នេះជាខួបលើកទី៥ នៃការដាក់បញ្ចូលចាប៉ីដងវែងក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០១៦-ថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១ នៅទីក្រុងអាឌីស អាបាបា ប្រទេសអេត្យូពី។ ឧបករណ៍ចាប៉ីដងវែង ត្រូវបានផ្សាភ្ជាប់ជាមួយទំនៀមទំលាប់ និងជំនឿរបស់ប្រជាពលរដ្ឋខ្មែរ ដែលឧបករណ៍ប្រើសម្រាប់លេងនៅក្នុងវង់ភ្លេងការ វង់ភ្លេងបុណ្យ និងវង់ភ្លេងមហោរីជាដើម។
ក្រៅពីនេះ ចាប៉ីដងវែង អាចប្រើសម្រាប់លេងកំដរអារម្មណ៍ ឬច្រៀង ឬពោលពាក្យពេចន៍សារសព្ទ កំណាព្យកាបឃ្លោងចុងជួននានា ដើម្បីបំពេរអារម្មណ៍អ្នកស្តាប់ ក្នុងគោលបំណងអប់រំផ្សេងៗផងដែរ។ ដោយក្នុងនោះ អ្នកដេញចាប៉ីនេះអាចច្រៀង ឬពោលកំណាព្យឱ្យអ្នកស្ដាប់លន្លង់លន្លោចទៅតាមសាច់រឿង។ សព្វថ្ងៃនេះ ក្នុងប្រទេសកម្ពុជា គេឃើញនៅមាននៅសល់អ្នកប្រាជ្ញផ្នែកចាប៉ីដងវែងមួយរូបប៉ុណ្ណោះគឺ លោកតា គង់ណៃ ដែលលោកមានវ័យចាស់ជរា និងមានជំងឺប្រចាំកាយថែមទៀតផង។ ក្រសួងវប្បធ៌ម និងវិចិត្រសិល្បៈបានចាត់ទុកព្រឹទ្ធាចារ្យ គង់ ណៃ ជាសម្បត្តិបេតិកភណ្ឌមនុស្សជាតិរបស់កម្ពុជា និងអង្គការ យូណេស្កូ ដោយសារទេពកោសល្យក្នុងការប្រើប្រាស់ ពាក្យពេចន៍ និងកេរ្ត៍ឈ្មោះល្បីល្បាញតាមរយៈចម្រៀងចាប៉ីដងវែងជាច្រើនទសវត្សរ៍មកហើយ។
យ៉ាងណាមិញ គេក៏ឃើញមានសិល្បករមួយចំនួនទៀត ដែលនិយមសម្ដែងសិល្បៈចាប៉ីដងវែង ដូចជា លោក ពេជ្រ សារ៉ាត់ លោក សាន វណ្ណឌឿន លោក ឌួង សុខគា ជាដើម។ ដោយឡែកបច្ចុប្បន្ននេះ ទម្រង់សិល្បៈចាប៉ីដងវែងត្រូវបានគេសម្គាល់ឃើញមានការបង្ហាញខ្លួនតាមរយៈកម្មវិធីធំៗដូចជា កម្មវិធីពិព័រណ៍ ឬមហោស្រព ជាជាងកម្មវិធីបុណ្យតាមភូមិតូចតាចនៅតាមទីជនបទទៅវិញ៕
ទស្សនាវីដេអូខាងក្រោមនេះ៖