តាមរយៈមហោស្រពរូបថតភ្នំពេញ ២០២១ លើកទី១២ នេះ គឺបានចាប់ផ្ដើមដាក់តាំងពិព័រណ៍ស្នាដៃរូបថតតាំងពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដល់ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ក្រោមការគោរពតាមគោលការណ៍របស់ក្រសួងសុខាភិបាល។ មហាជនអាចអញ្ញើញទៅទស្សនាស្នាដៃរូបថតរបស់សិល្បករអាស៊ី និងអ៊ឺរ៉ុប បាននៅទីតាំងសំខាន់ៗទាំង៣ រួមមាន វិចិត្រសាលនៃវិទ្យាស្ថានបារាំង នៅមជ្ឍមណ្ឌុលបុប្ផាណា និងនៅលើជញ្ជាំងរបស់ស្ថានទូតបារាំង។
ដោយឡែកនៅក្នុងឆ្នាំនេះ មាន៤ពិព័រណ៍ធំៗ ដែលបានដាក់តាំងបង្ហាញជូនសាធារណៈជន នៅក្នុងនោះមានសិល្បករខ្មែរចំនួន ២រូប ត្រូវបានសម្រិតសម្រាំងជ្រើសរើសស្នាដៃជាពិសេស។
១.សិល្បករ យូសុះ អាប់ឌុលរ៉ាស់ហ៊ីម បង្ហាញស្នាដៃអំពី«ទិដ្ឋភាពរង្វង់មូល»
សិល្បករមានអាយុ២៨ឆ្នាំ មកពីខេត្តកំពង់ចាម គឺជាម្ចាស់ស្នាដៃរូបថត «រង្វង់មូល ២០២០-២០២១»។ លោកបានបង្ហាញទស្សនៈនៃបង្កើតស្នាដៃនេះថា លោកចង់ឱ្យមហាជនអ្នកទស្សនានិងបានឃើញពីភាពមមាញឹកនៃរវង់មូល។ រូបថតរបស់លោកមានចំនួន១៤ផ្ទាំង ត្រូវបានជ្រើសឱ្យតាំងបង្ហាញក្នុងមហោស្របរូបថតភ្នំពេញ២០២១នេះ។ លោកបានបន្ដថា អស់រយៈពេលជាច្រើនខែមកនេះ លោកបានចំណាយពេលផ្ទាល់ខ្លួន ទៅចុះថតរូបភាពរង្វង់មូលនៅក្នុងរាជធានីភ្នំពេញ។ រូបភាពរបស់លោកមិនត្រឹមតែបង្ហាញពីទិដ្ឋភាពពីលើអាកាសនោះទេ តែវាក៏បានបង្កប់អត្ថន័យពីការអភិវឌ្ឍន៍ និងសុខសន្តិភាពរបស់ប្រទេស។ លោកបញ្ជាក់ថា រង្វង់មូលមិនមែនតែជាកន្លែងទីប្រជុំជននោះទេ ក៏ប៉ុន្ដែរចនាបទរបស់រង្វង់មូល ក៏បានបង្ហាញពីភាពស្រស់ស្អាត និងមានទម្រង់លក្ខណៈប្លែកខុសៗពីគ្នា។
២.សិល្បការិនី ឃ្លឹង បុណ្យរាជ្យ បង្ហាញស្នាដៃអំពី«សម្រោលឪពុកខ្ញុំ»
កញ្ញា ឃ្លឹង បុណ្យរាជ្យ បានជួបរឿងអកុសលមុនកញ្ញាបានតាំងបង្ហាញស្នាដៃ។ យុវវតីមកពីខេត្តបាត់ដំបង មានវ័យ២៦ឆ្នាំ លើយកស្នាដៃរូបថតក្រោមចំណងជើងថា «ស្រមោលឱពុករបស់ខ្ញុំ ២០២០»។ សិល្បការិនីរូបនេះ បានជួបរឿងអកុសលដោយសារឪពុកបានអនិជ្ជកម្មដោយសារជំងឺគ្រាប់ឈាម កាលពីកញ្ញាបានចូលសិក្សាថ្នាក់បរិញ្ញាបត្របាន២សប្តាហ៍។ រឿងរ៉ាវសោគសង្រែងនេះ បានបន្សល់ទុកនូវស្នាមដានអតីតកាលជាប់ជាស្រមោលតាមអន្ទោលប្រាណរបស់កញ្ញា។ កញ្ញាបានយកសម្លៀកបំពាក់របស់ឪពុកនាង មកស្លៀកសម្ដែងជាតួអង្គឪពុក ហើយបានចុះថតគ្រប់ទីកន្លែងដែលឪពុករបស់កញ្ញា បាននាំកញ្ញាទៅគ្រប់ទីកន្លែង។ អនុស្សាវរីយ៍ចាស់ៗ នៅតែបន្ដដិតដាមក្នុងក្ដីស្រម៉ៃរបស់កញ្ញា ឃ្លឹង បុណ្យរាជ្យ ជានិច្ច៕