ដើម្បីអបអរសាទរថ្ងៃដាក់បញ្ចូលល្ខោនខោលវត្តស្វាអណ្ដែតចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ចំថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ តារាសម្ដែងប្រុស ខាត់ វ៉ៃហាំង បានលើកយកឈុតទម្រង់ល្ខោនខោលដល់ទៅ ៣ តួអង្គ មកបង្ហាញជូនអ្នកគាំទ្រ។ នៅក្នុងនោះឃើញមានឈុតហនុមាន ឈុតព្រះរាម និងឈុតយក្ស ។
សូមជម្រាបថា ល្ខោនខោលត្រូវបានចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ថ្ងៃទី២៨ខែ វិច្ឆិកា ឆ្នាំ២០១៨ កាលពី ៣ឆ្នាំមុន នៅទីក្រុងព័រល្វី ប្រទេសម៉ូរីស។ បើយោងតាមសៀវភៅល្ខោនខោល របស់ព្រឹទ្ធាចារ្យផ្នែកវប្បធម៌ខ្មែរ និងតែងនិពន្ធ លោក “ពេជ្យ ទុំក្រវ៉ិល” បានសរសេរថា នៅលើសិលាចារឹក K.99 ប្រាសាទសំបូរព្រៃគុក នាសតវត្សរ៍ទី១០ គេឃើញមានទម្រង់ល្ខោនមួយឈ្មោះ «ភាណី» គឺជាអ្នករាំសុទ្ធតែជាប្រុស ហើយតន្ត្រីករសម្រាប់ល្ខោននេះ ក៏សុទ្ធតែជាប្រុសផងដែរ។ លក្ខណៈពិសេសរបស់ល្ខោនខោលគឺ សម្ដែងតែនៅក្នុងរឿង រាមកេរ្តិ៍ខែ្មរមួយគត់ តួសម្ដែងពាក់មុខខ្មុក (ស្មាច់ពីក្រដាស) ជារបាំង មុខ ជារូបក្បាល តួអង្គផ្សេងៗ ដូចជា រូបក្បាលមេទ័ពស្វា ពលស្វា មេទ័ពយក្ស សេនាយក្ស តាឥសី ជាដើម ។
យ៉ាងណាមិញ ខណៈដែលតារាប្រុស រូបនេះបានលើកឈុតនិងសម្លៀកបំពាក់ល្ខោនខោល មកបង្ហាញសម្រស់បែបនេះ ក៏មានមហាជនអ្នកគាំទ្រកោតសរសើរពីទឹកចិត្តស្រឡាញ់ ហើយរួមចំណែកលើកស្ទួយវប្បធម៌ជាតិ៕