ដោយ៖ អ្នកតាមដានព្រឹត្តិការណ៍សង្គម

ការឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) គឺជាជំងឺមហារីកនៃឧក្រិដ្ឋកម្មឆ្លងដែន​ដ៏ស្មុគស្មាញ​មួយ ដែលកំពុងលុកលុយ និងបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋនៅក្នុងប្រទេសជាច្រើន​ជុំវិញ​សកលលោក រួមទាំងកម្ពុជាផងដែរ។ ចំពោះមុខបញ្ហានេះ កម្ពុជាមិនដែលបដិសេធ ឬ​បិទភ្នែក​មើលនោះឡើយ។ ផ្ទុយទៅវិញ ព្រះរាជាណាចក្រកម្ពុជាបានបង្ហាញជំហរយ៉ាងច្បាស់លាស់ ក្នុងការ​ទទួល​ស្គាល់​ការពិតនិងបានដាក់ចេញនូវក្របខ័ណ្ឌគតិយុត្តនិងយុទ្ធនាការបង្ក្រាបជាបន្តបន្ទាប់ រហូតមានការទទួលស្គាល់ពីបណ្តាលប្រទេសនានាជាច្រើន។ ជាមួយគ្នានេះ ធ្វើជាម្ចាស់ផ្ទះនៃសន្និសីទ​អន្តរជាតិ​ស្តីពីការប្រយុទ្ធប្រឆាំងនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានានាពេលថ្មីនេះរបស់កម្ពុជា ក៏ជាការផ្ញើសារប្តេជ្ញាចិត្តដោយឥតងាករេទៅកាន់ពិភពលោក ក្នុងការចូលរួមបង្ក្រាបនិងបោស​សម្អាត​បទល្មើស សកលមួយនេះផងដែរ។

ដូច្នេះ នៅពេលមានការកាយគាស់ ឬចុះផ្សាយឡើងវិញនូវរបាយការណ៍ស្ដីពីទីតាំងឆបោក និង​ជនរង​គ្រោះ​នៅកម្ពុជានាពេលនេះ សំណួរគន្លឹះដែលសាធារណជន និងប្រព័ន្ធផ្សព្វផ្សាយគួរចោទសួរ មិនមែនត្រឹមតែ «តើបញ្ហានេះធ្លាប់កើតឡើងឬទេ?» នោះឡើយ ប៉ុន្តែត្រូវពិនិត្យមើលឱ្យស៊ីជម្រៅថា «តើព័ត៌មាននោះ​កើតឡើង​តាំងពីពេលណា? តើស្ថានភាពជាក់ស្តែងបានប្រែប្រួលយ៉ាងណា? និង​តើវិធាន​​ការចំពោះមុខអ្វីខ្លះ​ដែល​អាជ្ញាធរ​បានអនុវត្តជាបន្តបន្ទាប់?»

១. បរិបទ និងកាលបរិច្ឆេទ៖ ព្រំដែនរវាង «អតីតកាល» និង «បច្ចុប្បន្នភាព»

សារព័ត៌មានអន្តរជាតិ Al Jazeera តាមរយៈកម្មវិធី 101 East ធ្លាប់បានផ្សាយអត្ថបទ និងវីដេអូ​ស៊ើបអង្កេត​ជាបន្តបន្ទាប់ Ranging ពីអត្ថបទ «Meet Cambodia’s cyber slaves» ក្នុងខែសីហា ឆ្នាំ២០២២ រហូតដល់ការផ្សាយចុងក្រោយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ អំពីគម្រោង Long Bay តារាសាគរ ក្នុងខេត្តកោះកុង។ របាយការណ៍ទាំងនោះបានលើកឡើងពីការលួចចូលដីឡូត៍ ការ​ប្រែក្លាយ​អគារការិយាល័យ និងការចោទប្រកាន់លើការបង្ខាំងសេរីភាពមនុស្ស ព្រមទាំងការសង្ស័យ​ពាក់ព័ន្ធ​នឹងបទល្មើសផ្សេងៗ។

