«ខ្ញុំរំភើបក្នុងនាមជាចាស់ទុំម្នាក់ ជាអ្នកអភិរក្សសិល្បៈវប្បធម៌ ដែលនៅសេសសល់ពីសម័យប៉ុលពត» ជាឃ្លាដែលព្រឹទ្ធាចារ្យ ព្រឿង ឈាង សាស្ត្រាចារ្យនៃសកលវិទ្យាភូមិន្ទវិចិត្រសិល្បៈ ក្ដុកក្ដួលអារម្មណ៍ សម្រក់ទឹកភ្នែក បង្ហាញរំភើបចំពោះការខិតខំរបស់កញ្ញា ទេព បូព្រឹក្ស ក្នុងការផលិត MV «វីរនារី»។
សព្វថ្ងៃនេះ ជាក់ស្តែងគេសង្កេតឃើញថា យុវជនកម្ពុជាបានងាកមកចាប់ផ្តើមមានការចាប់អារម្មណ៍លើការលើកស្ទួយវប្បធម៌បុរាណខ្មែរ ហើយការពោលរបស់ព្រឹទ្ធាចារ្យ ព្រឿង ឈាង ខាងលើនេះគឺជាកម្លាំងចិត្តដល់កូនខ្មែរ ឱ្យកាន់តែស្រឡាញ់វប្បធម៌ជាតិ។
ជួបសម្ភាសជាមួយអ្នកសារព័ត៌មានត្រយង ព្រឹទ្ធាចារ្យ ព្រឿង ឈាង យល់ឃើញចំពោះការផលិត MV «វីរនារី» នេះថា ជំហានដំបូងដែលយើងអាចផលិត MV មួយនេះបានយ៉ាងល្អ គឺយើងបានសិក្សាស្វែងយល់ច្បាស់ហើយ។ លោកថាចង់ឱ្យសិល្បករទាំងអស់ ទោះជាសិល្បករសម័យក្ដី គឺត្រូវឈរនៅលើមូលដ្ឋានអតីតកាលឱ្យបានច្បាស់លាស់ ហើយយើងរុញការផ្សព្វផ្សាយឱ្យបានល្អដូច MV «វីរនារី» នេះអ៊ីចឹងដែរ។ លោកបន្ដទៀតថា លោកមិនចងបានការសរសើរដែលមានលក្ខណៈប្រដូចទៅនឹង ជប៉ុន ឬ កូរ៉េ អ្វីនោះទេ ពោលគឺលោកចង់បានការលើកសរសើរថា ជាខ្មែរ បែបខ្មែរ។
ព្រឹទ្ធាចារ្យផ្នែកវប្បធម៌ខាងលើបានលើកឡើងផងដែរថា យើងត្រូវស្គាល់ខ្លួនឯងឱ្យច្បាស់ ហើយសិល្បករក៏ជាផែនមួយក្នុងការជំរុញសិល្បៈវប្បធម៌បុរាណឱ្យមានសន្ទុះខ្លាំងផងដែរ។ លោកថា លោករំពឹងថា កូនខ្មែរជាអ្នកបន្ដវេនអភិរក្សសិល្បៈវប្បធម៌ជាតិ នឹងធ្វើរឿងដែលនាំមោទនភាពជូនជាតិបែបនេះ ឱ្យបានច្រើនថែមទៀត៕
ទស្សនាវីដេអូ MV «វីរនារី» ខាងក្រោមនេះ៖