ប្រតិបត្តិតាមគោលការណ៍ឯកភាពរបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ឯកឧត្តម ស សុខា អនុប្រធាន ស.ស.យ.ក. ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្ត​បន្ទាយមានជ័យ នឹងដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ របស់គណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង បាត់ដំបង និងខេត្ត​បន្ទាយមានជ័យ និងក្រុមការងារអាហារូបករណ៍ នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត អារីយ៉ា ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយមានការចូលរួមពីអង្គប្រជុំសរុបប្រមាណ៨០០នាក់។

លោក ទូច សុឃៈ ប្រធានក្រុមការងារព័ត៌មាន និងផ្សព្វផ្សាយ នៃគណៈកម្មការរៀបចំកិច្ចប្រជុំបានឱ្យដឹងថា ឯកឧត្តម ស សុខា នឹងអញ្ជើញជាអធិបតីថ្លែងសុន្ទរកថាបើកកិច្ចប្រជុំ ដោយមានរបៀបវារៈបន្តសំខាន់ៗមួយចំនួន ក្នុងនោះរួមមាន របាយការណ៍ស្ដីពីបញ្ហាប្រឈម ដំណោះស្រាយ និងទិសដៅបន្តរបស់​ក្រុមការងារនីមួយៗ ថ្លែងដោយ ឯកឧត្តម ខៀវ ភារិទ្ធ ប្រធាន ស.ស.យ.ក. ខេត្តព្រៃវែង ឯកឧត្តម ស រដ្ឋា ប្រធាន ស.ស.យ.ក. ខេត្តបាត់ដំបង លោក កែ សួនសុភាព ប្រធាន ស.ស.យ.ក. ខេត្តបន្ទាយមានជ័យ និងលោកបណ្ឌិត អាំង សិរីពិសិដ្ឋ ប្រធានក្រុមការងារអាហារូបករណ៍ឯកឧត្តមអភិសន្តិបណ្ឌិត។

លោកបន្តថា នាឱកាសនោះដែរ អង្គប្រជុំនឹងបានស្ដាប់វេទិកាពិភាក្សា​ដែលមានការសួរ‑ឆ្លើយ និងការបញ្ចេញមតិ លើប្រធានបទចំនួន៣ រួមមាន ១‑យុវជនជាកម្លាំងជំរុញផែនការអភិវឌ្ឍន៍ឃុំ‑សង្កាត់ ដើម្បីកែប្រែជីវភាពប្រជាពលរដ្ឋ ២‑យុវជនជាស្នូលនៃអភិបាលកិច្ចឌីជីថល និងការដឹកនាំតាមបែបវិទ្យាសាស្រ្តនៅក្រុមប្រឹក្សាឃុំ‑សង្កាត់និង៣‑ការត្រៀមយុទ្ធសាស្រ្តនិងបុគ្គលិកលក្ខណៈទាក់ទាញការគាំទ្រតាមរយៈមធ្យោបាយផ្ទាល់ និងឌីជីថល ក្រោមទស្សនៈ«រដ្ឋធ្វើរាស្រ្តដឹង រដ្ឋផ្ដល់រាស្រ្តទទួល»។

បើតាមលោក ទូច សុឃៈ នារសៀលថ្ងៃដដែល អង្គប្រជុំនឹងប្រារព្ធពិធីបិទ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ​ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដោយមានការថ្លែងសុន្ទរកថាស្វាគមន៍ និងរបាយការណ៍សង្ខេបរបស់ឯកឧត្តម ស សុខា ស្ដីពីលទ្ធផលការងារ បញ្ហាប្រឈម និងទិសដៅបន្តរបស់ ស.ស.យ.ក. ខេត្តព្រៃវែង បាត់ដំបង បន្ទាយមានជ័យ និងក្រុមការងារអាហារូបករណ៍ និងប្រសាសន៍សំណេះសំណាល
ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមប្រធាន ហ៊ុន ម៉ានី។

លោកបន្ថែមថា គណៈកម្មការរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៦ និងលើកទិសដៅការងារ ឆ្នាំ២០២៧ របស់គណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង បាត់ដំបង និងខេត្ត​បន្ទាយមានជ័យ និងក្រុមការងារអាហារូបករណ៍ នឹងបន្តធ្វើបច្ចុប្បន្នភាពព័ត៌មានជូនសាធារណជនជាបន្តបន្ទាប់ ជាពិសេសលទ្ធផល និងទិសដៅដដែលក្រុមការងារនីមួយៗ នឹងបង្ហាញក្នុងកិច្ចប្រជុំ និងអនុសាសន៍ដឹកនាំតម្រង់ទិសរបស់ឯកឧត្តមប្រធាន ហ៊ុន ម៉ានី៕

Share.