ភ្នំពេញ៖ គម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់ពីចាក់អង្រែក្រោម ទៅព្រែកប្រា សម្រេចវឌ្ឍនភាពការសាងសង់បាន ៨៧,៨០% ហើយ គិតត្រឹមពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៦ ខណៈគម្រោងនេះត្រូវបានរំពឹងថានឹងបញ្ចប់ការសាងសង់នៅពាក់កណ្តាលឆ្នាំ២០២៧ ខាងមុខ។

ឯកឧត្តម សួង ហេង រដ្ឋលេខាធិការ និងជានាយកគម្រោង នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ បានបន្តចុះពិនិត្យ និងតាមដានវឌ្ឍនភាពការអនុវត្តគម្រោងសាងសង់ស្ពាននេះ ដោយបានវាយតម្លៃថា ការងារសាងសង់សម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ បន្ទាប់ពីគម្រោងបានបើកការដ្ឋានសាងសង់ជាផ្លូវការនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។

តាមរបាយការណ៍វឌ្ឍនភាពការងារ ផ្នែកគ្រឹះស្ពាន និងរចនាសម្ព័ន្ធក្រោមស្ពាន សម្រេចបាន ១០០% ខណៈរចនាសម្ព័ន្ធលើនៃស្ពានតភ្ជាប់ក៏សម្រេចបាន ១០០% ផងដែរ។ ចំណែករចនាសម្ព័ន្ធលើនៃស្ពានមេ សម្រេចបាន ៩១% និងការសាងសង់បណ្តាញផ្លូវសម្រេចបាន ៥៣%។ អ្វីដែលគួរឱ្យកត់សម្គាល់ គឺតួស្ពានទាំងពីរត្រូវបានតភ្ជាប់គ្នារួចរាល់ហើយ ដែលជាវឌ្ឍនភាពដ៏សំខាន់មួយក្នុងដំណើរការសាងសង់ ខណៈការងារដែលនៅសេសសល់ផ្តោតលើការបញ្ចប់រចនាសម្ព័ន្ធស្ពាន និងបណ្តាញផ្លូវតភ្ជាប់ជុំវិញគម្រោង។

ជាមួយគ្នានេះ អង្គភាពគ្រប់គ្រងគម្រោងបានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនសំណង់សៀងហៃ ដែលបានអនុវត្តការងារកន្លងមក និងកំពុងបន្តសាងសង់ ដោយគោរពតាមបទដ្ឋានបច្ចេកទេស និងលក្ខខណ្ឌកិច្ចសន្យា ព្រមទាំងផ្តោតលើគុណភាព និងសោភ័ណភាពនៃសំណង់ អង្គភាពគ្រប់គ្រងគម្រោងក៏បានណែនាំឱ្យក្រុមហ៊ុនពន្លឿនការងារដែលនៅសេសសល់ ដើម្បីឱ្យគម្រោងអាចសម្រេចបានតាមផែនការកំណត់ និងត្រៀមរៀបចំពិធីតភ្ជាប់ស្ពាន ក្រោមការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ដោយនឹងកំណត់ពេលវេលាជាក់លាក់នៅពេលក្រោយ។

សូមជម្រាបថា ស្ពានឆ្លងកាត់ទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា ជាស្ពានទី៧ តាមដងទន្លេបាសាក់ និងជាស្ពានទី៤ បន្ទាប់ពីស្ពានកោះនរា ស្ពានព្រះមុនីវង្ស និងស្ពានកោះអន្លង់ចិន ដែលតភ្ជាប់ទៅមហាវិថីស៊ី ជីនពីង។ ស្ពាននេះត្រូវបានសាងសង់ឡើងដោយមាន ៤គន្លងផ្លូវ ហើយនឹងក្លាយជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយក្នុងការជួយសម្រួលដល់ការធ្វើដំណើរ និងការតភ្ជាប់ចរាចរណ៍រវាងតំបន់ចាក់អង្រែក្រោម និងព្រែកប្រា ព្រមទាំងរួមចំណែកលើកកម្ពស់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងរាជធានីភ្នំពេញផងដែរ៕

អត្ថបទ៖ ចតុម្មុខ

Share.