ដូចមហាជនអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកដែលបានតាមដានសកម្មភាពរបស់តារាប្រុស G-Devith បានដឹងមកហើយថា កន្លងមកលោកធ្លាប់មានការផ្ទុះសង្គ្រាមពាក្យសម្ដីជាមួយ អាចារ្យធំ ជាច្រើនលើកច្រើនសារ។ អាចារ្យធំ តែងតែចេញវីដេអូធ្វើការរិះគន់ចំពោះតារាចម្រៀង G-Devith និងកញ្ញា ទេព បូព្រឹក្ស ចេញតែបទចម្រៀងបែកស្លុយ និងរឿងរ៉ាវចុងក្រោយនេះ គឺ អាចារ្យធំ បានបាញ់ខ្លាំងៗចំពោះការ Live ភ្លក្សប្រទាលបាតដៃ។
ស្រាប់តែថ្មីៗនេះ អាចារ្យធំ បានធ្វើឱ្យមហាជនចាប់អារម្មណ៍ម្ដងទៀត និងភ្ញាក់ផ្អើលមិនស្ទើទេ នៅពេលដែល អាចារ្យធំ បានលើកការសរសើរចំពោះ G-Devith នៅលើហ្វេសប៊ុក ព្រមទាំងតាំងរូប G-Devith នៅលើ Profile Picture របស់ខ្លួនដោយពោលថា ៖ «អស្ចារ្យណាស់លោកប្អូន»។
យ៉ាងណាមិញ កាលពីថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ២០២១នេះ គេមើលឃើញ អាចារ្យធំ បានបង្ហោះសារមួយទៀតដែលមានខ្លឹមសារថា « មិនមានអីចម្លែកទេបងប្អូនអើយ! គោលការណ៍របស់ខ្ញុំគឺមិនដែលយកខ្មែរណាម្នាក់ជាសត្រូវនោះទេ។ រឿងវិជ្ជមានខ្ញុំសូមលើកម្រាមដៃគោរព រឿងអវិជ្ជមាន ខ្ញុំសូមចូលខ្លួនរិះគន់ដោយន័យស្ថាបនា #ផែនដីនេះជារបស់ខ្មែរយើងគ្រប់គ្នា»។
តើ G-Devith យល់ឃើញបែបណាចំពោះសកម្មភាពរបស់ អាចារ្យធំ ដែលស្រាប់តែពេលនេះបង្ហាញការគាំទ្រចំពោះលោកខ្លាំង?
ដើម្បីបំភ្លឺចំពោះរឿងមួយនេះ តារាចម្រៀង G-Devith បានបកស្រាយប្រាប់អ្នកសារព័ត៌មានត្រយង នៅក្នុងថ្ងៃដាក់សម្ពោធ MV «វីរនារី» ថា៖ «សម្រាប់ខ្ញុំម្នាក់ គឺខ្ញុំតំណាងឱ្យខ្មែរគ្រប់គ្នា ដូច្នោះខ្ញុំមិនបានខ្វល់ថា អ្នកណាមួយជាខ្មែរផ្សេង ឬអ្វីនោះទេ ឱ្យតែអ្នកមានឈាមជ័រជាខ្មែរ គឺសុទ្ធតែបងប្អូនរបស់ខ្ញុំទាំងអស់»។ ការបកស្រាយរបស់ G-Devith ហាក់ដូចស្ដែងថា លោកមិនបានប្រកាន់ខឹងចំពោះអ្នកណាម្នាក់ឡើយ និងមិនចង់តតាំងជាមួយកូនខ្មែរដូចគ្នា។ លោកបន្ដថា « បើខ្ញុំតាំងចិត្តថានឹងតតាំង ឬតវ៉ា នោះគឺខ្ញុំមិនអាចមើលឃើញមុនទេ ដោយសារតែផែនដីគឺមូល អ៊ីចឹងហើយយើងត្រូវដឹងថា ថ្ងៃនេះគឺជាយើង ថ្ងៃក្រោយគឺជាគេ។ ដូច្នោះហើយខ្ញុំគិតថា សម្រាប់បងប្អូនទាំងអស់គ្នា បើយើងបើកចិត្តទូលាយថា យើងជាខ្មែរដូចគ្នា យើងជាបងប្អូនតែមួយ នោះមិនថាអ្នកណាទេ ឱ្យតែមានចិត្តបែបនេះ គឺយើងនឹងឆ្ពោះទៅមុខទាំងអស់គ្នា»។
សូមជម្រាបផងដែរថា នៅពេលដែលឃើញតារាចម្រៀង Rap ២ដួងនេះវិលមករកល្អនឹងគ្នាវិញអ៊ីចឹង អ្នកគាំទ្រជឿថា នេះគឺជាការបង្ហាញទង្វើប្រពៃមួយ ដែលឃើញសិល្បករខ្មែរវិលមករួបរួមគ្នា ជំរុញការលើកស្ទួយសិល្បៈ វប្បធម៌បុរាណ្មខ្មែរ និងកាន់តែធ្វើឱ្យវប្បធម៌ខ្មែររីកសាយភាយកាន់តែខ្លាំងឡើងថែមទៀត៕