ក្នុងជំនួបរវាង​ប្រមុខការទូតកម្ពុជា និងឯកអគ្គរដ្ឋទូតអាម៉េរិក នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមវត្តមានឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម គ្រីស្តូហ្វឺ អានដ័រសុន ឯកអគ្គរដ្ឋទូតនៃសហរដ្ឋអាម៉េរិកប្រចាំព្រះរាជាណាចក្រកម្ពុជាចូលជួបសម្ដែងការគួរសមនៅទីស្តីការក្រសួង ភាគីកម្ពុជា-អាម៉េរិក បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តពង្រីកកិច្ចសហប្រតិបត្តិការ​លើវិស័យពាណិជ្ជកម្ម បញ្ញាសប្បនិម្មិត និងការពារជាតិ ។

ក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ និងអបអរសាទរចំពោះឯកឧត្តម គ្រីស្តូហ្វឺ អានដ័រសុន ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសមញ្ញ និងពេញសមត្ថភាពនៃសហរដ្ឋអាម៉េរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលការណ៍នេះបានឆ្លុះបញ្ចាំងនូវសន្ទុះជាវិជ្ជមានក្នុងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងសហរដ្ឋអាម៉េរិក។​

ភាគីទាំងពីរបានសម្ដែងនូវការពេញចិត្តចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការកម្ពុជា-សហរដ្ឋអាម៉េរិក ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និងដោយផ្អែកលើសមិទ្ធផលសំខាន់ៗដែលសម្រេចបាន ភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យគន្លឹះនានា រួមមានពាណិជ្ជកម្មនិងវិនិយោគ បញ្ញាសប្បនិម្មិត សុខាភិបាល សន្តិសុខ និងការពារជាតិ ព្រមទាំងជំរុញកិច្ចសហការទាំងក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ ដើម្បីផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

សូមជម្រាបថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានសម្ដែងនូវអំណរគុណរបស់កម្ពុជាចំពោះតួនាទីរបស់សហរដ្ឋអាម៉េរិកក្នុង ការសម្របសម្រួលកិច្ចព្រមព្រៀងបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ ក៏ដូចជាការយកចិត្តទុកដាក់ជាបន្តបន្ទាប់លើស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូន ឯកឧត្តមឯកអគ្គរដ្ឋទូត អំពីវឌ្ឍនភាពបច្ចុប្បន្ន និងបានបញ្ជាក់ជាថ្មីនូវជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយអនុលោមតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់៕

Share.