ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសជំហរយ៉ាងដាច់ណាត់ថា លោកគ្មានការស្តាយក្រោយឡើយចំពោះការបើកឆាកសង្គ្រាមវាយប្រហារលើអ៊ីរ៉ង់ បើទោះបីជាភ្លើងសង្គ្រាម និងវិបត្តិតម្លៃប្រេងបានធ្វើឱ្យគណបក្សសាធារណរដ្ឋរបស់លោកបរាជ័យក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិកាលពីដើមខែវិច្ឆិកាក៏ដោយ។

ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News នៅប្រទេសចិន កាលពីថ្ងៃទី១៨ ខែវិច្ឆិកា មេដឹកនាំអាមេរិកវ័យ ៨០ឆ្នាំរូបនេះ បានចាត់ទុកកិច្ចចរចាកន្លងមកថាគ្រាន់តែជាការខាតពេល និងជាការបើកមុខមាត់ពិតរបស់មន្ត្រីអ៊ីរ៉ង់ដែលមិនអាចទុកចិត្តបាន។ លោកបានសង្កត់ធ្ងន់ថា បើពេលវេលាអាចវិលថយក្រោយ លោកនៅតែសម្រេចចិត្តវាយប្រហារដដែល ព្រោះប្រជាប្រិយភាពនយោបាយមិនមែនជាឧបសគ្គរារាំងការការពារសន្តិសុខជាតិឡើយ។

ស្របពេលជាមួយគ្នានេះ លោក ត្រាំ ក៏បានផ្ញើសារព្រមានកម្រិតធ្ងន់បំផុតទៅកាន់ទីក្រុងតេហេរ៉ង់ ជុំវិញសេចក្តីរាយការណ៍សម្ងាត់របស់ CNN ដែលទម្លាយថា អ៊ីរ៉ង់កំពុងសំងំផលិត «គ្រាប់បែកកខ្វក់» ឬអាវុធជីវសាស្ត្រ ដើម្បីវាយប្រហារសងសឹកនៅរដ្ឋធានីវ៉ាស៊ីនតោន ក្រោយកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនត្រូវបានកម្ទេច។ លោក ត្រាំ បានព្រមានថា អាមេរិកកំពុងតាមដានយ៉ាងដិតដល់ ហើយប្រសិនបើអ៊ីរ៉ង់ហ៊ានប្រព្រឹត្តទង្វើដ៏អាក្រក់នេះមែន អាមេរិកនឹង «វាយកម្ទេចអ៊ីរ៉ង់ឱ្យរលាយបាត់ពីផែនទីតែម្តង»។
ទោះជាយ៉ាងណា លោក ត្រាំ បានបង្ហើបថា ទ្វារចរចានៅតែបើកចំហជានិច្ច ដោយអះអាងថាទីក្រុងតេហេរ៉ង់កំពុងចង់បានកិច្ចព្រមព្រៀង ប៉ុន្តែទីក្រុងវ៉ាស៊ីនតោនត្រូវការតែកិច្ចព្រមព្រៀងណាដែលមានភាពរឹងមាំ និងឋិតថេរយូរអង្វែងពិតប្រាកដប៉ុណ្ណោះ៕

