« ល្បែងទាញព្រ័ត្រ» បានចុះជាសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិ ចុះបញ្ជីនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១។ ល្បែងប្រជាប្រិយខ្មែរមួយនេះ យុវជនខ្មែរទាំងបុរស ទាំងស្ត្រី និយមលេងក្នុងទេសកាលបុណ្យទាន ដូចជា ពិធីបុណ្យចូលឆ្នាំខ្មែរ អំឡុងខែចេត្រ និងខែពិសាខ។ ល្បែងនេះ គឺត្រូវប្រកួតប្រជែងដោយប្រើកម្លាំងកាយ។
យោងតាមឯកសារស្រាវជ្រាវរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានឱ្យដឹងថា ល្បែងប្រជាប្រិយខ្មែរនេះភាគច្រើនអ្នកស្រុកនិយមលេងនៅពេលថ្ងៃ ហើយគេចែកជា២ក្រុម ដែលម្ខាងៗមានចំនួនមនុស្ស ១០ នាក់ ឬលើសពីនេះ។ តាមទម្លាប់របស់អ្នកស្រុក គេប្រើខ្សែពួរប្រវែងជាង២០ហត្ថឡើងទៅ ទំហំប៉ុនកដៃ ហើយប្រើកម្លាំងក្នុងទាញទាំងសងខាង។ បើមានម្ខាងដួលរលំ នោះម្ខាងទៀតជាអ្នកឈ្នះ។ ល្បែងប្រជាប្រិយខ្មែរនេះបានផ្សារភ្ជាប់ ទៅនឹងប្រពៃណី និង វប្បធម៌ខ្មែរហើយអាចឃើញភស្តុតាងមានតម្លៃជាប្រវត្តិសាស្ត្រ តាមរយៈចម្លាក់នៅលើប្រាង្គប្រាសាទនានា ដែលនិយាយពីរឿងកូរសមុទ្រទឹកដោះ។
គួររំលឹកផងដែរថា កាលពី៦ឆ្នាំមុន “ល្បែងទាញព្រ័ត្រ” បានចូលក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅទីក្រុងវិនឌុក ប្រទេសណាមីប៊ី ដោយគណៈកម្មការអន្តររដ្ឋាភិបាលនៃអង្គការយូណេស្កូបានសម្រេចក្នុងសេចក្តីចុះ« ល្បែងទាញព្រ័ត្រ» ចូលក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ តាមការស្នើពីប្រទេសចំនួន៤ សុំចុះល្បែងទាញព្រ័ត្រចម្រុះជាតិសាសន៍ដែលក្នុងនោះមានប្រទេសកម្ពុជា សាធារណរដ្ឋកូរ៉េ វៀតណាម និងហ្វីលីពីន៕