តាមរយៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនាពេលថ្មីៗនេះបានឱ្យដឹងថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កិច្ចការអភិរក្ស និងជួសជុលមរតកបេតិកភណ្ឌវប្បធម៌ និងប្រវត្តិសាស្ត្រនៅតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រ ភ្នំព្រះរាជទ្រព្យ (ហៅភ្នំឧដុង្គ) ត្រូវបានអគ្គនាយកដ្ឋានបេតិកភណ្ឌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដាក់ចេញនូវកិច្ចខិតខំប្រឹងប្រែងអនុវត្តយ៉ាងសស្រាក់សស្រាំ និងជាប់ជាប្រចាំ ហាក់បីដូចជាទឹកភ្លៀងរលឹម ដែលធានាបាននូវការថែរក្សាគ្រឹះប្រវត្តិសាស្ត្រដ៏មានតម្លៃអស្ចារ្យរបស់ជាតិ។

ស្មារតីនៃការចូលរួមយ៉ាងសកម្មពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រះសង្ឃ និងសប្បុរសជននានា គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការប្រែក្លាយបញ្ហាប្រឈមនៃការទ្រុឌទ្រោមតាមអាយុកាល ឱ្យទៅជាសមិទ្ធផលនៃការថែរក្សាគង់វង្សឡើងវិញ ប្រកបដោយនិរន្តរភាព។ ក្រឡេកមើលសមិទ្ធផល និងវឌ្ឍនភាពនៃការជួសជុលបេតិកភណ្ឌសំខាន់ៗនាពេលកន្លងមក ដោយផ្អែកលើរបាយការណ៍ និងលទ្ធផលជាក់ស្ដែង គម្រោងជួសជុលធំៗជាច្រើនកន្លែងនៅលើទីតាំងប្រវត្តិសាស្ត្រដ៏ស័ក្តិសិទ្ធិនេះ សម្រេចបានជាផ្លែផ្កាគួរឱ្យកត់សម្គាល់ ដែលឆ្លុះបញ្ចាំងពីកិច្ចសហការយ៉ាងជិតស្និទ្ធរវាងភាគីពាក់ព័ន្ធ៖

១. ព្រះវិហារអដ្ឋរស្ស៖ ទទួលបានការឧបត្ថម្ភថវិកាបដិភាគពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយសប្បុរសជននានា កាលពីឆ្នាំ២០១៩ ដែលបានជួយស្រោចស្រង់រចនាសម្ព័ន្ធព្រះវិហារនេះឡើងវិញ។

២.ព្រះពុទ្ធរូបចូលបរិនិព្វាន៖ ទទួលបានការឧបត្ថម្ភថវិកាបដិភាគពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយសប្បុរសជននានា កាលពីឆ្នាំ២០២២ កន្លងទៅ។

៣.ការជួសជុលព្រះពុទ្ធរូបអដ្ឋរស្ស និងព្រះចេតិយព្រះបាទចន្ទរាជា៖ ទទួលបានការឧបត្ថម្ភថវិកាពីតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំងកាលពីឆ្នាំ២០២៥ ដែលជាចំណែកដ៏សំខាន់ក្នុងការការពារបុរាណស្ថានទាំងនេះមិនឱ្យរងនូវការខូចខាតធ្ងន់ធ្ងរជាងមុន។

យ៉ាងណាមិញដោយមើលឃើញពីតម្លៃដ៏ធំធេងនៃការអភិរក្ស និងជួសជុលមរតកបុរាណនៅលើភ្នំព្រះរាជទ្រព្យ ជាពិសេសក្រោយពេលបញ្ចប់ការជួសជុលព្រះពុទ្ធរូបចូលនិព្វាន និងព្រះចេតិយរបស់ព្រះបាទចន្ទរាជា សម្តេចព្រះឧត្តមវស្សា គូ សុភាព ទ្រង់សព្វព្រះទ័យជ្រះថ្លាយ៉ាងខ្លាំងក្នុងការស្វែងរកថវិកាពីសប្បុរសជន ដើម្បីរៀបចំបរិវេណជុំវិញព្រះចេតិយ និងព្រះពុទ្ធរូបចូលនិព្វាន ឱ្យបានស្អាតសមសួនសម្រាប់ពុទ្ធបរិស័ទងាយស្រួលក្នុងការប្រារព្ធធ្វើកិច្ចពិធីបុណ្យទានផ្សេងៗ។

ការរៀបចំកម្រាលឥដ្ឋតាន់ជុំវិញបរិវេណខាងលើភ្នំនេះ បានផ្ដល់នូវឧត្តមភាពយ៉ាងសំខាន់ ក្នុងការជួយលើកសម្រស់ទីសក្ការបូជារបស់បុព្វការីជន និងព្រះពុទ្ធសាសនាឱ្យមានរបៀបរៀបរយ ស្រស់ស្អាត និងផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក៏ដូចជាពុទ្ធបរិស័ទក្នុងការធ្វើដំណើរបំពេញកិច្ចសក្ការបូជា។ មួយវិញទៀត វាបានដើរតួនាទីយ៉ាងសំខាន់ជា របាំងការពារ និងទប់ស្កាត់សំណឹកទឹកភ្លៀងមិនឱ្យហូរច្រោះ បំផ្លាញគ្រឹះព្រះចេតិយ និងប្រតិមាព្រះពុទ្ធរូបចូលនិព្វាននារដូវវស្សា ដែលជាកង្វល់ចម្បងក្នុងការថែរក្សាបុរាណស្ថាន។

សូមជម្រាបថា ជុំវិញវឌ្ឍនភាព និងសមិទ្ធផលទាំងអស់នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសបង្ហាញនូវសេចក្ដីសោមនស្សរីករាយ និងសូមថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចព្រះឧត្តមវស្សា ព្រមទាំងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក លោកស្រី ឯកឧត្តម និងលោកជំទាវម្ចាស់ទានទាំងអស់ ដែលបានលះបង់ធនធានផ្ទាល់ខ្លួនក្នុងការចូលរួមចំណែកអភិរក្ស និងជួសជុលបេតិកភណ្ឌនៅលើភ្នំព្រះរាជទ្រព្យនាពេលកន្លងមក។

ក្រសួងបានចាត់ទុកថា ការចូលរួមដ៏មានអត្ថន័យនេះ មិនត្រឹមតែជួយឱ្យមរតកដូនតាស្ថិតនៅគង់វង្សយូរអង្វែងសម្រាប់កូនខ្មែរជំនាន់ក្រោយប៉ុណ្ណោះទេ ប៉ុន្តែសមិទ្ធផលទាំងនេះនឹងក្លាយជា មូលដ្ឋានគ្រឹះដ៏មានឥទ្ធិពលក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកទស្សនាតំបន់ប្រវត្តិសាស្ត្រដ៏សំខាន់នេះកាន់តែច្រើនឡើងថែមទៀតនៅថ្ងៃអនាគត ដែលជាការរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍វប្បធម៌ជាតិយ៉ាងពិតប្រាកដ៕

Share.