ស្ថានភាពអសន្តិសុខនៅភាគខាងត្បូងប្រទេសថៃ កំពុងធ្លាក់ចូលទៅក្នុងវិបត្តិកាន់តែធ្ងន់ធ្ងរ និងស្ទើរតែបាត់បង់ការគ្រប់គ្រង រហូតដល់ថ្នាក់មន្ត្រីជាន់ខ្ពស់ក្រុងបាងកក ត្រូវបង្ខំចិត្តចុះទៅបញ្ជាផ្ទាល់ដល់មូលដ្ឋាន និងប្រកាសដាក់តំបន់ចំនួន ៣៧ស្រុក ឱ្យស្ថិតក្នុងភាពប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីទប់ទល់នឹងរលកនៃការវាយប្រហារថ្មីពីសំណាក់ក្រុមផ្តាច់ខ្លួន។

បើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Amarin TV នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ អគ្គនាយកនៃនាយកដ្ឋានរដ្ឋបាលខេត្ត លោក Narucha Khosasilvilai បានប្រញាប់ប្រញាល់ចុះទៅដល់ខេត្ត Yala ដើម្បីពិនិត្យស្ថានការណ៍ និងដាក់បញ្ជាជាបន្ទាន់ទៅកាន់អភិបាលស្រុកទាំង ៣៧ នៅតាមបណ្តាខេត្តភាគខាងត្បូង ឱ្យរឹតបន្តឹងសន្តិសុខ។ លោកថែមទាំងបានទទួលស្គាល់ដោយត្រង់ៗថា ការវាយប្រហារពីក្រុមផ្តាច់ខ្លួន នឹងមិនថមថយឡើយ ផ្ទុយទៅវិញវាកាន់តែកើនឡើងខ្លាំងក្លា និងសាហាវជាងមុនទៅទៀត។

អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ ភ្លើងសង្គ្រាមផ្ទៃក្នុងនៅភាគខាងត្បូងថៃ មិនត្រឹមតែមិនអាចរំលត់បានប៉ុណ្ណោះទេ ថែមទាំងបានរាលដាលចូលទៅដល់ខេត្ត Satun ដែលជាតំបន់ធ្លាប់តែមានសុវត្ថិភាពថែមទៀតផង។ នេះសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ពីភាពទន់ខ្សោយ និងបរាជ័យនៃប្រព័ន្ធការពារសន្តិសុខផ្ទៃក្នុងរបស់អាជ្ញាធរថៃ ដែលមិនអាចធានាសុវត្ថិភាពជូនពលរដ្ឋខ្លួនឯងបាន។

ខណៈដែលកន្លងមក ភាគីថៃតែងតែព្យាយាមបង្ហាញរូបភាពខ្លួនឯងថាជាប្រទេសខ្លាំងក្លា មានសណ្តាប់ធ្នាប់ និងតែងតែបង្កបញ្ហា ឬរករឿងប្រទេសជិតខាងឥតឈប់ឈរនោះ ធាតុពិតនៅក្នុងប្រទេសខ្លួនឯងឯណេះវិញ កំពុងរង្គោះរង្គើមិនលុះថ្ងៃ។ ការដាក់បញ្ជាឱ្យអភិបាលស្រុកទាំង ៣៧ ត្រៀមខ្លួនទប់ទល់នឹងការវាយប្រហារ គឺជាភស្តុតាងដែលបង្ហាញថា រដ្ឋាភិបាលក្រុងបាងកក កំពុងភ័យស្លន់ស្លោ និងទាល់ច្រកចំពោះបញ្ហាបះបោរនៅភាគខាងត្បូង ដែលអូសបន្លាយរាប់សិបឆ្នាំមកហើយ តែនៅតែគ្មានសមត្ថភាពដោះស្រាយ៕

