក្នុងភូមិទន្លេបិទក្រោម ឃុំទន្លេបិទ និងតំបន់មង់រៀវ ដែលពួកគាត់អះអាងថា មានសកម្មភាពលេងជល់មាន់អនឡាញ និងការភ្នាល់ដាក់ប្រាក់នៅតំបន់ទាំងនេះ បានកើតមានជាយូរមកហើយ។

ប្រជាពលរដ្ឋបានលើកឡើងថា ការកើតមានល្បែងស៊ីសងនៅក្នុងមូលដ្ឋាននេះ បានធ្វើឱ្យពួកគាត់មានការព្រួយបារម្ភ ជាពិសេសចំពោះបញ្ហាចោរកម្ម និងអំពើហិង្សាដែលពួកគាត់អះអាងថា កំពុងកើតមានគួរឱ្យកត់សម្គាល់។ ជាមួយគ្នាប្រជាពលរដ្ឋបានសំណូមពរដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទន្លេបិទ និងអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ មេត្តាចុះពិនិត្យស្ថានភាពជាក់ស្តែង ដើម្បីធានាបាននូវសន្តិសុខ និងសុវត្ថិភាពក្នុងការរស់នៅរបស់ប្រជាពលរដ្ឋ។

ពាក់ព័ន្ធនឹងករណីនេះ លោកវរសេនីយ៍ឯក សាំ ហេង អធិការនគរបាលស្រុកត្បូងឃ្មុំ បានបញ្ជាក់តាមទូរស័ព្ទថា លោកនឹងចាត់ឱ្យកម្លាំងប៉ុស្តិ៍ចុះទៅពិនិត្យទីតាំងដែលប្រជាពលរដ្ឋបានរាយការណ៍ខាងលើជាបន្ទាន់ ប្រសិនបើរកឃើញមានសកម្មភាពល្មើស នឹងមានវិធានការបង្ក្រាបតាមនីតិវិធី ដោយមិនមានការលើកលេងឡើយ។

លោកក៏បានឱ្យដឹងទៀតថា ចំពោះទីតាំងខាងលើនេះ កន្លងមកកម្លាំងប៉ុស្តិ៍កក៏ធ្លាប់ចុះពិនិត្យម្តងរួចមកហើយ ប៉ុន្តែនៅពេលកម្លាំងចុះទៅដល់ អ្នកប្រចាំការហ្គេមបានប្តូរលីងទៅជាការផ្សាយកីឡាបាល់ទាត់វិញ។
ជាមួយគ្នា លោកវរសេនីយ៍ឯក សាំ ហេង ក៏បានស្វាគមន៍ និងអគុណចំពោះប្រជាពលរដ្ឋដែលបានចូលរួមរាយការណ៍ជុំវិញលេងអនឡាញនេះ មកកាន់អាជ្ញាធរ ដើម្បីចូលរួមលប់បំបាត់សកម្មភាពអសន្តិសុខនៅក្នុងមូលដ្ឋាន។
ដោយឡែក ចំពោះការរាយការណ៍អំពីសកម្មភាពល្បែងជល់មាន់អនឡាញនៅតាមតំបន់ផ្សេងៗក្នុងខេត្តត្បូងឃ្មុំ ក្រុមការងារសារព័ត៌មានត្រយងបានព្យាយាមស្នើសុំការបកស្រាយពីលោក ចិន នី ស្នងការនគរបាលខេត្ត ប៉ុន្តែក្រុមការងារយើងនៅមិនទាន់ទួលបានការឆ្លើយតបនៅឡើយ។ ទោះជាយ៉ាងណាសារព័ត៌មានត្រយង រង់ចាំការបកស្រាយបំភ្លឺពីអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ។
អត្ថបទ÷អាចារ្យលាក់

