កណ្ដាល៖ មនុស្សចំនួន ២នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែង និង ២នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងកង់បីផាស្អាប់ និងរថយន្តបែនមួយគ្រឿង បន្ទាប់ពីកង់បីបានបុកពីក្រោយរថយន្តដែលឈប់ចតនៅលើជាយផ្លូវ។ ចំណែកអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ក្រោយកើតហេតុ។

តាមរបាយការណ៍សមត្ថកិច្ចបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១៣៖២០នាទី ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅលើមហាវិថីស៊ីជីងពីង (ក្រវាត់ក្រុងទី៣) ចន្លោះគីឡូម៉ែត្រលេខ៣១-៣២ ស្ថិតក្នុងភូមិបុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
តាមសភាពនៃរឿងហេតុ កង់បីផាស្អាប់ម៉ាក Maxima ពណ៌ស គ្មានផ្លាកលេខ បើកបរដោយឈ្មោះ ជន ណុប ភេទប្រុស អាយុ៤៩ឆ្នាំ មានទីលំនៅភូមិតាំងញាតិ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ និងមានអ្នករួមដំណើរចំនួន៣នាក់ បានធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត។លុះមកដល់ចំណុចកើតហេតុ កង់បីខាងលើបានបុកពីក្រោយរថយន្តបែនម៉ាក Nissan ពណ៌ស្វាយ ពាក់ផ្លាកលេខ ភ្នំពេញ 3A-2573 ដែលបានឈប់ចតនៅលើជាយផ្លូវ និងមានទិសដៅស្របគ្នា។

ហេតុការណ៍នេះបានបណ្ដាលឱ្យអ្នករួមដំណើរលើកង់បីចំនួន២នាក់ស្លាប់នៅកន្លែងកើតហេតុ រួមមាន៖ ឈ្មោះ ឡេង ហេង ភេទប្រុស អាយុ៩០ឆ្នាំ និងឈ្មោះ ឡេង មួយឡុង ភេទស្រី អាយុ៧៥ឆ្នាំ។ ចំណែកអ្នកបើកបរកង់បីឈ្មោះ ជន ណុប និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះ ឡេង មួយលី ភេទស្រី អាយុ៥៦ឆ្នាំ បានរងរបួសធ្ងន់។ ក្រោយកើតហេតុ អ្នកបើកបររថយន្តបែនបានរត់គេចខ្លួនបាត់ ខណៈសមត្ថកិច្ចបានចុះអន្តរាគមន៍ និងនាំយកមធ្យោបាយពាក់ព័ន្ធទាំងពីរគ្រឿងទៅរក្សាទុកជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីបន្តនីតិវិធី។
តាមការសន្និដ្ឋានជំហានដំបូងរបស់សមត្ថកិច្ច គ្រោះថ្នាក់នេះអាចបណ្ដាលមកពីអ្នកបើកបររថយន្តឈប់ចតនៅលើជាយផ្លូវដោយខ្វះការប្រុងប្រយ័ត្ន ខណៈអ្នកបើកបរកង់បីក៏មានការបើកបរក្នុងល្បឿនលឿន និងជែងដោយខ្វះការប្រុងប្រយ័ត្នផងដែរ។ ករណីនេះ សមត្ថកិច្ចកំពុងបន្តចាត់ការតាមនីតិវិធី ដើម្បីស្វែងរកអ្នកបើកបររថយន្តដែលបានរត់គេចខ្លួន និងបញ្ជាក់ពីមូលហេតុនៃគ្រោះថ្នាក់ឱ្យបានច្បាស់លាស់។
អត្ថបទ៖កណ្តាល

