បន្ទាប់ពីបង្កើតប្រវត្តិសាស្ត្រជាលើកដំបូងគ្រងតំណែងជើងឯក MPL Cambodia រដូវកាលទី ១១ ជាមួយកំណត់ត្រាមិនដែលចាញ់សោះពេញមួយរដូវកាល ក្រុមកីឡាអេឡិចត្រូនិកកម្ពុជា Vigor Apex កំពុងត្រៀមខ្លួនយ៉ាងមុតមាំដើម្បីតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កម្រិតតំបន់អាស៊ីអាគ្នេយ៍ MLBB Championship Tour SEA 2026 (MCT SEA 2026) ដែល​រៀប​ចំឡើង​នៅ​ប្រទេស​ថៃ។


ដំណើរឆ្ពោះទៅកាន់ MCT SEA 2026 របស់ក្រុម Vigor Apex ទទួលបានសិទ្ធិក្លាយជាក្រុមតំណាងកម្ពុជាតែមួយគត់ បន្ទាប់ពីបំបាក់ក្រុមខ្លាំង Team Flash KH ក្នុងលទ្ធផល ៤-២ នៅវគ្គផ្តាច់ព្រ័ត្រនៃ MPL Cambodia រដូវកាលទី ១១ កាលពីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៦។

ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Ny Naga (Naga) និងមានការចូលរួមពីសំណាក់កីឡាករឆ្នើមៗដូចជា SHADOW, Chhe, Erlan, Detective, Raa, Vincen, D7 និង BOXI ក្រុម Vigor Apex ត្រូវបានអ្នកគាំទ្រចាត់ទុកថាជាក្រុម “Dream Team” ថ្មីរបស់កម្ពុជាដែលមានសមត្ថភាពខ្ពស់ក្នុងការប្រជែងលើឆាកអន្តរជាតិ។


សម្រាប់​លទ្ធផលចាប់ពូល និងគូប្រជែងរបស់ក្រុម​កម្ពុជា នៃព្រឹត្តិការណ៍ MCT SEA 2026 ស្ថិតនៅក្នុង ពូល C នឹងត្រូវប្រឈមមុខជាមួយក្រុមជើងខ្លាំងប្រចាំប្រទេសជិតខាងចំនួនពីរគឺ Falcon Esports (ក្រុមជើងឯកមកពី MSL Myanmar ប្រទេសមីយ៉ាន់ម៉ា និង Bacon Time ក្រុមជើងឯកមកពី MSL Thailand ប្រទេសថៃ។

ការប្រកួត​ព្រឹត្តិការណ៍កម្រិតតំបន់អាស៊ីអាគ្នេយ៍ MLBB Championship Tour SEA 2026 (MCT SEA 2026) នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២៦ ខាងមុខនេះ។

ដោយឡែក យោងតាមការសម្របសម្រួលជាមួយសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) ក្រុម Vigor Apex នឹងធ្វើការប្រកួតពីប្រទេសកម្ពុជាតាមរយៈ ប្រព័ន្ធអនឡាញ (Online) ក្រោមការត្រួតពិនិត្យបច្ចេកទេសយ៉ាងតឹងរ៉ឹងដើម្បីធានានូវភាពយុត្តិធម៌។

ព្រឹត្តិការណ៍ MCT SEA 2026 មានប្រាក់រង្វាន់សរុបចំនួន ៥០,០០០ ដុល្លារអាមេរិក និងជាវេទិកាដ៏សំខាន់បំផុតដើម្បីដណ្តើមកៅអីចំនួន ៤ ទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ជើងឯកពិភពលោក M8 World Championship នៅ​ប្រទេសតួកគី (ក្រុមលេខ ១ និងលេខ ២ ឡើងទៅវគ្គ Main Stage ដោយផ្ទាល់ ចំណែកក្រុមលេខ ៣ និងលេខ ៤ ត្រូវ​មាន​ភារកិច្ចប្រកួត​ជម្រុះវគ្គ Wildcard ដើម្បី​យក ​៣ក្រុម​បន្ថែម)។

អ្នកគាំទ្រកីឡាអេឡិចត្រូនិកកម្ពុជាកំពុងទន្ទឹងរង់ចាំលើកទឹកចិត្តយ៉ាងកុះករ ដោយសង្ឃឹមថា Vigor Apex នឹងបន្តរក្សាទម្រង់លេងដ៏អស្ចារ្យរបស់ខ្លួន ដើម្បីនាំយកកិត្តិយស និងកៅអី M8 World Championship មកជូនជាតិមាតុភូមិជាថ្មីម្តងទៀត។


បច្ចុប្បន្ន​សម្រាប់​ក្រុម​ដែល​បាន​កកកៅអី​ក្នុង​ព្រឹត្តិការណ៍ជើងឯកពិភពលោក M8 World Championship ឥឡូវនេះមាន ១១ ក្រុមហើយ។ នៅសល់តែ ៥ក្រុម​ទៀតពី MCT SEA និង Wild Card ប៉ុណ្ណោះ។

កម្មវិធីប្រកួតព្រឹត្តិការណ៍ M8 នៅប្រទេស​តួកគី៖


– ថ្ងៃទី ២ ខែមករា – ពិធីបើកព្រឹត្តិការណ៍ M8
– ថ្ងៃទី ៣ – ១០ ខែមករា – វគ្គ Swiss Stage
– ថ្ងៃទី ១៤ – ១៩ ខែមករា – វគ្គជម្រុះ (Knockout Stage) – នៅ ESA Arena
– ថ្ងៃទី ២៣ ខែមករា – វគ្គផ្តាច់ព្រ័ត្រ (Grand Finals) – នៅ Ora Arena៕

Share.