ទោះជាយ៉ាងណា នៅក្នុងក្រមសីលធម៌ និងគុណតម្លៃសារព័ត៌មាន ការយកទិន្នន័យចាស់​មកផ្សាយ​ឡើងវិញ ឬការផ្សាយផ្អែកលើការអះអាងតាមលក្ខណៈជាឯកតោភាគីដែល «មិនទាន់ត្រូវបាន ផ្ទៀងផ្ទាត់ដោយឯករាជ្យឬដោយអាជ្ញាធរតុលាការ» គឺជារូបភាពមិនគ្រប់ជ្រុងជ្រោយ។ ការរំលឹកពី បញ្ហាមិនមែន​ជាកំហុស​នោះទេ ប៉ុន្តែការមិនបែងចែករវាង «ស្នាមរបួសពីអតីតកាល» និង «សកម្មភាពព្យាបាល​នាពេល​បច្ចុប្បន្ន» អាចធ្វើឱ្យសាធារណជនភាន់ច្រឡំ និងមើលរំលងកិច្ចខិតខំ ប្រឹងប្រែងពិត​ប្រាកដដែល​សមត្ថកិច្ច​​បាន និងកំពុងអនុវត្តយ៉ាងសកម្ម។

២. ភស្តុតាង និងតួលេខជាក់ស្តែងនៃកិច្ចប្រតិបត្តិការបង្ក្រាប

ឆន្ទៈនៃការប្រយុទ្ធប្រឆាំងនឹង Online Scam របស់កម្ពុជា មិនមែនត្រឹមតែជាពាក្យស្លោក ឬសេចក្តីថ្លែង​ការណ៍​នៅ​លើក្រដាសនោះទេ ប៉ុន្តែត្រូវបានបញ្ជាក់តាមរយៈលទ្ធផល និងប្រតិបត្តិការ​ជាក់ស្តែង​នៅលើដី៖

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ដោយផ្អែក​លើការ​ថ្លែងរបស់ លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុង​រយៈពេល ៦ ខែដំបូងនៃឆ្នាំ២០២៦ អាជ្ញាធរកម្ពុជា​បានបើកប្រតិបត្តិការ​ក្តៅចុះឆែកឆេរ​ទីតាំង​ឆបោក​អនឡាញចំនួន ៤៨៨ ទីតាំង និងបានឃាត់ខ្លួនជនសង្ស័យសរុប ២០,៩២៦ នាក់ (មាន ៣៨ សញ្ជាតិ)។

