នៅថ្ងៃទី ២៨ ខែ វិច្ឆកា ឆ្នាំ២០២១នេះ ចំថ្ងៃខួប៣ឆ្នាំ នៃការបញ្ចូលល្ខោនខោលវត្តស្វាយអណ្ដែតជាសម្បតិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ នៅទីក្រុងព័រល្វី ប្រទេសម៉ូរីស។
បើយោងតាមអត្ថបទស្រាវជ្រាវរបស់លោក លោកបណ្ឌិត ផុន កសិកា អនុប្រធានវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា ទម្រង់ល្ខោនខោលនៅឯវត្តស្វាយអណ្ដែត ជាទម្រង់ល្ខោនដែលត្រូវបានសម្ដែងប្រចាំឆ្នាំ ក្រោយពេលបុណ្យចូលឆ្នាំខ្មែរ។ តាមប្រពៃណីនិងទំនៀមទម្លាប់តមកដល់បច្ចុប្បន្ននេះ គេតម្រូវឱ្យមានការប្រារព្ធធ្វើពិធីសំពះគ្រូមុននឹងចេញសម្ដែង។ ជានិច្ចកាល គេតែងសម្តែងឈុតបួងសួងសុំទឹកភ្លៀង ដែលជាជំនឿសុំទឹកភ្លៀងនៅរដូវរាំងភ្លៀង ដើម្បីឱ្យយក្សទម្លាយទំនប់ទឹកមកស្រោចស្រង់ដំណាំរបស់ប្រជាជន។
ល្ខោនខោល ឬ ភាណី ឬ ល្ខោនពាក់មុខ ជាប្រភេទសិល្បៈទស្សនីយភាពរបស់ខ្មែរចំណាស់ ដែលមានអាយុកាលតាំងពីសតវត្សរ៍ទី១។ លក្ខណៈពិសេសរបស់ល្ខោនខោលគឺ សម្ដែងតែនៅក្នុងរឿង រាមកេរ្តិ៍ខែ្មរមួយគត់ មិនយករឿងអ្វីផ្សេងមកសម្ដែងឡើយ អ្នកសម្តែងសុទ្ធតែប្រុសៗ ទោះ បីជាតួអង្គស្រីក៏យកប្រុសមកសម្តែងដែរ សម្ដែងពាក់មុខខ្មុកស្មាច់ពីក្រដាសជារបាំង មុខ ជារូបក្បាល តួអង្គផ្សេងៗ ដូចជា រូបក្បាលមេទ័ពស្វា ពលស្វា មេទ័ពយក្ស សេនាយក្ស តាឥសី ជាដើម ។
នៅមានវង់ល្ខោនខ្លះ សម្ដែងតួដោយមិនពាក់មុខដែរ ប្រសិនបើតួអង្គមានរូបរាងជាមនុស្ស ដូចជាតួអង្គព្រះរាម ព្រះលក្សណ៍ នាងសេតា តែក្រុមខ្លះទៀតពាក់មុខខ្មុកទាំងអស់ ហើយត្រូវមានអ្នកពោលដំណើររឿងសាច់រឿងដោយចេះចាំស្ទាត់ ព្រមទាំងឆ្លើយឆ្លងពីតួអង្គមួយទៅតួអង្គមួយទៀតផងដែរ៕