យោងតាមសេចក្តីប្រកាសរបស់សេតវិមានអាមេរិក បានឱ្យដឹងថា ប្រទេសថៃមានគម្រោងចំណាយថវិការហូតដល់ ១២៣ លានដុល្លារអាមេរិក ដើម្បីបញ្ជាទិញប្រព័ន្ធកាំភ្លើងធំបាញ់រ៉ុក្កែតចល័តល្បឿនលឿន (HIMARS) ដែលផលិតនៅសហរដ្ឋអាមេរិក។ តាមរយៈគម្រោងទិញសព្វាវុធដ៏ធំនេះ ប្រទេសថៃអាចនឹងក្លាយជាប្រទេសដំបូងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដីគោក ដែលទទួលបានកិច្ចព្រមព្រៀងទិញប្រព័ន្ធរ៉ុក្កែតទំនើបប្រភេទនេះ។

សេតវិមានបានបញ្ជាក់ថា សំណើទិញប្រព័ន្ធអាវុធ HIMARS នេះ គឺជាផ្នែកមួយនៃកញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្ម និងការវិនិយោគយុទ្ធសាស្ត្រដែលមានទំហំទឹកប្រាក់សរុបជាង ១៧ ពាន់លានដុល្លារអាមេរិក សម្រាប់ក្រុមហ៊ុនអាមេរិកនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលត្រូវបានប្រកាសដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃនៅប្រទេសហ្វីលីពីន ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន។

គួរឱ្យដឹងថា ប្រព័ន្ធ HIMARS គឺជាប្រព័ន្ធកាំភ្លើងធំបាញ់រ៉ុក្កែតបំពាក់លើរថយន្តយោធាទម្ងន់ ៥ តោនរបស់អាមេរិក ដែលមានសមត្ថភាពផ្ទុកគ្រាប់រ៉ុក្កែតបញ្ជាទិស GMLRS ចំនួន ៦ គ្រាប់ ឬអាចបំពាក់មីស៊ីលយុទ្ធសាស្ត្រកងទ័ព (ATACMS) ចំនួន ១ គ្រាប់ ព្រមទាំងអាចបាញ់ប្រភេទគ្រាប់រ៉ុក្កែតជាច្រើនទៀតនៅក្នុងប្រព័ន្ធបាញ់រ៉ុក្កែតចម្រុះ។

ទាក់ទិននឹងការបង្កើនការចំណាយលើវិស័យយោធារបស់រដ្ឋាភិបាលទីក្រុងបាងកកនេះ ត្រូវបានអ្នកតាមដានស្ថានការណ៍តំបន់កត់សម្គាល់ឃើញថា កើតឡើងស្របពេលដែលតំបន់អាស៊ីអាគ្នេយ៍កំពុងស្ថិតក្នុងបរិបទនៃការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងសន្តិសុខជាមួយមហាអំណាច ប៉ុន្តែទន្ទឹមនឹងនេះ ក៏បង្កឱ្យមានការលើកឡើងជាសំណួរអំពីអាទិភាពនៃការប្រើប្រាស់ថវិកាជាតិ និងតុល្យភាពសន្តិសុខនៅតាមបណ្តោយព្រំដែនជាមួយប្រទេសជិតខាង ជាពិសេសនៅក្នុងកាលៈទេសៈដែលបញ្ហាជម្លោះព្រំដែន និងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពក្នុងតំបន់ កំពុងស្ថិតក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់ពីសហគមន៍អន្តរជាតិផងដែរ៕

Share.