ក្នុងចំណោមអ្នកដែលត្រូវបានឃាត់ខ្លួន៖

  • ២,៦៣៧ នាក់ (២៦ សញ្ជាតិ) ត្រូវបានបញ្ជូនទៅផ្តន្ទាទោសតាមនីតិវិធីតុលាការ។
  • ១,៦៦៦ នាក់ (១៤ សញ្ជាតិ) ត្រូវបានអប់រំ និងធ្វើកិច្ចសន្យាឈប់ប្រព្រឹត្តមុន​ពេលអនុញ្ញាត​ឱ្យត្រឡប់​ទៅវិញ ខណៈករណីផ្សេងទៀតកំពុងស្ថិតក្នុងនីតិវិធីជំនាញ។
  • ការអនុវត្តអនុក្រឹត្យលេខ ០៣៖ សមត្ថកិច្ចបានចុះត្រួតពិនិត្យទីតាំងចំនួន ២៨,៥១២ កន្លែង (គ្របដណ្តប់លើមនុស្សជាង ១០ ម៉ឺននាក់) និងបានត្រួតពិនិត្យតាមដងផ្លូវជាង ២១,០០០ លើក ដោយបានរកឃើញជនបរទេសគ្មានឯកសារអន្តោប្រវេសន៍ចំនួន ២,៣៤០ នាក់។
  • ការបណ្តេញចេញ និងការសង្គ្រោះ៖ ក្នុងឆមាសទី១ ឆ្នាំ២០២៦ កម្ពុជាបានបណ្តេញ​ជនបរទេសចេញពីប្រទេសសរុប ៤៦,៤៧៤ នាក់ ដោយក្នុងនោះមាន ១៦,៨៧៤ នាក់ (៣៤ សញ្ជាតិ) ពាក់ព័ន្ធផ្ទាល់នឹងសកម្មភាពឆបោកតាមប្រព័ន្ធស៊ីប័រ។ ជាមួយគ្នានេះ សមត្ថកិច្ច​បានសង្គ្រោះជនរងគ្រោះចំនួន ៣០ នាក់ (២៥ នាក់ពីរូបភាពកេងប្រវ័ញ្ចផ្លូវភេទ និង ៥ នាក់ពីការជួញដូរមនុស្ស) ព្រមទាំងបានឃាត់ខ្លួនជនសង្ស័យ ១៨ នាក់ និងកំណត់​មុខ​សញ្ញាចាប់ខ្លួន ៨ នាក់ផ្សេងទៀត។
  • ការចាត់វិធានការលើទីតាំង និងហិរញ្ញវត្ថុ៖ អាជ្ញាធរបានបិទ និងគ្រប់គ្រងការបិទទីតាំង​មិនរៀបរយ​ចំនួន ៥២១ កន្លែង, បំពាក់កាមេរ៉ាសុវត្ថិភាពចំនួន ៤៥៧ គ្រឿងនៅតាម​ទីតាំង​បង្ក្រាប ២០១ កន្លែង, បើកការស៊ើបអង្កេតលើករណីលាងលុយខ្វក់ចំនួន ៨៥ ករណី ព្រមទាំង​ពិន័យជាប្រាក់សរុប ៨២២.២៤ លានរៀល (ប្រមាណ ២០៥,៥៦០ ដុល្លារ) ទៅលើម្ចាស់​អចលនទ្រព្យដែលមិនបានរាយការណ៍ពីវត្តមានជនបរទេស។
  • យុទ្ធនាការបន្តក្នុងខែសីហា ឆ្នាំ២០២៦៖ សមត្ថកិច្ចបានបន្តចុះបង្ក្រាបមជ្ឈមណ្ឌលឆបោក​បច្ចេកវិទ្យា​បន្ថែមចំនួន ៨៥ ទីតាំង, ឃាត់ខ្លួនជនសង្ស័យ ១,២៥៥ នាក់ (១៣ សញ្ជាតិ) និងធ្វើការបណ្តេញចេញ ៥៧៤ នាក់ (១១ សញ្ជាតិ)។

លទ្ធផលដែលសម្រេចបានរបស់សមត្ថកិច្ចនិងអាជ្ញាធរពាក់ព័ន្ធកម្ពុជាក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានាពេលកន្លងមកនេះ គឺជាភស្តុតាងដែលមិនអាចបដិសេធបាន អំពីទំហំ​នៃ​ប្រតិបត្តិការ និងការលះបង់របស់កងកម្លាំងអនុវត្តច្បាប់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង និង​លុបបំបាត់​បទល្មើសឆ្លងដែននេះ។

៣. តារាសាគរ និងលក្ខណៈស្មុគស្មាញនៃឧក្រិដ្ឋកម្មឆ្លងដែន

ការវាយប្រហារ និងការចុះបង្ក្រាបទីតាំងធំៗនៅតំបន់តារាសាគរ និងតំបន់ផ្សេងទៀត គឺសរបញ្ជាក់ឲ្យឃើញពីកិច្ចខិតខំ នៃការបំបែកសម្បុកឧក្រិដ្ឋជន។ ប៉ុន្តែ យើងក៏ត្រូវទទួលស្គាល់​នូវភាព​ជាក់ស្តែងថា ក្រុមឧក្រិដ្ឋជនឆ្លងដែនតែងតែមានល្បិចកលកែប្រែទម្រង់ ប្រែប្រួលវិធីសាស្ត្រ និងបំបែក​ជាក្រុមតូចៗ​ដើម្បីគេចវេះពីសមត្ថកិច្ច។

ដូច្នេះ ការវាយតម្លៃលើកម្ពុជា មិនគួរមើលត្រឹមតែអគារ ឬទីតាំងដែលធ្លាប់មានបញ្ហានោះទេ ប៉ុន្តែ​ត្រូវមើល​លើ «សមត្ថភាព និងភាពជឿជាក់នៃការប្រយុទ្ធប្រឆាំងឥតឈប់ឈរ»របស់សមត្ថកិច្ចនិងអាជ្ញាធរពាក់ព័ន្ធរាប់ចាប់ពីការកាត់​ផ្តាច់​ប្រភពហិរញ្ញវត្ថុ ការកាត់ទោសអ្នកប្រព្រឹត្ត រហូតដល់ការ សហការរៀបចំយន្តការការពារជនរងគ្រោះ។

