យោងតាមសេចក្ដីប្រកាសរឿង «ព្រះអនុរុទ្ធ ព្រះនាងឱស្យា» បានបញ្ជាក់ឱ្យដឹងថា ក្រុមការងារសម្ដែងបានសម្រេចកំណត់យកកាលបរិច្ឆេទសម្ដែងរឿងនេះជាថ្មីចំនួន ០២ ថ្ងៃ ជាប់គ្នា គឺនៅថ្ងៃទី៤ និងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ បន្ទាប់ពីមានការអាក់ខានសម្ដែងដោយសារបញ្ហារីករាលដាលនៃជំងឺកូវីដ-១៩។
ចំពោះពេលវេលានៃការសម្ដែងប្រព្រឹត្តទៅតាមកាលបរិច្ឆេទដូចតទៅនេះ៖
– ការសម្ដែងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ វេនទី១ នៅវេលាម៉ោង ២:០០ ដល់ ៣:៣០ នាទីរសៀល និងវេនទី២៖ វេលាម៉ោង ៦:០០ ល្ងាច ដល់ ៧:៣០ នាទីយប់ ។
-ការសម្ដែងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ សម្ដែងចាប់ពី វេលាម៉ោង ៣:០០ ដល់ ៤៣០ នាទីរសៀល និងបន្ថែមការសម្ដែងនៅម៉ោង ៦:០០ ល្ងាច ដល់ ៧:៣០ នាទីយប់ថែមទៀត។
ចំណែកសំបុត្រចូលទស្សនា ក្រុមការងារ នឹងរៀបចំប្តូរសំបុត្រជូនចាប់ថ្ងៃទី២៧ ខែវិច្ឆិកា ដល់ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ៨:៣០ នាទីព្រឹកដល់ម៉ោង ៥០០ នាទីល្ងាច នៅសាលមហោស្រពចតុម្មុខ។
ទោះជាបញ្ហារីករាលដាលនៃជំងឺកូវីដ-១៩ បានធ្វើឱ្យផ្ទាំងទស្សនីយភាពដ៏ល្អឯកមួយនេះត្រូវបានពន្យារពេលសម្ដែងម្ដងហើយម្ដងទៀត ប៉ុន្តែបងប្អូនប្រិយមិត្តជាអ្នកគាំទ្រនៅតែបន្តរង់ចាំយ៉ាងអន្ទះសារ ដូច្នេះពេលនេះជាពេលវេលាសមស្របមួយដែរហើយ ទើបក្រុមការងារបានសម្រេចចិត្តរៀបចំសម្ដែង របាំក្បាច់បុរាណ «ព្រះអនុរុទ្ធ ព្រះនាងឱស្យា» ទៅតាមកាលបរិច្ឆេទដូចជំរាបជូនខាងលើ។
ក្រុមការងារអតីតសិល្បករផ្នែករបាំព្រះរាជទ្រព្យបានសម្ដែងនូវក្ដីសោមនស្សរីករាយ និងដឹងគុណយ៉ាងក្រៃលែង បន្ទាប់ពីមើលឃើញបងប្អូនប្រជាពលរដ្ឋខ្មែរបង្ហាញក្ដីស្រលាញ់និងនៅតែគាំទ្រ ហើយទន្ទឹងរង់ចាំការសម្ដែងនូវផ្ទាំងទស្សនីយភាពរបាំក្បាច់បុរាណរឿង «ព្រះអនុរុទ្ធ ព្រះនាងឱស្យា» ជាបន្តទៀត ទោះជាកន្លងមកធ្លាប់ពន្យារពេលសម្ដែងម្ដងជាពីរដងក្ដី។
សូមជម្រាបត្រួសៗពីតំណាលសាច់រឿង «ព្រះអនុរុទ្ធ ព្រះនាងឱស្យា» យ៉ាងដូច្នេះ៖ ក្នុងនគរមួយមានស្តេចមួយអង្គព្រះនាមអនុរុទ្ធ គង់នៅនគរនរង្កាជាមួយព្រះអយ្យកោព្រះនាមច័ក្រគ្រឹត។ រីឯនៅនគរ មួយទៀតមានស្ដេចយក្សមួយអង្គព្រះនាមក្រុងពាន មានបុត ២អង្គ បុត្រីព្រះនាមឱស្សា មានរូបឆោមល្អស្អាត ឯបុត្រាមាន ព្រះនាមទសមុខ មានរូបឆោមកាត់រកបិតាជាយក្ស។ ថ្ងៃមួយព្រះអនុរុទ្ធបានចេញទៅក្រសាលសួន ក៏បានជួបនឹង កិន្នរ ដែលមកលេងក្នុងស្រះបោក្ខរណី ព្រះអង្គនាំពួកសេនាចែចង់លេងកម្សាន្ដ ពួកកិន្នរភ័យក៏នាំគ្នាហោះចេញទៅ ឯពួកសេនានាំ គ្នាដេញតាម ។ រីឯព្រះអនុរុទ្ធវិញ គង់ក្រសាលសួនមួយព្រះអង្គឯង ចាំសេនា វិលមកវិញ ក៏ផ្ទុំលង់លក់ក្រោមដើមជ្រៃទៅ។ ចំណែកទេវតាគង់ក្សារដើមជ្រៃកប្រមើលឃើញថា ព្រះអនុរុទ្ធ ជាគូនឹងព្រះនាង ឱស្សា ក៏ពរព្រះអនុរុទ្ធទៅដាក់ក្នុងតំណាក់របស់ព្រះនាងឱស្សា ហើយសេពមន្តចងមាត់ មិនឱ្យនិយាយរកគ្នាបាន។ ទាំងពីរព្រះអង្គកើនឡើទតឃើញគ្នា តែនិយាយរកគ្នាមិនរួច។ តើចំណងស្នេហារវាងព្រះអនុរុទ្ធ និងព្រះនាងឱស្សា កើតឡើងដោយរបៀបណា?
ចំពោះបងប្អូនដែលចង់ដឹងព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ទូរស័ព្ទលេខចំនួន៣ ខ្សែនេះ ៖ ០១២ ២៥០ ៥៥៦ / ០៨៦ ៤៣៤ ៤៥៦ / ០១២ ៧៣៨ ៨៧៨៕