ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា ប្រជាពលរដ្ឋ ជាពិសេសអ្នករស់នៅរាជធានីភ្នំពេញ ក្រុងសៀមរាប ខេត្តសៀមរាប និងក្រុងតាខ្មៅ ខេត្តកណ្ដាល បានចូលរួមចំណែកយ៉ាងសំខាន់ជាមួយអាជ្ញាធររដ្ឋបាលដែនដី កងកម្លាំងនគរបាលជាតិ និងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការថែរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ប្រកបដោយជោគជ័យ និងកិត្តិយស ក្នុងឱកាសកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦។

តាមរយៈសារថ្លែងអំណរគុណចំពោះជនរួមជាតិ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបញ្ជាក់ថា សកម្មភាព និងឥរិយាបថរបស់ប្រជាពលរដ្ឋដែលបានរួមចំណែកដល់ជោគជ័យនៃកិច្ចប្រជុំនេះ រួមមាន ការចូលរួមសម្អាតអនាម័យ ការរៀបចំតុបតែងលម្អតាមមុខផ្ទះសម្បែង ក្រុមហ៊ុន និងសហគ្រាស ការបើកបរដោយគោរពច្បាប់ និងមានការយោគយល់អធ្យាស្រ័យខ្ពស់ ជាពិសេសការគោរពតាមបញ្ជាចរាចរណ៍ ព្រមទាំងការផ្តល់ស្នាមញញឹមប្រកបដោយក្តីមោទនភាពទៅកាន់ប្រតិភូ និងភ្ញៀវបរទេស។

មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋក៏បានចូលរួមផ្សព្វផ្សាយយ៉ាងផុសផុលតាមរយៈវីដេអូ រូបភាព និងខ្លឹមសារនានា ដែលមានអត្ថន័យលើកតម្កើងកិត្តិយសជាតិផងដែរ។ សកម្មភាពទាំងនេះបានបង្ហាញពីស្មារតីចូលរួមរបស់ប្រជាពលរដ្ឋក្នុងការស្វាគមន៍ និងបង្ហាញមុខមាត់កម្ពុជាចំពោះប្រតិភូ និងភ្ញៀវអន្តរជាតិ។

ជាមួយគ្នានេះ ឯកឧត្តមអភិសន្តិបណ្ឌិតក៏បានកោតសរសើរខ្ពស់ចំពោះអាជ្ញាធររដ្ឋបាលដែនដីក្នុងមូលដ្ឋានរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តពាក់ព័ន្ធ កងកម្លាំងនគរបាលជាតិគ្រប់ជំនាញនៃក្រសួងមហាផ្ទៃ ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលបានបំពេញតួនាទីភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ និងផ្តល់កិច្ចសហការយ៉ាងល្អជាមួយមន្ត្រី និងកងកម្លាំងពាក់ព័ន្ធ ដើម្បីធានាបាននូវបរិយាកាសប្រកបដោយសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ជាពិសេសជូនបណ្ដាឥស្សរជនជាថ្នាក់ដឹកនាំកំពូលៗនៃរដ្ឋសមាជិកក្រុមប្រទេសនិយាយភាសាបារាំង ទាំងក្នុងពេលធ្វើដំណើរ និងការស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ប្រមុខក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា សកម្មភាព និងការបំពេញបេសកកម្មរបស់ប្រជាពលរដ្ឋ អាជ្ញាធររដ្ឋបាលដែនដី កងកម្លាំងនគរបាលជាតិ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ បានក្លាយជាចំណែកមួយនៃជោគជ័យរួមរបស់ជាតិទាំងមូល ក្រោមម្លប់ព្រះមហាស្វេតច្ឆត្រនៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដោយមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមទីប្រឹក្សាព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា ជាអគ្គមគ្គុទ្ទេសក៍ប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃ និងជាពិសេស ក្រោមអគ្គប្រតិបត្តិករដ៏អង់អាចស្វាហាប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

Share.