
យោងតាមសារព័ត៌មានចិននាពេលថ្មីៗនេះបានឱ្យដឹងថា លោកប្រធានាធិបតីចិន ស៊ី ជីនពីង (Xi Jinping) បានថ្លែងសុន្ទរកថាបើកកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នៅទីក្រុងសិនជិន ភាគខាងត្បូងប្រទេសចិន នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយបានអំពាវនាវឱ្យសហគមន៍អន្តរជាតិបន្តគាំទ្រពាណិជ្ជកម្មសេរី និងបើកចំហ ព្រមទាំងបានបង្ហាញជំហរប្រឆាំងយ៉ាងដាច់អហង្ការចំពោះលទ្ធិគាំពារនិយមពាណិជ្ជកម្ម និងឯកតោភាគីនិយម។
ថ្លែងនៅចំពោះមុខក្រុមនាយកប្រតិបត្តិធុរកិច្ចក្នុងតំបន់ លោក ស៊ី ជីនពីង បានគូសបញ្ជាក់ថា៖ «យើងត្រូវតែប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលផ្អែកលើច្បាប់ ដោយមានអង្គការពាណិជ្ជកម្មពិភពលោក (WTO) ជាស្នូល ព្រមទាំងគាំទ្រពាណិជ្ជកម្ម និងការវិនិយោគដែលសេរី និងបើកចំហ ដើម្បីរក្សាស្ថិរភាព និងដំណើរការដោយរលូននៃខ្សែចង្វាក់ឧស្សាហកម្ម និងខ្សែចង្វាក់ផ្គត់ផ្គង់ពិភពលោក»។
មេដឹកនាំកំពូលចិនរូបនេះបានបន្ថែមថា ប្រទេសចិននឹងបន្តបោះទុនវិនិយោគលើវិស័យឧស្សាហកម្ម និងអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ ដែលនឹងផ្តល់ផលប្រយោជន៍ដល់បណ្តាប្រទេសដទៃទៀតផងដែរ។ ទន្ទឹមនឹងនេះ សេដ្ឋកិច្ចធំលំដាប់ទី២ លើពិភពលោកមួយនេះ នឹងបន្តកាត់បន្ថយអត្រាពន្ធគយ និងបើកចំហទីផ្សារឱ្យកាន់តែទូលំទូលាយ។
យោងតាមទីភ្នាក់ងារសារព័ត៌មានចិន Xinhua បានស្រង់ប្រសាសន៍លោក ស៊ី ជីនពីង ក៏បានរំលេចអំពី «ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិរយៈពេល ៥ឆ្នាំ លើកទី១៥ (២០២៦-២០៣០)» របស់ចិន ដែលនឹងផ្តល់ឱកាសយ៉ាងសម្បូរបែបសម្រាប់កំណើនសេដ្ឋកិច្ចនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងពិភពលោកទាំងមូល។ សារនយោបាយសេដ្ឋកិច្ចរបស់លោក ស៊ី នាពេលនេះ បានធ្វើឡើងភ្លាមៗបន្ទាប់ពីរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានប្រកាសរឹតបន្តឹងបន្ថែមទៀតលើការនាំចេញបន្ទះឈីបបញ្ញាសិប្បនិម្មិត (AI) កម្រិតខ្ពស់ពីក្រុមហ៊ុនដូចជា Nvidia ទៅកាន់ប្រទេសចិន។
យ៉ាងណាមិញ ស្របពេលដែលកិច្ចប្រជុំ APEC កំពុងចាប់ផ្ដើម ក្រសែភ្នែកពិភពលោកទាំងមូលកំពុងផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើជំនួបកំពូលត្រីភាគីជាប្រវត្តិសាស្ត្រ រវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ , ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា លោក វ្ល៉ាឌីមៀ ពូទីន បានធ្វើដំណើរទៅដល់ទីក្រុងសិនជិន កាលពីវេលាម៉ោង ២ទៀបភ្លឺថ្ងៃពុធ បន្ទាប់ពីស្ពាន Kerch ដែលតភ្ជាប់តំបន់គ្រីមៀ និងរុស្ស៊ី ទើបតែរងការវាយប្រហារពីសំណាក់កងទ័ពអ៊ុយក្រែន។ ចំណែកឯលោក ដូណាល់ ត្រាំ ក៏បានធ្វើដំណើរទៅដល់ប្រទេសចិនក្នុងថ្ងៃដដែលនោះ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំជាមួយមេដឹកនាំអាស៊ាននៅទីក្រុងម៉ានីល។
នៅក្នុងជំនួបត្រីភាគីដ៏កម្រនេះ មេដឹកនាំមហាអំណាចទាំងបី ត្រូវបានរំពឹងថានឹងពិភាក្សាលើបញ្ហាសន្តិសុខ និងភូមិសាស្ត្រនយោបាយសំខាន់ៗរបស់ពិភពលោក រួមមាន សង្គ្រាមនៅអ៊ុយក្រែន ជម្លោះនៅអ៊ីរ៉ង់ បញ្ហាពាណិជ្ជកម្ម បច្ចេកវិទ្យា AI និងការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ ដោយមុនជំនួបត្រីភាគី លោក ត្រាំ និងលោក ស៊ី ក៏គ្រោងនឹងទទួលទានអាហារថ្ងៃត្រង់រួមគ្នាជាមុនផងដែរ។ ក្រៅពីនេះ លោក ត្រាំ ក៏បានបង្ហើបពីលទ្ធភាពនៃការជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ប៉ុន្តែពុំទាន់មានការបញ្ជាក់ជាផ្លូវការនៅឡើយទេ។
សូមជម្រាបថា ជំនួបកំពូលរវាងមេដឹកនាំមហាអំណាចទាំងបីនៅទីក្រុងសិនជិននាពេលនេះ ត្រូវបានអ្នកវិភាគអន្តរជាតិប្រៀបធៀបទៅនឹង «សន្និសីទក្រុងយ៉ាល់តា (Yalta Conference)» ក្នុងឆ្នាំ១៩៤៥ ដែលជាវេទិកាកំណត់សណ្តាប់ធ្នាប់ពិភពលោកក្រោយសង្គ្រាមលោកលើកទី២។ ទោះបីជាវិមានក្រឹមឡាំងបានច្រានចោលការប្រៀបធៀបនេះដោយចាត់ទុកថាគ្រាន់តែជាទស្សនៈរបស់អ្នកវិទ្យាសាស្ត្រនយោបាយក៏ដោយ ក៏រដ្ឋាភិបាលទីក្រុងប៉េកាំងបានវាយតម្លៃថា ជំនួបត្រីភាគីនេះមានសារៈសំខាន់ក្នុងកម្រិត «ផ្លាស់ប្តូរទំព័រប្រវត្តិសាស្ត្រ» និងរួមចំណែកយ៉ាងធំធេងដល់សន្តិភាពពិភពលោក៕

