ទោះបីជាគម្លាតបាល់ទាត់រវាងកម្ពុជា និងថៃ មានកម្រិតក៏ដោយ ប៉ុន្តែលទ្ធផលកន្លងមកទល់នឹងក្រុមដូចជា BG និង Bangkok បង្ហាញថាគម្លាតនោះកាន់តែរួមតូច។ ការបង្ហាញទម្រង់លេងល្អ និងជ័យជម្នះមានសារៈសំខាន់ទាំងសម្រាប់កេរ្តិ៍ឈ្មោះក្លិប និងការបង្ហាញគុណភាពបាល់ទាត់កម្ពុជាដល់អ្នកទស្សនា។ នេះជាការថ្លែងរបស់គ្រូបង្វឹក Matthew McConkey របស់ព្រះខ័នរាជស្វាយរៀង ក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតពានរង្វាន់ Shopee Cup ទល់នឹង Port FC នៅរាត្រីនេះ។

លោក Matthew McConkey បានលើកឡើងថា បន្ទាប់ពីកីឡាករទទួលបានពេលសម្រាកពីកម្មវិធីប្រកួតមមាញឹក ក្រុមបានហ្វឹកហាត់យ៉ាងល្អចំនួន ៤ លើក ហើយកីឡាករមើលទៅមានទឹកចិត្តខ្ពស់ និងស្ថិតក្នុងទម្រង់លេងល្អ។
លោក McConkey បានកត់សម្គាល់ថា Port FC មានជម្រើសកីឡាករច្រើន ប៉ុន្តែកីឡាកររបស់ពួកគេ ៣ នាក់ប្រហែលជាមិនសូវមានឱកាសចូលលេងច្រើនទេ។ Port FC មានការប្តូរតំណែង និងផ្លាស់ទីច្រើនទៅកាន់តំបន់ខាងមុខ រវាងកីឡាករ និងខ្សែបម្រើ/ខ្សែការពារ ដូច្នេះស្វាយរៀងត្រូវរក្សាការផ្តោតអារម្មណ៍ មានការទំនាក់ទំនងល្អក្នុងក្រុម និងគ្រប់គ្រងអ្វីដែល Port FC អាចធ្វើបាន និងមិនអាចធ្វើបានពេលកាន់បាល់។

គ្រូ ព្រះខ័នរាជស្វាយរៀង បានបន្ថែមថា ស្វាយរៀងបានត្រៀមខ្លួនសម្រាប់គ្រប់ស្ថានភាពក្នុងរយៈពេល ៤ ថ្ងៃនៃការហ្វឹកហាត់។ ប្រធានក្រុម សឿយ វិសាល ក៏បានលើកឡើងពីគុណភាព និងភាពបត់បែនផ្នែកយុទ្ធសាស្ត្ររបស់ Port FC ដោយសង្កត់ធ្ងន់លើការផ្តោតអារម្មណ៍តាំងពីចាប់ផ្តើមការប្រកួត។
គ្រូបង្វឹក Božidar Bandović វ័យ ៥៧ឆ្នាំ សញ្ជាតិម៉ុងតេណេហ្គ្រោ របស់ Port FC បានថ្លែងក្នុងសន្និសីទសារព័ត៌មាន មុនជំនួបក្រុមព្រះខ័នរាជស្វាយរៀង ក្នុងពានរង្វាន់ ASEAN Club Championship ថា «យើងបានប្រើប្រាស់រយៈពេលសម្រាក ១០ ថ្ងៃ ដើម្បីជួយឱ្យកីឡាករមួយចំនួនជាសះស្បើយពីរបួស (ទោះបីជាតាមពិតទៅ ពួកគេនៅត្រូវការពេលវេលាបន្ថែមទៀតក៏ដោយ) និងដើម្បីរៀបចំផែនការយុទ្ធសាស្ត្រសម្រាប់ការប្រកួតនេះ»។

លោក Bandović បានលើកឡើងពីចំណុចសំខាន់ៗ «ពួកយើងបានត្រៀមខ្លួនរួចរាល់ និងមានវិន័យខ្ពស់សម្រាប់ការប្រកួតទីពីរក្នុងពានរង្វាន់នេះ ដោយដាក់គោលដៅដណ្តើមយកពិន្ទុ ទោះបីយើងតែងតែគោរពគូប្រកួតក៏ដោយ»។
គ្រូបង្វឹក វ័យ ៥៧ឆ្នាំរូបនេះបានបន្ថែមថា «ព្រះខ័នរាជស្វាយរៀង ជាក្រុមខ្លាំងដែលមានប្រព័ន្ធលេងរឹងមាំ សាមគ្គីភាពល្អ និងគ្រោះថ្នាក់ខ្លាំងពេលវាយសម្រុក ជាពិសេសទម្រង់ ៣-២-៥ ដើម្បីដាក់សម្ពាធ និងឆ្លៀតចូលតំបន់ទំនេរ។ ដូច្នេះ យើងត្រូវផ្តោតអារម្មណ៍ពេញ ៩០ នាទី ប្រជែងដណ្តើមបាល់ និងបិទគម្លាតការពារឱ្យជិតទាំងពេលដាក់សម្ពាធ និងពេលដកថយ»។

លោក Bandović បានបញ្ជាក់ថា «យុទ្ធសាស្ត្រសំខាន់របស់យើង គឺការគ្រប់គ្រងបាល់ និងផ្លាស់ប្តូរទិសដៅវាយសម្រុក។ ការខិតខំប្រឹងប្រែងបានជួយឱ្យយើងក្លាយជាក្រុមកំពូល ៣ ឬ ៤ នៅលីគថៃ ហើយយើងនឹងបន្តប្រើការប្រកួតបែបនេះ ដើម្បីពង្រឹងក្រុមឱ្យកាន់តែរឹងមាំ»។
គួរបញ្ជាក់ថា ក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង តំណាងកម្ពុជា នឹងបើកទ្វាពហុកីឡដ្ឋានជាតិមរតកតេជោ ប្រកួតវគ្គសន្សំពិន្ទុក្នុងពូល B ជុំទី២ ក្នុងពានរង្វាន់ ASEAN Club Championship (Shopee Cup) រដូវកាល ២០២៦/២៧ ទល់នឹងក្រុម Port FC (ថៃ) នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ម៉ោង ៧:០០ យប់ (ម៉ោងនៅកម្ពុជា)៕