៤. កម្ពុជា៖ ប្រជាជាតិដែលរងគ្រោះដោយសារឧក្រិដ្ឋកម្មឆ្លងដែន

ទស្សនៈវាយតម្លៃដោយចោទប្រកាន់ជារួមថា ប្រជាជាតិមួយទាំងមូលត្រូវទទួលខុសត្រូវលើអំពើទុច្ចរិត របស់ក្រុម​ឧក្រិដ្ឋជន​មួយក្តាប់តូច គឺជាការខុសឆ្គងនិងនាំមកនូវភាពអយុត្តិធម៌ជាខ្លាំងសម្រាប់ជនភាគច្រើនដែលមិនបានប្រព្រឹត្តកំហុស។បណ្តាប្រទេសជាច្រើន ស្ថាប័នអន្តរជាតិនិងសូម្បីតែ Al Jazeera ផ្ទាល់ ក៏ទទួលស្គាល់ដូចៗគ្នាថា បណ្តាញ Cyber Scam មានរចនា​សម្ព័ន្ធឆ្លងដែន ប្រើប្រាស់ បច្ចេកវិទ្យាបិទបាំងអត្តសញ្ញាណ មានអ្នករៀបចំ និងអ្នកគ្រប់គ្រង​លំហូរ​ប្រាក់នៅតាមបណ្តាប្រទេសនានាជាច្រើន។

កម្ពុជាខ្លួនឯង គឺជាអ្នករងគ្រោះយ៉ាងធ្ងន់ធ្ងរ៖ ប្រជាពលរដ្ឋកម្ពុជាត្រូវបានគេបោកប្រាស់ប្រាក់កាស កេរ្តិ៍ឈ្មោះ និងកិត្តិយសរបស់ប្រទេសជាតិនៅលើឆាកអន្តរជាតិត្រូវបានប៉ះពាល់ បរិយាកាសវិនិយោគ និងទេសចរណ៍ត្រូវបានរំខាន។ ជាក់ស្តែង រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា បានគូស​បញ្ជាក់​កាលពីពេលថ្មីៗនេះថា «កម្ពុជាទទួលស្គាល់ថា Online Scam ជាបញ្ហាធ្ងន់ធ្ងរ ហើយកម្ពុជា​ក៏ជា​ជន​រងគ្រោះនៃឧក្រិដ្ឋកម្មឆ្លងដែននេះដែរ» ដែលទាមទារឱ្យមាន​ការចូលរួមប្រយុទ្ធ​ប្រឆាំង​ពី​សហគមន៍​​​អន្តរជាតិទាំងមូល។

ការប្រយុទ្ធប្រឆាំងនឹង Cyber Scam មិនមែនជាការងារឯកតោភាគី​ដែលប្រទេសកម្ពុជា​អាចធ្វើ​បាន​តែ​ម្នាក់​ឯង​នោះទេ វាទាមទារឱ្យមានកិច្ចសហការពីប្រទេសជាប្រភពនៃជនរងគ្រោះ ក្រុមហ៊ុន​បច្ចេកវិទ្យា ស្ថាប័នហិរញ្ញវត្ថុ និងប៉ូលីសអន្តរជាតិ (Interpol)។

សារព័ត៌មានមានតួនាទីសំខាន់ណាស់ក្នុងការលាតត្រដាងភាពអយុត្តិធម៌ ប៉ុន្តែដើម្បីឱ្យការរាយការណ៍​នោះប្រកប​ដោយវិជ្ជាជីវៈ និងតុល្យភាព ការបញ្ជាក់កាលបរិច្ឆេទ ការពិនិត្យមើលការវិវត្តថ្មីៗ និង​ការរាយការណ៍អំពីសកម្មភាពបង្ក្រាបនាពេលបច្ចុប្បន្ន គឺជាកាតព្វកិច្ចដែលមិនអាចមើលរំលងបាន៕

Share.