
កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានបង្កើតសមិទ្ធផលការទូតយោធាដ៏មានមោទនភាពមួយទៀតនៅលើឆាកអន្តរជាតិ ដោយបានទទួលភារកិច្ចជាផ្លូវការពីកងទ័ពជើងគោកម៉ាឡេស៊ី ដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំពហុភាគីមេបញ្ជាការកងទ័ពជើងគោកអាស៊ាន (ACAMM) និងកិច្ចប្រជុំប្រចាំឆ្នាំនាយទាហានរងជាន់ខ្ពស់កងទ័ពជើងគោកអាស៊ាន (ASMAM) ក្នុងឆ្នាំ២០២៧ ខាងមុខនេះ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។
ពិធីប្រគល់ និងទទួលតួនាទីជាម្ចាស់ផ្ទះដ៏សំខាន់នេះ បានប្រព្រឹត្តទៅកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុងម៉ាឡាកា ប្រទេសម៉ាឡេស៊ី ក្នុងឱកាសដែល ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំ ACAMM លើកទី២៧ ក្រោមប្រធានបទ «ការជំរុញការត្រៀមលក្ខណៈរួមរបស់កងទ័ពជើងគោកអាស៊ាន ដើម្បីតំបន់មួយប្រកបដោយស្ថិរភាព និងសន្តិសុខ»។

នៅក្នុងកិច្ចប្រជុំតុមូលកម្រិតមេបញ្ជាការកងទ័ពជើងគោកអាស៊ាន ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានថ្លែងចែករំលែកនូវទស្សនៈយុទ្ធសាស្ត្ររបស់កម្ពុជា ស្តីពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្តែងតាមរយៈយន្តការពហុភាគី ដោយបានគូសបញ្ជាក់យ៉ាងម៉ឺងម៉ាត់លើការកសាងទំនុកចិត្ត កិច្ចសន្ទនាបើកចំហ និងជាពិសេសគឺការគោរពអធិបតេយ្យភាព ឯករាជ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសនីមួយៗ ស្របតាមគោលការណ៍ច្បាប់អន្តរជាតិ។
ជាលទ្ធផលនៃកិច្ចប្រជុំ មេបញ្ជាការកងទ័ពជើងគោកអាស៊ានបានឯកភាពអនុម័តលើសេចក្តីថ្លែងការណ៍រួម ដោយកំណត់យកទិសដៅអាទិភាពសំខាន់ៗចំនួន ៥ រួមមាន៖ ការពង្រឹងការត្រៀមលក្ខណៈរួមគ្នា-ការចែករំលែកព័ត៌មាន និងការផ្លាស់ប្តូរវិជ្ជាជីវៈយោធា- ការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្តែង-ការជំរុញអន្តរប្រតិបត្តិការ និងការកសាងសមត្ថភាព-ការអភិវឌ្ឍសមត្ថភាពកងទ័ពប្រកបដោយភាពធន់ និងចីរភាព។

ទន្ទឹមនឹងកិច្ចប្រជុំពហុភាគីនេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ក៏បានឆ្លៀតជួបពិភាក្សាការងារទ្វេភាគីជាមួយសមភាគីនៃបណ្តាប្រទេសសមាជិកអាស៊ានជាច្រើនរូប ដើម្បីរឹតចំណងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក ដោយផ្តោតសំខាន់លើការបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរបទពិសោធន៍ជំនាញ និងការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក។
សូមជម្រាបថា កិច្ចប្រជុំ ACAMM និង ASMAM គឺជាវេទិកាយោធាប្រចាំឆ្នាំដ៏សំខាន់របស់អាស៊ាន ដែលបង្កើតឡើងក្នុងគោលបំណងពង្រឹងមិត្តភាព ទំនុកចិត្ត និងភាពជាអ្នកដឹកនាំរវាងកងទ័ពជើងគោកនៃប្រទេសសមាជិកទាំងអស់ ដើម្បីរួមចំណែកយ៉ាងសកម្មក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខយូរអង្វែងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍៕

