ឆ្នាំ២០២១នេះ មហោស្រពរូបថតភ្នំពេញ បានត្រឡប់វិលមកវិញ ចាប់ផ្ដើមពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដល់ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២។ ដោយសារប្រឈមចំពោះស្ថានភាពកូវីដ១៩ បើគិតពីផលលំបាក មហោស្រពរូបថតភ្នំពេញ បានជួបផលលំបាកចាប់តាំងពីថ្ងៃទី១នៃការបង្កើតមហោស្រពមកម្លេះ។ តែមហោស្រពនេះ បានក្លាយជាបេះដូងដ៏សំខាន់ក្នុងការចែករំលែក និងផ្លាស់ប្ដូររវាងវប្បធម៌អឺរ៉ុប និងអាស៊ី ពីមួយជំនាន់ទៅមួយជំនាន់ ឱ្យកាន់តែឆ្ពោះទៅមុខដោយការចែករំលែកបទពិសោធន៍គំនិតនៃរូបថត។
នៅថ្ងៃបើកពិធីទាំងមូល លោក សុវណ្ណ ភីឡុង ដែលមានតួនាទីជាអនុប្រធានសមាគមន៍រូបថតភ្នំពេញ បានផ្ដល់បទសម្ភាសន៍ជូនអ្នកសារព័ត៌មានត្រយងថា «ជារៀងរាល់ថ្ងៃគឺមហោស្រពរូបថតភ្នំពេញ តែងតែពាំនាំនូវស្នាដៃថ្មី និងគំនិតទស្សនៈថ្មី យកមកតាំងបង្ហាញឱ្យមហាជនអ្នកស្រឡាញ់ការថតរូបបានទស្សនា ដើម្បីឱ្យបានដឹងថា តើវិស័យថតរូបនៅក្នុងប្រទេសកម្ពុជា បានរីកចម្រើនដល់កម្រិតណា។ នេះក៏ជាឱកាសដ៏ល្អសម្រាប់ជំនួបរវាងសិល្បករអន្ដរជាតិមកពីទ្វីបអឺរ៉ុបបានចែករំលែកផ្ដល់បទពិសោធន៍ជាមួយសិល្បករខ្មែរ។ កាលពីឆ្នាំមុន គឺមហោស្រពអាចប្រារព្ធធ្វើឡើងបានធម្មតា តែដោយឡែកឆ្នាំនេះ គឺយើងបានពន្យាពេលដល់ទៅ ១ ខែ ក្រោយប្រឈមជាមួយស្ថានភាពកូវីដ១៩»។
អនុប្រធានសមាគមន៍រូបថតភ្នំពេញ និងជាអ្នករៀបចំរូបថតភ្នំពេញនេះ បានបញ្ជាក់ទៀតថា «មហោស្រពរូបថតភ្នំពេញ ២០២១ បានវិលមកវិញដោយយគោរពតាមគោលការណ៍របស់ក្រសួងសុខាភិបាល។ ដោយឡែកឆ្នាំនេះ គឺយើងមិនបានអាចធ្វើធំដូចកាលពីឆ្នាំមុនៗបានទេ គឺយើងមានតាំងបង្ហាញក្នុងវិចិត្រសាលនៃវិទ្យាស្ថានបារាំង នៅមជ្ឍមណ្ឌុលបុប្ផាណា និងនៅលើជញ្ជាំងរបស់ស្ថានទូតបារាំង។ ៣ទីតាំងសំខាន់នេះ គឺយើងមានរហូតដល់ទៅ ៤ពិព័រណ៍ ដែលយើងបានដាក់តាំងបង្ហាញ នៅក្នុងនោះមាន សិល្បករខ្មែរចំនួន ២រូប ត្រូវបានជ្រើសរើសស្នាដៃ»។
សូមជម្រាបជូនថា ស្នាដៃទាំងអស់ដែលដាក់តាំងក្នុងឆ្នាំនេះជាការបង្ហាញនូវការយល់ដឹងយ៉ាងពិតប្រាកដដ៏អស្ចារ្យនៃការថតរូប ដោយសារតែមាន ការចូលរួមពីយុវជន និងអ្នកស្ម័គ្រចិត្តជាច្រើន។ ការថតរូបមិនត្រឹមមានតែគំនិតបង្ហាញពីការពិត ឬជាភ័ស្តុតាងតែមួយទេ ប៉ុន្តែជា វិធីនៃការសួរសំណួរយ៉ាងជ្រាលជ្រៅអំពីពេលវេលា អត្តសញ្ញាណ ការចងចាំ ដែលមានតិចតួចប៉ុណ្ណោះ។ វិធីនៃការសួរសំណួរមិនមែនដើម្បីស្វែងរកចម្លើយទេ ប៉ុន្តែដើម្បីដាស់តឿនឱ្យយើងម្នាក់ៗមានការគិតឱ្យស៊ីជម្រៅ ធ្វើវាឱ្យល្អបំផុត និងឆ្ពោះទៅរកពិភពលោក។
ជាចុងក្រោយ ការតាំងពិព័រណ៍នេះមិនអាចកើតមានឡើងបានទេបើគ្មានវត្តមានរបស់សិល្បករ។ ក្នុងគ្រាដ៏លំបាកទាំងនេះ សិល្បករជាអ្នកបង្កើតនូវក្តីសង្ឃឹម មិនមែនជាដំណោះស្រាយ ប៉ុន្តែវាជាអណ្តាតភ្លើងតូចមួយដ៏អស្ចារ្យ និងត្រូវការជាចាំបាច់ឱ្យយើងជួយចែករំលែក។ សូមអញ្ជើញទៅចូលរួមមហោស្រពរូបថតភ្នំពេញ ២០២១ ទាំងអស់គ្នា៕