ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ រស់ ទិត្យតារា នាយការិយាល័យផ្សព្វផ្សាយអប់រំ ចំណុះនាយកដ្ឋានរដ្ឋបាល បានដឹកនាំក្រុមការងារ សហការជាមួយមន្ត្រីជំនាញ បន្តចុះបើកប្រអប់សំបុត្រទទួលមតិ និងសំណូមពររបស់ប្រជាពលរដ្ឋ នៅតាមបណ្តាទីតាំងផ្តល់សេវាអត្តសញ្ញាណកម្មមួយចំនួន ក្នុងរាជធានីភ្នំពេញ។


សកម្មភាពនេះធ្វើឡើងក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ហម រដ្ឋា អនុប្រធានក្រុមប្រចាំការសេវាកម្មអត្តសញ្ញាណកម្ម និងប្រតិកម្មរហ័ស តំណាងឯកឧត្តមឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង និងជាប្រធានក្រុមប្រចាំការសេវាកម្មអត្តសញ្ញាណកម្ម និងប្រតិកម្មរហ័ស នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។




ប្រអប់សំបុត្រទាំងនេះ ត្រូវបានដាក់នៅតាមទីតាំងសំខាន់ៗ រួមមាន អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នាយកដ្ឋានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នាយកដ្ឋានលិខិតឆ្លងដែន បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងទីស្នាក់ការផ្តល់សេវាលិខិតឆ្លងដែន និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៅផ្សារទំនើបអ៊ីអន២ សែនសុខ និងផ្សារទំនើបអ៊ីអនម៉លមានជ័យ។




ការចុះបើកប្រអប់សំបុត្រនេះ មានគោលបំណងប្រមូលមតិយោបល់ និងសំណូមពរពីប្រជាពលរដ្ឋ ដើម្បីយកមកពិនិត្យ និងដោះស្រាយ ព្រមទាំងជួយលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។
